នីហ្សេរីយ៉ា៖ ការប្រយុទ្ធគ្នាដ៏ខ្លាំង ធ្វើអោយមនុស្ស១៨៥នាក់ស្លាប់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រយុទ្ធគ្នា រវាងកងទ័ពប្រទេសនីហ្សេរីយ៉ាង និងក្រុមឧទ្ទាម អ៊ីស្លាមនិយមជ្រុល នៅក្នុងតំបន់មួយផ្នែកឦសាននៃប្រទេស ដែលធ្វើអោយមនុស្សស្លាប់ជាង១៨៥នាក់។
ភូមិមួយ ដែលត្រូវបានពង្រាបដោយ ការប្រយុទ្ធដ៏ខ្លាំងក្លា។
លោកឡាវ៉ាន កូឡេ (Lawan Kole,) អ្នកទទួលខុសត្រូវម្នាក់នៃរដ្ឋាភិបាល ប្រចាំតំបន់បាហ្គា បាននិយាយថាកាលពីថ្ងៃអាទិត្យទី២១នេះ ថាការជួបប្រយុទ្ធគ្នានេះ បានកើតឡើងនៅយប់ថ្ងៃសុក្រ ហើយមានរយៈពេលជាច្រើនម៉ោង។
លោកបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១៨៥នាក់ បានស្លាប់ និងត្រូវបានយកទៅកប់។ លោកបានបន្ថែមថា គេនៅបន្តស្វែងរកសាកសព ជាបន្តទៅទៀតនៅឡើយ។
មេបញ្ជាការកងទ័ពលោក អូស្ដាំង អេដូកប៉ាយ៉េ (Austin Edokpaye) បានជូនដំណឹងទៅអ្នកទទួលខុសត្រូវ នៅក្នុងរដ្ឋប៉ូណូ (Borno) ថា ក្រុមឧទ្ទាមអ៊ីស្លាមនិយមជ្រុលទាំងនោះ បានប្រើប្រាស់កាំភ្លើងធុនធ្ងន់ និងគ្រាប់ផ្តក់ បាញ់ចេញពីកាណុងធំៗទៅ។
បើតាមលោកមេបញ្ជាការ ក្រុមអ៊ីស្លាមនិយមជ្រុលទាំងនោះ បានប្រើប្រាស់ជនស៊ីវីល ដើម្បីជារនាំងនៅក្នុងការប្រយុទ្ធគ្នានោះ ដែលធ្វើអោយគេជឿថា កងទ័ពបានបើកការបាញ់រះទៅលើ ភូមិស្រុកដែលមានប្រជាជនសមញ្ញរស់នៅ។
តាំងពីឆ្នាំ២០១០មក ប្រទេសនីហ្សេរីយ៉ា បានធ្លាក់ចូលក្នុងអំពើវាយប្រយុទ្ធគ្នា យ៉ាងហឹង្សា នៅក្នងតំបន់ខាងជើងនៃប្រទេស ដែលមានបណ្ដាជនរស់នៅភាគច្រើន ជាអ្នកកាន់សាសនាអ៊ីស្លាម៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ