ម៉ាឡេស៊ី៖ សម្ព័ន្ធភាព«ចាស់វស្សា»ទទួលជ័យជំនះជាថ្មី ក្នុងការបោះឆ្នោត (VDO)
សម្ព័ន្ធភាពនយោបាយ«ចាស់វស្សា» បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃអាទិត្យទី០៥ខែឧសភានេះ ហើយនឹងបន្តអំណាចរបស់ខ្លួន ដែលមានអាយុតាំងពី៥៦ឆ្នាំមកហើយ។ ជាជ័យជំនះលើកទី១៣បន្តបន្ទាប់គ្នា បើទោះជាគណបក្សប្រឆាំងក្នុងពេលនេះ ដូចជាមានសន្ទុះខ្លាំងជាពេលណាៗក៏ដោយ។
លោកណាជីប រ៉ាចាក នាយករដ្ឋមន្ត្រីផុតតំណែង តែជាប់ឆ្នោតជាថ្មី។
យុទ្ធនាការឃោសនាបោះឆ្នោតដ៏សែនពិបាកបានកន្លងផុត ប៉ុន្តែទីបំផុតទៅ និងជាលទ្ធផល គណបក្សរណសិរ្យជាតិបានទទួលជ័យជំនះជាថ្មីទៀត និងនៅតែកាន់អំណាច រាប់តាំងពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៥៧នោះមក។
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេស បានរាយការណ៍ថា គណបក្សរណសិរ្យជាតិ របស់នាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាចាក (Najib Razak) ទទួលបានកៅអីចំនួន១២៧ ពីក្នុងចំណោម២២២កៅអីនៅសភាតំណាងរាស្ត្រ ទល់នឹងគណបក្សប្រឆាំងដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) បានទទួលតែ៧៧កៅអីប៉ុណ្ណោះ។
នៅក្នុងនាទីជាបន្តបន្ទាប់ ក្រោយការប្រកាសជ័យជំនះរបស់គណបក្សកាន់អំណាច មនុស្សរាប់សិបពាន់នាក់ ដែលស្និតនឹងគណបក្សប្រឆាំង បាននាំគ្នាផ្លាស់ប្ដូរូបថតគណនីរបស់ខ្លួន នៅលើបណ្ដាញហ្វេសប៊ុក ទៅជាពណ៌ខ្មៅទាំងអស់ ដើម្បីបង្ហាញនូវការជំទាស់របស់ពួកគេ។
គណកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងទៀតថា បណ្ដាជនម៉ាឡេស៊ីជាង១០លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាពលរដ្ឋចេញទៅបោះឆ្នោត ត្រូវជា៨០%នៃចំនួនពលរដ្ឋដែលអាចបោះឆ្នោតបាន ប្រមាណជា១៣លាននាក់។
ក្នុងរយៈពេល៥ឆ្នាំទៅមុខនេះ គណបក្សរណសិរ្យជាតិ នឹងមានសម្លេង និងសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការអនុម័ត្រច្បាប់ ឬដឹកនាំប្រទេស ដោយសារតែក្រុមគណបក្សប្រឆាំងទទួលបានសម្លេងរួមគ្នា មិនគ្រប់ចំនួនកៅអីដើម្បីជំទាស់ផងនោះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គណបក្សកាន់អំណាច នៅក្នុងរយៈពេលចុងក្រោយនេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងដែនអំណាចគ្រប់គ្រងប្រទេស និងរឿងអាស្រូវជាច្រើនរបស់ខ្លួន។
នាយករដ្ឋមន្ត្រីផុតតំណែង តែទើបនឹងជាប់ឆ្នោតជាថ្មីនេះ លោក ណាជីប រ៉ាចាក បានឡើងមកកាន់អំណាចក្នុងឆ្នាំ២០០៩ ហើយលោកបានបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតយ៉ាងខ្លាំងក្លាមួយ។ ក្នុងប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរបានចុះទៅចែកប្រាក់អំណោយទៅកាន់គ្រួសារខ្សត់ខ្សោយជាច្រើន ហើយថែមទាំងបានប្រើប្រាស់បណ្ដាញផ្សព្វផ្សាយ ដើម្បីវាយប្រហារលើគណបក្សប្រឆាំងថែមទៀត៕
សូមទស្សនាវីដេអូ ដែលជារបាយការណ៍របស់ បណ្ដាញទូរទស្សន៍ប៊ីប៊ីស៊ី ដូចខាងក្រោម៖
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ