អតីត​ជំនិត​ទ្រង់ រណឫទ្ធិ រិះគន់​ព្រះអង្គ​យ៉ាង​ចាស់​ដៃ

អតីតនាយខុទ្ទកាល័យព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានចេញមុខ មករិះគន់ព្រះអង្គខ្លាំងៗ នៅថ្ងៃនេះ ជុំវិញការប្រកាសជំហររបស់ទ្រង់ ក្នុងការគាំទ្រ ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
អតីត​ជំនិត​ទ្រង់ រណឫទ្ធិ រិះគន់​ព្រះអង្គ​យ៉ាង​ចាស់​ដៃ
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ (រូបថត MONOROOM.info / S. Tith)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 24, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«តើមនសិការជាតិនិយម និងស្នេហាជាតិរបស់ព្រះអង្គ បាត់ទៅណាហើយ?» នេះ ជាសំនួរឧទានឡើង ដោយលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតមនុស្សដ៏ជំនិត របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដើម្បីប្រតិកម្ម ទៅនឹងការប្រកាសជំហរ របស់ទ្រង់ កាលពីម្សិលម៉ិញ គាំទ្រចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការការចាប់ខ្លួនលោក កឹម សុខា។

នៅចំពោះអង្គសមាជវិសាមញ្ញ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅមណ្ឌលកោះពេជ្រ ក្នុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានមានបន្ទូលថា៖ «ខ្ញុំបានសសេរសំបុត្រមួយ ទៅជូនសម្តេច ហ៊ុន សែន ក្នុងនាមខ្ញុំ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអ្វីមួយដែលសម្តេចធ្វើ ចំពោះលោក កឹម សុខា ដែលខ្ញុំស្គាល់ច្បាស់ និងលោក សម រង្សី ទៀត​ គឺរាំងហើយបានស៊ីទៀត គឺអត់ស៊ីមុនទេ គឺចាំរាំងសិន ហើយអ្វីមួយ ដែលសម្ដេច (ហ៊ុន សែន) ធ្វើ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច គាំទ្រទាំងអស់»។

នៅចំពោះជំហរនេះ លោក មុត ចន្ថា អតីតមន្ត្រីជំនិតរបស់ទ្រង់ ដែលធ្លាប់កាន់តំណែង ជានាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យ របស់ព្រះអង្គនោះផង បានសំដែងការសោកស្ដាយ«បំផុត» ដោយចាត់ទុកព្រះអង្គម្ចាស់ ដែលជា«បណ្ឌិតច្បាប់អន្តរជាតិ»ផងនោះ ថា«ពុំយល់ពីធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌ»។

លោក ចន្ថា បានសរសេរ នៅលើគណនេយ្យ ហ្វេសប៊ុក (Facebook) របស់លោក នៅមុននេះបន្តិចថា៖ «ខ្ញុំពិតជាមានការសោកស្តាយបំផុត ចំពោះព្រះបន្ទូលរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ [ដែលគាំទ្រ]ចំពោះការចាប់ខ្លួន ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ អ្វីដែលខ្ញុំសោកស្តាយបំផុតនោះ គឺព្រះអង្គ ជាបណ្ឌិតច្បាប់អន្តរជាតិ ប៉ុន្តែព្រះអង្គពុំយល់ពីធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌ។»។

អតីតនាយខុទ្ទកាល័យសម្ដេចក្រុមព្រះ បានបន្តសរសេរបរិហារទ្រង់ទៀតថា៖ «ព្រះអង្គក៏ធ្លាប់ធ្វើ ជាប្រធានរដ្ឋសភាខ្មែរ ប៉ុន្តែព្រះអង្គបែរជាយល់ថា ត្រឹមត្រូវ ចំពោះការចាប់ខ្លួនតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិ។ តំណាងរាស្រ្តមានអភ័យឯកសិទ្ធិ ត្រូវបានគេចោទ និងឃុំខ្លួន តើនេះឬអ្វី ដែលព្រះអង្គមានបន្ទូលថា ត្រឹមត្រូវ?»។ 

លោក មុត ចន្ថា បានបន្តសំនួរទៀតថា៖ «តើមនសិការជាតិនិយម និងស្នេហាជាតិរបស់ព្រះអង្គ បាត់ទៅណាហើយ? ទូលបង្គំសូមទូលថា មនសិការរបស់ទូលបង្គំ ឈរលើសុចរិតភាព និងយុត្តិធម៌!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...