អ៊ឺរ៉ូ២០១៦៖ អង់គ្លេស យក​ឈ្នះ​ក្រុម​ប្អូន​ឯង នៅ​ចុង​ម៉ោង ២-១

ដោយសារបាល់មួយគ្រាប់ របស់កីឡាករ «Sturridge» នៅនាទីទី៩២ បានធ្វើឲ្យក្រុមជម្រើសជាតិ អង់គ្លេស ឈ្នះ​ដោយ​ពិន្ទុ​២ទល់​នឹង១ លើក្រុម វៀល្ស៍ (Wales) ដែលជាក្រុមជម្រើសជាតិមួយ មកពីភាគខាងលិច​ក្នុង​ចក្រភព​អង់គ្លេស។ ជា​លទ្ធផល ក្រុម​អង់គ្លេស​ទទួល​បាន​បួនពិន្ទុ ហើយបានឡើងទៅឈរ នៅលំដាប់ថ្នាក់​លើ​គេ បន្ទាប់ពីការ​ប្រកួត​ជុំទីពីរ នៃវគ្គជម្រុះ​សម្រាប់​ពូល B នេះ ត្រូវបានបញ្ចប់។
អ៊ឺរ៉ូ២០១៦៖ អង់គ្លេស យក​ឈ្នះ​ក្រុម​ប្អូន​ឯង នៅ​ចុង​ម៉ោង ២-១
កីឡាករ «Sturridge» រកគ្រាប់បាល់​នៅនាទីទី៩២ បានធ្វើឲ្យក្រុមជម្រើសជាតិ អង់គ្លេស ឈ្នះដោយពិន្ទុ​២ទល់​នឹង១ លើក្រុម វៀល្ស៍។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 20, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមពិតទៅ ការប្រកួតនៅក្នុងពាក់កណ្ដាលម៉ោងដំបូង បានផ្អៀងទៅរកក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ជា​អាណាចក្រមួយ ស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស តែមានប្រព័ន្ធកីឡា ឯករាជ្យ​ដោយ​ខ្លួន​ពី​អង់គ្លេស) ហើយកីឡាករ «Gareth Bale» ដ៏ល្បីឈ្មោះ ដែលកំពុងទាត់ឲ្យក្រុម «Real Madrid» សព្វថ្ងៃ បាន​រក​គ្រាប់​បាល់​ពិន័យ ទាត់ពីចំងាយ នៅនាទីទី៤២ ឲ្យដល់ក្រុមខ្លួនបានមួយគ្រាប់ នាំមុខក្រុមអង់គ្លេសនោះផង។

ប៉ុន្តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមអង់គ្លេសបានត្រឡប់ចូល មកក្នុងការប្រកួតវិញ ដោយបើកការ​ប្រយុទ្ធ​យ៉ាង​សន្ធាប់ ទៅលើក្រុម វៀល្ស៍ រហូតដល់នាទីទី៥៦ កីឡាករ «Vardy» របស់អង់គ្លេស បានរកបានមួយគ្រាប់ យក​ស្មើជា​មួយក្រុមប្អូន របស់ខ្លួនបានវិញ។ គ្រាប់បាល់នេះ បានរងការរិះគន់ថា ជាគ្រាប់បាល់«ចង់មុង» របស់​កីឡាករ «Vardy» ដែលទើបនឹងចូល ទៅជំនួសកីឡាករ «Kane» នៅនាទីទី៤៦។

ការប្រកួតនៅបន្ត ហើយក្រុមវៀល្ស៍ ក៏នៅតែបន្តធ្វើការការពារដ៏រឹងមាំដដែល ក្នុងបំណងចង់ទុក​ឲ្យការ​ប្រកួត​នេះ នៅត្រឹមលទ្ធផលស្មើគ្នា ដោយសារអវត្តមាននៃប្រសិទ្ធិភាព របស់ខ្សែប្រយុទ្ធបស់ក្រុមនេះ។

ប៉ុន្តែក្រុមអង់គ្លេស មិនបានគិតដូច្នេះទេ និងរឹតតែមិនត្រូវគិតដូច្នេះទៀត ព្រោះលទ្ធផលស្មើ បានធ្វើឲ្យ​ក្រុម​អង់គ្លេស នៅឈរត្រឹមតែចំណាត់ថ្នាក់លេខបី (បានពីរពិន្ទុ) ខណៈក្រុមវៀល្ស៍ នឹងទទួលបាន៤ពិន្ទុ ហើយ​ឈរ​នៅ​លើ​គេ​បង្អស់ នៃពូល B។ ដូច្នេះហើយ ការវាយលុករបស់ក្រុមអង់គ្លេស នៅបន្តធ្វើរហូតដល់ម៉ោង​ចុង​បញ្ចប់ ដើម្បីអនុញ្ញាតឲ្យកីឡាករ «Sturridge» រកគ្រាប់បាល់បានមួយគ្រាប់ទៀត នៅនាទីទី៩២។ គ្រាប់បាល់​នេះ បង្ក​ភាព​ចុកចាប់​មិន​តិច​ទេ ដល់ក្រុមវៀល្ស៍។

លទ្ធផលជាស្ថាពរ បន្ទាប់ពីការប្រកួតទាំងពីរលើក នៅក្នុងជុំទីពីរ នៃវគ្គជម្រុះ សម្រាប់ពូល B៖ ក្រុមអង់គ្លេស​ទទួលបានបួនពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខមួយ - ក្រុមស្លូវាគីទទួលបានបីពិន្ទុ និងរកគ្រាប់បាល់​បាន​ច្រើន​ជាង ឈរនៅលេខរៀងទី២ - ក្រុមវែល ទទួលបានបីពិន្ទុ តែរកគ្រាប់បាល់បានតិចជាង ឈរនៅលេខរៀង​ទី៣ ខណៈក្រុមរ៉ូស្ស៊ី ពីរប្រកួតស្មើម្ដងចាញ់ម្ដង ទទួលបានតែមួយពិន្ទុ ឈរនៅលេខរៀងចុងគេបង្អស់។

យ៉ាងណា ក្រុមទាំងបួននៅក្នុងពូល B មិនមានភាពខុសគ្នាខ្លាំង ហើយមិនទាន់មានក្រុមណាមួយ អាចឡើង​ទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិបាននៅឡើយ។ នៅជុំទីបី ដែលនឹងធ្វើការប្រកួត នៅ​យប់​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ នឹងមានក្រុមណាមួយក្អួតឈាម ព្រោះត្រូវជម្រុះចេញជាស្ថាពរ ពី«អ៊ឺរ៉ូ២០១៦» បើក្រុមនោះ​នៅតែ​មាន​ចំណាត់​ថ្នាក់ ឬធ្លាក់មកនៅចំណាត់ ថ្នាក់លេខ៤៕

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...