ហ្វឺកឺសិន ផ្ទុះកំហឹង ពេលឃើញ ដេវិដ ល្វីស ញញឹម
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) បាននិយាយថាកីឡាករ ដេវិដ ល្វីស (David Luiz) បានធ្វើសកម្មភាពបន្លំភ្នែក ដើម្បីឲ្យអាជ្ញាកណ្តាលបណ្តេញ រ៉ាហ្វាអែល (Rafael) ចេញពីការប្រកួត។
លោកហ្វឺកឺសិន ឆ្ងោកមុខ ទំនងជាអន់ចិត្តនឹងលទ្ធផលផង និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផង។
ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ល្វីស បានប៉ះទង្គិចគ្នាជាមួយជនរួមជាតិប្រេស៊ីល រ៉ាហ្វាអែល នៅចុង ម៉ោងនៃការប្រកួត ខណៈដែលក្រុម ឆែលស៊ី យកឈ្នះក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដោយលទ្ធផល ១-០ កាលពីយប់ម៉ិញ។
ហេតុការណ៏បានកើតឡើង បន្ទាប់ពីខ្សែការពារស្លាបស្តាំ ម៉ែនញូ ទាត់បាល់ខុស តែបែជាត្រូវជើង ដេវ៊ីដ ល្វីស ពេញទំហឹងពីក្រោយ ហើយ ល្វីស ក៏បានដួលទំនងជាឈឺចុកចាប់ខ្លាំង។ បន្ទាប់មក លោក អាជ្ញាកណ្តាលក៏បានលើកកាតក្រហមឲ្យ រ៉ាហ្វាអែល ខណៈដែលកាម៉េរ៉ា ចាប់បានសកម្មភាព កីឡាករ ល្វីស បញ្ចេញស្នាមញញឹមទៅវិញ ទាំងខ្លួនកំពុងតែដេកដួលនោះ។
គ្រូបង្វឹកក្រុម ម៉ែនញូ លោក ហ្វឺកឺសិន បាននិយាយថា «រ៉ាហ្វាអែល គាត់ដូចជាច្រឡោតបន្តិចមែន ប៉ុន្តែ ល្វីស បែជាធ្វើសកម្មភាពបន្លំភ្នែកអាជ្ញាកណ្តាល។ ការញញឹមរបស់ ល្វីស ជាទង្វើដ៏អាក្រក់។ តើគាត់សមជាកីឡាករអាជីព ដែរទេ?»
គ្រូបង្វឹកវ័យ ៧១ឆ្នាំរូបនេះ បានបន្តថា «លោក អាជ្ញាកណ្តាលគួរតែធ្វើអ្វីម្យ៉ាង ចំពោះទង្វើនេះ ហើយខ្ញុំពិតជាខឹងខ្លាំងណាស់។ គាត់ជាកីឡាករម្នាក់លេងក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប និងតំបន់អាមេរិកខាងត្បូង តែបែជាធ្វើទង្វើមិនគប្បី។ រ៉ាហ្វាអែល គាត់នៅវ័យក្មេង មានចិត្តឆេវឆាវ ប៉ុន្តែវាក៏មិនមែនជាអំពើហឹង្សានោះដែរ។»
ខ្សែបម្រើ ចន ម៉ាតា (Juan Mata) បានទាត់បាល់ ទៅប៉ះនឹងកីឡាករ ផីល ចូន (Phil Jones) ចូលទីបានសម្រេចនៅនាទី ទី៨៧ ហើយជួយឲ្យ ឆែលស៊ី កាន់តែក្តីសង្ឃឹមខ្ពស់ ក្នុងការទៅលេង ឆែមពានលីក (Champions League) នៅរដូវកាលក្រោយ។
គ្រូបង្វឹកបណ្តោះអាសន្នក្រុម ឆែលស៊ី លោក រ៉ាហ្វាអែល បេនីតេស (Rafael Benitez) ក៏បានលើកឡើងដែរថា សកម្មភាពនោះ ពិតជាមិនសមឲ្យកាតក្រហមមែន។ ប៉ុន្តែនោះជាការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ហើយយើងដឹងត្រឹមតែ ជាថ្ងៃដ៏ល្អសំរាប់យើង។
លោក បាននិយាយថា «ការយកឈ្នះក្រុមម្ចាស់ជើងឯកថ្មី ម៉ែនញូ វាមិនមែនជារឿងងាយស្រួលនោះទេ។ ហើយក្រុមរបស់យើងក៏លេងមិនបានឥតខ្ចោះនោះដែរ ប៉ុន្តែយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះពួកគេបាន៕»
សូមទស្សនាវីដេអូ ខាងក្រោយនេះដូចតទៅ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ