អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

បន្ទាប់ពី ត្រូវបានតាំងតែង ឲ្យក្លាយជាអ្នកនាំពាក្យប្រចាំ គ.ជ.ប នៅក្នុងអង្គប្រជុំផ្ទៃក្នុងនោះរួចមក អតីតប្រធានអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធ នឹងការបោះឆ្នោត លោក ហង្ស ពុទ្ធា បានចេញមកថ្លែង អះអាងជាលើកដំបូង អំពីដំណើរការ របស់គ.ជ.ប ថ្មី ថានឹងត្រូវចាប់ផ្ដើម នៅថ្ងៃសុក្រខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 23, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មី របស់ គ.ជ.ប បានបញ្ជាក់ថា សមាជិកទាំង៩ កំពុងពិនិត្យលើព្រះរាជក្រិត្យ ក្នុងការ​រៀប​ចំ​រចនាសម្ព័ន្ធរបស់ គ.ជ.ប។ ដោយឡែកសម្រាប់ អគ្គលេខាធិការ និងអគ្គលេខាធិការរង លោកថា នៅមិន​ទាន់​ពិភាក្សា​គ្នា នៅឡើយ។ សម្រាប់លទ្ធផលជាផ្លូវការ គឺការតែងតាំងអ្នកនាំពាក្យប្រចាំ គ.ជ.ប ថ្មីនេះ តែម្តង និងសេចក្តី​ព្រាង​ព្រះ​រាជ​ក្រិត្យ​នៃក្រមខណ្ឌមន្រ្តីរាជការរបស់ គ.ជ.ប។

ការថ្លែងរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាផ្ទៃក្នុង អស់រយៈពេលពីរថ្ងៃមកហើយ សម្រាប់​ស្ថាប័ន គ.ជ.ប ថ្មី ដែលត្រូវបានអង្គព្រះមហាក្សត្រ ផ្តល់សុពលភាព ទៅលើសមាជិកទាំង ៩ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ និង២២ ខែមេសា ដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប មកពី​គណបក្ស​សង្គ្រោះជាតិ ហើយបានសង្កត់ធ្ងន់ ទៅលើការរៀបចំ រចនាសម្ព័ន្ធ និងធ្វើការជ្រើសរើស អ្នកនាំពាក្យ អគ្គលេខាធិការ អគ្គ​លេខាធិការរង ប្រធាននាយកដ្ឋាន រួមទាំងជំនួយការប្រធាន និងអនុប្រធាន គ.ជ.ប ថ្មីនេះ។

សម្រាប់ការងារ នៃកិច្ចដំណើរការរបស់ គ.ជ.ប ថ្មី យ៉ាងណានោះ អ្នកនាំពាក្យលោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាង​ដូច្នេះ​ថា៖ «សមាជិកទាំងអស់របស់ គ.ជ.ប កំពុងតែធ្វើការពិគ្រោះយោបល់ និងធ្វើការយកចិត្តទុកដាក់ ពិនិត្យលើមាត្រា និង​ជំពូក​នីមួយៗ យ៉ាងម៉ត់ចត់។ (…) គ.ជ.ប នឹងធ្វើការគិតគូរជាបន្ត ទៅលើការចុះឈ្មោះ អ្នកបោះឆ្នោត។ នៅថ្ងៃសុក្រ​ខាង​មុខនេះ គ.ជ.ប និងជួបជាមួយតំណាង ជប៉ុន និងអឺរុប ក្នុងកិច្ចចាប់ផ្តើមការងារដំបូងរបស់ គ.ជ.ប។»

តាមប្រភពព័ត៌មាន ដែលស្និទនឹងកិច្ចប្រជុំសំងាត់នេះ បានបង្ហើបថា យ៉ាងហោចណាស់កិច្ចប្រជុំនេះ កំពុងបន្តពិនិត្យ​លើ​បេក្ខភាព អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប។ ក្រៅពីនោះសមាជិកទាំង៩រូប កំពុងតែពិនិត្យយ៉ាងល្អិតល្អន់ ទៅលើច្បាប់ គ.ជ.ប ថ្មី ដើម្បីរៀបចំការងាររបស់ គ.ជ.ប ជាបណ្តើរៗ រួមទាំងការបង្កើត ឲ្យមាននាយកដ្ឋានមួយចំនួន បន្ថែម​ទៀត លើនាយកដ្ឋានទាំងប្រាំ ដែលមានស្រាប់។

ដោយឡែក លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានស្នើសុំឲ្យបង្កើត នូវនាយកដ្ឋានបន្ថែមមួយចំនួនទៀត ដើម្បីបំពេញ​តម្រូវការ និងភាពចាំបាច់របស់ គ.ជ.ប។ ប៉ុន្តែ ចំពោះលទ្ធផលចេញពីកិច្ចប្រជុំនេះ នៅមិនទាន់សម្រច ឬប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ។ តែបើតាមការឲ្យដឹង របស់លោក គួយ ប៊ុនរឿន កាលពីមុនពេលចូលឆ្នាំ បានបង្ហើបថា គ.ជ.ប ថ្មី នឹងធ្វើ​ការ​ទៅលើចំណុចសំខាន់ៗ ចំនួនបី រួមមាន ការរៀបចំ និងការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ឋាន ពិនិត្យរចនាសម្ព័ន្ធ និង​រៀបចំបុគ្គលិកជាប់កិច្ចសន្យា ឲ្យក្លាយជាមន្ត្រីរាជការពេញសិទ្ធិ ដែលមានចែងក្នុងច្បាប់ គ.ជ.ប ថ្មី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...