ដំណឹងថ្មី បើចង់ចាក់កន្ទុយលេខ... ទៅវត្តស្ទឹងមានជ័យ!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២២ មេសា ២០១៥
- កែប្រែចុងក្រោយ: April 23, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភព ពីឧបាសកឧបាសិកា ចំណុះជើងវត្ត បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា វត្ត«ស្ទឹងមានជ័យ» ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងមានប្រព្រឹត្ត អំពើល្បែងស៊ីសង ចាក់កន្ទុយលេខ យ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ។ ល្បែងស៊ីសងនោះ មានបីកន្លែងនៅក្នុងវត្ត ដែលលេងទាំងថ្ងៃទាំងយប់ គឺមួយថ្ងៃពីរលើកជាប្រចាំ ក្នុងនោះ មាន ការចាក់កន្ទុយលេខជាដើម ដែលធ្វើឡើងនៅក្នុង តូបលក់ចាប់ហួយមួយ ក្នុងបរិវេណវត្ត។
ដូនចាស់ ឡឹក សាត ក្នុងវ័យ៦០ឆ្នាំ ដែលធ្លាប់តែងតែទៅប្រតិបត្តិសីល ជារៀងរាល់ថ្ងៃសីល នៅវត្តនេះ បានប្រាប់ទស្សនាវដ្តីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា កន្លងមក ធ្លាប់បានលឺពាក្យគេនិយាយ តែមិនជឿ ព្រោះទីនេះ ជាកន្លែងប្រតិបត្តិធម៌។ តែពេលធ្វើដំណើរឆ្លងកាត់ ក៏បានឃើញ មានគ្នាជុំៗ ទាំងលោកសង្ឃ ទាំងកូនសិស្ស នាំគ្នាលេងទាំងថ្ងៃ។ លោកយាយ បានឲ្យដឹងទៀតថា មិនមែនតែម្តងទេ ដែលលោកយាយបានឃើញ គឺរៀងរាល់ថ្ងៃ។ លោកយាយ បាននិយាយទាំងហួសចិត្តថា សូម្បីតែកន្លែងវត្តអារាម ដែលជាទីតាំងព្រះធម៌ នៃព្រះពុទ្ធសាសនា ក៏មានរឿងបែបនេះដែរ។
ដូនចាស់ បានអះអាងទៀតថា មិនដែលមានទេពីមុន ព្រោះបូរាណកាលមក ធ្លាប់មានតែទៅវត្ត ថ្វាយបង្គំព្រះសុំសេចក្តីសុខ មិនមែនទៅវត្តចាក់កន្ទុយលេខ ដើម្បីឈ្នះលុយនោះទេ។ លោកយាយបានសូមណូមពរ ដល់អាជ្ញាធរដែលជាប់ពាក់ព័ន្ធ មេតាជួយធ្វើអន្តរាគមន៍ ព្រោះលោកយាយ មិនចង់ឲ្យវត្តទីអារាមសាសនា ក្លាយទៅជាកន្លែងអនាធិបតេយ្យ របស់មនុស្សមួយចំនួននោះឡើយ។
ចំពោះករណី ដែលមានល្បែងស៊ីសង យ៉ាងអនាធិបតេយ្យនៅក្នុងវត្តនេះ ទស្សនាវដ្តីបានជួបសម្ភាសផ្ទាល់ ជាមួយអ្នកលក់ដូរនៅក្នុងបរិវេណនេះ ម្នាក់អ្នកស្រី ភូ បាននិយាយទាំងមិនចង់ឆ្លើយថា៖ «គ្រាន់ចាក់១០០ ២០០ មិនបាន» ដែលក្នុងនោះ មានទាំងឧបករណ៍ប្រើប្រាស់មួយចំនួន នៅលើតុដូចជា៖ ប៉ិច សៀវភៅកត់លេខ ម៉ាស៊ិនគិតលេខ ជាដើម ហើយអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានឃើញទិន្នន័យ ដែលបានចុះនៅក្នុងក្រដាស ចាប់ពី៥០០រៀលឡើង។
ដោយឡែកព្រះអង្គ ថៃ ប៊ុនរឿន ចៅអធិកាវត្តស្ទឹងមានជ័យ បានបដិសេធន៍មិនបានដឹងទេ ដោយមានសង្ឃដីការថា ព្រះអង្គមិនបានគង់ នៅក្នុងវត្តទេបច្ចុប្បន្ន ព្រោះជាប់និមន្តទៅខេត្ត មិនទាន់ត្រឡប់មកវិញ។ ព្រះអង្គបានប្រាប់ទៀតថា ពេលដែល ព្រះអង្គត្រឡប់មកពីខេត្តវិញ នឹងធ្វើការពិនិត្យឲ្យបានច្បាស់ថា មានដូចអ្វីដែលបានរកឃើញនោះទេ។
ពាក់ព័ន្ធជាមួយករណី ដែលមានល្បែងស៊ីសង ចាក់កន្ទុយលេខ នៅក្នុងវត្តស្ទឹងមានជ័យនេះ មេប៉ុស្តិ៏ស្ទឹងមានជ័យលោក ម៉ៅ វឿន បានបដិសេធស្រដៀង ទៅនឹងព្រះចៅអធិកាវត្តដែរថា លោកជាសមត្ថកិច្ច មិនមានអ្នកណាផ្តល់ដំណឹង ពីរឿងនេះទេ ហើយលោកក៏មិនបានដឹង និងចុះបង្ក្រាបនោះដែរ ព្រោះទីនោះជាវត្ត។
អ្នកនៅក្នុងវត្តនោះម្នាក់ សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងនៅថ្ងៃទី២២ ខែមេសានេះថា គាត់បានដឹងថា កន្លែងទាំងបីដែលព្រះសង្ឃ និងអ្នកនៅទីនោះតែងលេង គឺទី១នៅ ក្រោមដើមពោធ៍ក្នុងងវត្ត ទី២ នៅកុដ ហង្សក្នុងវត្ត ទី៣ នៅក្រោមដើមអំពិល ដែលនៅចម្ងាយពីកុដចៅអធិការ ប្រមាណជា៥០ម៉ែត្រ។ បុរសរូបនេះបានបន្ថែមថា នៅក្នុងតូបលក់នោះ គ្រាន់តែកន្លែងបិទបាំងទេ តាមពិត គេនាំគ្នាចាក់កន្ទុយលេខ នៅក្នុងនោះរាល់ថ្ងៃ មិនដែលខាន ដោយមិនបានគិតថា វាធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាឡើយ។ លោកបញ្ជាក់ថា នៅមិនទាន់មានអ្នកចុះបង្រ្កាបទេ តាំងពីពេលមុន មកដល់បច្ចុប្បន្ន៕