សួន សេរីរដ្ឋា៖ ប្រជាធិបតេយ្យ​និង​សិទ្ធិ​ ត្រូវ​កើត​មុន​សន្តិភាព

បន្ទាប់ពីការថ្លែង របស់លោក ហ៊ុន សែន ទាក់ទងនឹង«សន្ដិភាព-ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស» នៅថ្ងៃនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានអះអាងថា ត្រូវមានសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ជាមុនសិន ទើបអាចមានសន្ដិភាព សម្រាប់ប្រទេសមួយនោះបាន។
សួន សេរីរដ្ឋា៖ ប្រជាធិបតេយ្យ​និង​សិទ្ធិ​ ត្រូវ​កើត​មុន​សន្តិភាព
ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 27, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សន្តិភាព មិនអាចកើត មុនមានការគោរពសិទ្ធិមនុស្ស និងមុនការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ពេញ​លេញ​បានទេ» នេះជាការអះអាង របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក។ លោក សេរីរដ្ឋា បានពន្យល់ថា កាលណាប្រទេសមួយ មានការគោរពសិទ្ធិមនុស្ស សិទ្ធិ​នយោបាយ មានលទ្ធិប្រជាធិបតេយ្យ ពោលគឺពលរដ្ឋអាចផ្លាស់ប្តូរមេដឹកនាំ បានតាមឆន្ទៈរបស់ខ្លួន ទើប​ប្រទេស​នោះមានសន្តិភាព។

ការថ្លែងរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​-ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងជាសាធារណៈ នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់​រវាង​ខេត្ត​បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវមើលសន្តិភាពមុន នឹងនិយាយពីការអភិវឌ្ឍ លទ្ធិ​ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជន​កម្ពុជា បានមានប្រសាសន៍ថា៖ «ដូច្នេះ ត្រូវមើល​ឃើញ​តួនាទី​រក្សា​សន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាម​ហើយ គឺ​ចុកមាត់ជិតហើយ កុំឆ្ងល់ពេក។ អ្នកខ្លះនិយាយបានត្រឹមប្រជាធិបតេយ្យ និយាយបានពីសិទ្ធិមនុស្ស ក៏ប៉ុន្តែ​គេ​អត់​បាន​គិត ពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព សិទ្ធិចាកចេញផុត ពីការភ័យ​ខ្លាច​នៃ​សង្រ្គាម​នោះទេ»។

ហើយទីបំផុត លោក ហ៊ុន សែន ទំនងជាអួងអាតពីខ្លួនលោក និងគណបក្សប្រជាជនកម្ពុជា របស់លោក ដោយ​លើកឡើងបន្តថា៖ «អញ្ចឹងចំណុចនេះ ត្រូវមើលឲ្យឃើញអំពីតួនាទី និងសារសំខាន់នៃសន្តិភាព និង​តួនាទី​សំខាន់ នៃអ្នក​ដែល​ស្វែង​រក​សន្តិភាព និងចេះការពារសន្តិភាព បើមិនដូច្នោះទេ វានឹង​ជួប​គ្រោះថ្នាក់​ឡើង​វិញ ហើយ​បង្ក​​ឲ្យ​​មាន​​មនុស្ស​ស្លាប់»។

សម្រាប់លោក សួន សេរីរដ្ឋា ដែលសម្បូរដោយវោហា ក្នុងការវាយប្រហារ​ទៅលើមេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិនោះ បានរៀបរាប់ទៀតថា ទោះបីមានការបញ្ចប់​ជំលោះប្រដាប់​អាវុធ តែ​បើ​នៅ​តែ​បន្ត​អំពើហឹង្សា រំលោភសិទ្ធិមនុស្ស ហើយមនុស្ស (ពលរដ្ឋ) រស់នៅគ្មានសេរីភាពបញ្ចេញមតិ គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​នោះវាមិនមែនជា«សន្តិភាព»ទេ តែវាជា«អស្ថិរភាព» ដែលពលរដ្ឋមិនអាចទទួល​យក​បាន ។

ប្រធានគណបក្សអំណាចខ្មែរ បានសរុបសេចក្ដីថា៖ «ដូច្នោះកុំនិយាយថា សន្តិភាព អាចកើតបានឲ្យសោះ បើ​នៅ​តែ​គ្មានការ គោរពសិទ្ធិមនុស្ស និងគ្មានការអនុវត្តន៍ លទ្ធិប្រជាធិបតេយ្យពេញលេញ»។

អ្នកវិភាគ​ឯករាជ្យ ប្រចាំឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងជាអតីតមន្ត្រីច្បាប់មួយរូប ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត បានពន្យល់ឡើងថា សន្តិភាព សម្រាប់លោក ហ៊ុន សែន មានអត្ថន័យបានមក ពីការកាប់ចាក់ ការ​បាញ់បោះ ប្រើអំពើហិង្សា។ ពេលណាឈប់កាប់ចាក់ ពេលនោះមានសន្តិភាពហើយ។ ប៉ុន្តែលោក ហ៊ុន សែន មិនដែលគិតថា អ្វីដែលសង្គមជាតិ និងប្រជាជនត្រូវការ គឺ​សន្តិភាពផ្លូវចិត្តនោះឡើយ។ លោកថា៖ «តាមផ្លូវ​ព្រះពុទ្ធ​សាសនា ក៏អញ្ចឹងដែរ។ ព្រះពុទ្ធបង្រៀនថា សន្តិភាព​ពិត​ប្រាកដ វាកើតឡើងនៅក្នុងផ្លូវចិត្ត។ មិន​ខ្លាច មិន​ញាប់ញ័រ មិនខ្វាយខ្វល់... នោះហើយទើប​ជា​សន្តិភាព។ តែបើមួយថ្ងៃៗ ឮសូរតែការគម្រាម ខ្លាច​នេះ​ខ្លាច​នោះ (...) នេះមិនមែន​ជាសន្តិភាពទេក្មួយ។»

លោក ព្រហ្ម គិត បានមានប្រសាសន៍ទៀតថា៖ «ផ្ទុយទៅវិញ មានតែមនុស្សល្ងង់ទេ ដែលយល់ថា មួយ​ផែនដី​មាន​តែ​ខ្លួនម្នាក់ប៉ុណ្ណោះ ដែលអាចនាំសន្តិភាព មកឲ្យមនុស្សដទៃទៀតបាន ហើយតាំងគម្រាមគេ គម្រាម​ឯង​មិន​ស្វាង។ មានតែមនុស្សល្ងង់ទេ ដែលនិយាយពាក្យដដែលៗ មិនឈប់មិនឈរ ព្រោះខ្លាច​គេ​ស្ដាប់​ខ្លួន​មិន​ឭ មិន​យល់។ បែបនេះ មិនមែនសន្តិភាពទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...