ទីក្រុងព្យុងយ៉ាង សុំសេអ៊ូលបញ្ឈប់ការ«បង្កហេតុ»តាមផ្លូវយោធា
ប្រទេសកូរ៉េខាងជើង បានសុំទៅបងប្អូនគូរសត្រូវរបស់ខ្លួន ឲ្យបញ្ឈប់នូវរាលសកម្មភាពបង្កហេតុ តាមផ្លូវយោធា ប្រសិនបើចង់អោយតំបន់ឧស្សាហកម្ម កាអេស៊ុង (Kaesong) មានដំណើរការជាធម្មតាឡើងវិញ។ តំបន់ឧស្សាហកម្មនេះ ត្រូវបានផ្អាកសកម្មភាពតាំងពីភាពតានតឺង បានកើនឡើងនៅក្នុងឧបទ្វីបកូរ៉េកន្លងមក។
ផ្លូវឆ្ពោះទៅកាន់តំបន់ឧស្សាហកម្ម កាអេស៊ុង។
ប្រសិនបើកូរ៉េខាងត្បូង ខ្វាយខ្វល់ពិតមែន ពីអនាគតរបស់ កាអេស៊ុងនោះ ប្រទេសនេះត្រូវចាត់វិធានការ ដើម្បីបញ្ឈប់នូវរាល់សកម្មភាពអមិត្ត និងការបង្កហេតុតាមផ្លូវយោធា ដែលសុទ្ធសឹងជាមូលហេតុធ្វើឲ្យមានស្ថានភាពដូចសព្វថ្ងៃ។ នេះជាការប្រកាសរបស់អ្នកនាំពាក្យ នៃគណកម្មាធិការការពារជាតិ ដែលជាសេនាធិការដ្ឋានដ៏សំខាន់មួយ របស់របបកុម្មុយនីស និងដឹកនាំដោយអគ្គមគ្គុទេសវ័យក្មេង គីម ជុងអ៊ុន (Kim Jong-Un)។
ដកស្រង់សម្ដីដោយ ភ្នាក់ងារព័ត៌មានផ្លូវការរបស់របប (KCNA) អ្នកនាំពាក្យរូបនោះ បានបន្ថែមថា «បញ្ឈប់នូវកាយវិការទាំងនេះ នឹងជាជំហានមួយ ដើម្បីបើកឡើងវិ នូវចរាចរណ៍ ខ្សែទំនាក់ទំនង និងដំណើរការជាធម្មតា សម្រាប់តំបន់ឧស្សាហកម្ម កាអេស៊ុង»។
តាំងពីថ្ងៃទី៣ខែមេសាមក ប្រទេសកូរ៉េខាងជើង បានហាមពលរដ្ឋកូរ៉េខាងត្បូង មិនចូលទៅក្នុងតំបន់ឧស្សាហកម្មនេះ ដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ផ្នែកខាងត្បូង ចម្ងាយប្រមាណជា ១០គីឡូម៉េត្រពីព្រំដែន។ នៅថ្ងៃទី៨ខែមេសា បុគ្គលិកកម្មករប្រមាណជាជាង៥៣ពាន់នាក់ ត្រូវបានដកចេញពីតំបន់នោះ ខណៈពេលដែលភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង បណ្ដាលមកពីការគម្រាមនូវការវាយប្រហារនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់ប្រទេសនេះ។
ដូចគ្នានេះដែរ កាលពីសប្ដាហ៍មុន ប្រទេសកូរ៉េខាងត្បូង ក៏បានដកបុគ្គលិកកម្មករជាជនជាតិខ្លួន ចំនួន៨៥០នាក់ ពីតំបន់នោះដែរ។
តំបន់ឧស្សាហកម្ម កាអេស៊ុង ត្រូវបានបង្កើតឡើង នៅក្នុងរង្វង់នៃចំណងការទូត«កាំរស្មីព្រះអាទិត្យ» ដែលនាំមុខដោយប្រទេសកូរ៉េខាងត្បូង រវាងពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០០៨ ដើម្បីជម្រុញឲ្យមានកាន់តែខ្លាំងឡើង នូវទំនាក់ទំនងរវាងប្រទេសបងប្អូនគូរសត្រូវទាំងពីរ ដែលនៅតែប្រឈមមុខដាក់គ្នាតាំងពី សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣នោះមក។ ប្រទេសទាំងពីរមិនបានចុះកិច្ចព្រមព្រៀងសន្តិភាពអ្វីមួយ ដើម្បីបញ្ឈប់សង្គ្រាមនេះទេ តែនៅពេលនោះ គ្រាន់តែបានចុះសន្ធិសញ្ញាផ្អាកការឈប់បាញ់គ្នាប៉ុណ្ណោះ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ