បាល់ទាត់ពិភពលោក៖ អ៊ុយរូហ្គាយបំបាក់ម្ចាស់ពានអ៊ឺរ៉ុប ឡើងទៅជួបបារាំង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 30, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីវគ្គនេះតទៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ លែងបានឃើញ កំពូលកីឡាករពិភពលោក ទាំងពីរនាក់នេះទៀតហើយ។ បន្ទាប់ពីកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលត្រូវបានជម្រុះចេញ កាលពីប៉ុន្មានម៉ោងមុន ជាមួយក្រុម អាហ្សង់ទីន របស់ខ្លួន ដោយសារប្រកួតចាញក្រុម បារាំង ដោយគ្រាប់បាល់ ៣-៤ នោះ នៅពេលនេះ ដល់វេនកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ម្ដង ដែលត្រូវវេចបង្វិចត្រឡប់ទៅផ្ទះ ក្រោយពីក្រុម ព័រទុយហ្គាល់ បានប្រកួតចាញ់ក្រុម អ៊ុយរូហ្គាយ ដោយគ្រាប់បាល់ ១-២។
ក្រុម ព័រទុយហ្គាល់ ដែលជាម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០១៦ បានដួលបះជើង នៅចំពោះក្រុម អ៊ុយរូហ្គាយ ដែលត្រូវបានបើកផ្លូវ ដោយគ្រាប់បាល់ ពីរគ្រាប់តែឯង របស់កីឡាករ អេឌីសុន កាវ៉ានី (Edinson Cavani) នៅនាទីទី ៧ និងនាទីទី ៦២។ ប៉ុន្តែគួរឲ្យស្ដាយ ដែលខ្សែប្រយុទ្ធ ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស រូបនេះ បានចាកចេញពីការប្រកួត នៅចុងបញ្ចប់ម៉ោង បន្ទាប់ពីមានអារម្មណ៍ ពីការចុកចាប់នៅនឹងកំភួនជើង ខាងឆ្វេងរួចមក។
ក្រុម ព័រទុយហ្គាល់ បានព្យាយាមវាយសម្រុក ជាច្រើនដង ដើម្បីរកគ្រាប់បាល់មកវិញ តែទទួលលទ្ធផលបានតែម្ដងប៉ុណ្ណោះ។ នោះ គឺជាគ្រាប់បាល់ ដែលប្រើក្បាលរបស់កីឡាករ «Pepe» នៅនាទីទី៥៥។ ក្រៅពីនោះ បរាជ័យរបស់ក្រុម ព័រទុយហ្គាល់ ជារូបភាពតំណាងឲ្យកំពូលកីឡាករ រ៉ូណាល់ដូ ដែលពេញមួយប្រកួត ហាក់មិនបានបញ្ចេញសកម្មភាពអ្វី គួរឲ្យមានគ្រោះថ្នាក់ សម្រាប់ក្រុម អ៊ុយរូហ្គាយ នោះឡើយ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម បារាំង និងក្រុម អាហ្សង់ទីន៖
ក្រុម អ៊ុយរូហ្គាយ នឹងត្រូវជួបក្រុម បារាំង នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ខែកក្កដាខាងមុខ។ ក្រុមមាន់គកបារាំង ដែលបានបំបាក់ក្រុម អាហ្សង់ទីន ដែលជាជើងឯករង នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ជាមួយគ្រាប់បាល់ ៤-៣៕