រៀលម៉ាឌ្រីត ភ័យព្រលឹងចុងសក់នៅចំពោះចម្បាំងវាយបករបស់ក្រុមជូវេនទូស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ មេសា ២០១៨
- កែប្រែចុងក្រោយ: April 12, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេថាក្រុម ជូវេនទូស (Juventus - អ៊ីតាលី) គឺជាខ្លាចាស់ ពិតជាមិនខុសទេ! ទោះជាប្រកួតចាញ់ ក្រុមរៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បីគ្រាប់ នៅក្នុងផ្ទះរបស់ខ្លួន ឯក្រុងទូរ៉ាំង (Turin) កាលពីសប្ដាហ៍កន្លងទៅនោះហើយក្ដី តែនៅយប់នេះ ក្រុមអ៊ីតាលី ដែលមានរហស្សនាម «ស្ត្រីចំណាស់» បានបើកការប្រយុទ្ធ ប្រកបដោយវិន័យ និងយុទ្ធសាស្ត្រយ៉ាងចាស់ដៃ ដើម្បីយកជ័យជំនះ លើក្រុម រៀលម៉ាឌ្រីត នៅក្នុងកីឡដ្ឋាន «Santiago-Bernabéu» ដែលជាផ្ទះរបស់ក្រុមរៀល នៅក្នុងការប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨។
គ្រាន់តែចូលប្រកួត បានពីរនាទី ខ្សែប្រយុទ្ធក្រុម ជូវេនទូស កីឡាករ «Mario Mandžukić» បានរកគ្រាប់បាល់បានមួយភ្លាម។ ហើយកីឡាករ «Mario Mandžukić» ដដែលនេះ ក៏រកបានគ្រាប់បាល់មួយទៀតដែរ នៅនាទីទី ៣៧ ធ្វើឲ្យក្រុមជូវេនទូស ឈ្នះនាំមុខដល់ទៅ២ពិន្ទុ នៅក្នុងពាក់កណ្ដាលម៉ោងទីមួយ។ ត្រឡប់ចូលមកក្នុងពាក់កណ្ដាលម៉ោងទីពីរ គឺកីឡាករ «Blaise Matuidi» ដែលទើបនឹងផ្ទេរមក ពីក្រុម ប៉ារីស កាលពីដើមរដូវកាលនេះ បានរកបានមួយគ្រាប់ទៀត នៅនាទីទី៦១ ធ្វើឲ្យក្រុមជូវេនទូស រកគ្រាប់បាល់នៅលើទឹកដី របស់ក្រុមរៀល បាន៣គ្រាប់ ស្មើនឹងពិន្ទុរបស់ក្រុម រៀល ដែលរកបានកាលពីសប្ដាហ៍មុន។
ផ្ទុយទៅវិញ នៅពេញទាំង៩០នាទី ក្រុមរៀលម៉ាឌ្រីត ដែលអវត្តមានខ្សែការពារដ៏សំខាន់ គឺកីឡាករ «Sergio Ramos» នោះ មិនអាចរកចន្លោះ ឬអាចទម្លាយសំណាញ់ ខ្សែការពារដ៏រឹងមាំរបស់ក្រុម ជូវេនទូស បានឡើយ ជាពិសេស បើសិនជាកីឡាករ របស់ក្រុមរៀល បានទាត់បញ្ចូលទី បានល្អយ៉ាងណា តែកីឡាករចាំទី របស់ក្រុមអ៊ីតាលី គឺកីឡាករ ជីជី ប៊ូហ្វុង (Gianluigi Buffon) ដែលពោរពេញដោយបទពិសោធន៍ បានទះ ឬចាប់បាល់ទាំងនោះ ដោយគ្មានបារម្ភអ្វីទាំងអស់។
ក្រុមរៀល ត្រូវរង់ចាំរហូតដល់នាទី ទី៩០ + ៣ ទើបខ្សែការពាររបស់ក្រុម ជូវេនទូស បានបង្កកំហុសដ៏តូចមួយ តែគ្រប់គ្រាន់នឹងឲ្យអាជ្ញាកណ្ដាល ផ្លុំកញ្ចែរឲ្យទាត់បាល់ពិន័យ ១១ម៉ែត្រ ដែលទាត់បានសម្រេច ដោយកំពូលកីឡាករ ម្ចាស់បាល់មាសច្រើនជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ធ្វើឲ្យក្រុមរៀល រកបានមួយគ្រាប់ នៅនាទីទី ៩០ + ៨។ នៅមុននេះបន្តិច កីឡាករចាំទី ជីជី ប៊ូហ្វុង ត្រូវបានបណ្ដេញចេញពីការប្រកួត ដោយសារបានរុញ ឬបុកអាជ្ញាកណ្ដាល ដោយចេតនា ព្រោះកីឡាករចាំទីរូបនេះ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ទល់នឹងការសម្រេចរបស់អាជ្ញាកណ្ដាល ឲ្យក្រុម រៀល ទាត់បាល់ពិន័យនេះ។
ទោះបីបានប្រកួតចាញ់ នៅលើទឹកដីរបស់ខ្លួន ១-៣ យ៉ាងអាម៉ាសដូច្នេះក្ដី តែនៅទីបំផុត ក្រុមរៀលម៉ាឌ្រីត នៅតែបានឡើង ទៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ជាមួយនឹងក្រុមបីផ្សេងទៀត ដោយសារគ្រាប់បាល់ បីគ្រាប់របស់ខ្លួន ៣-០ ដែលរកបាននៅលើទឹកដី ក្រុម ជូវេនទូស (ពិន្ទុសរុប ៤-៣)។ អាចចាត់ទុក ជាជោគជ័យមួយ សម្រាប់ក្រុមរៀល តែជាជ័យជំនះ ទាំងភ័យព្រលឹងចុងសក់៕
» ទស្សនាវីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖