«ខ្ញុំជា ឈុត វុទ្ធី» ចាក់ផ្សាយភាពយន្ដឯកសារទាំងស្រុង
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៦ មេសា ២០១៦
- កែប្រែចុងក្រោយ: April 26, 2016
- ប្រធានបទ: ឯកសារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបានចំណាយពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដឯកសារដែលនិយាយពីវីរភាព របស់សកម្មជនការពារធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។
សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បានធ្វើដំណើរតាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។
សាកសពលោកឈុត វុទ្ធី ដែលត្រូវគេលើកដាក់ពីរថយន្ដ។ រូបថត ភ្នំពេញប៉ុស្ដ៍។
ភ្លាមៗនោះ របាយការណ៍ស៊ើបអង្កេតដំបូង របស់កងរាជអាវុធហត្ថ បាននិយាយថា លោកឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ ដោយលោក អ៊ិន រតនា ហើយបន្ទាប់មក លោកអ៊ិន រតនានេះ បាន«បាញ់សម្លាប់ខ្លួន»ឯង។ គូរបញ្ជាក់ថា លោកអ៊ិន រតនា (ជនសង្ស័យថាបានសម្លាប់លោក ឈុត វុទ្ធី) ទទួលគ្រាប់កាំភ្លើងដល់ទៅពីរគ្រាប់ ខុសកន្លែងគ្នា ដែលមិនអាចអោយគេ សន្និដ្ឋានថា នេះជាការសម្លាប់ខ្លួននោះទេ។ អ្នកតាមដានស្ថានការណ៍នៅពេលនោះ បានរិះគន់របាយការណ៍នោះ ថាជាការរៀបចំឆាកល្ខោនមួយឡើង ក្នុងបំណងលប់បំបាត់សំនុំរឿងនេះ។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយបង្កើតគណកម្មាធិការចំរុះមួយ ដើម្បីធ្វើការស៊ើប អង្កេតជាថ្មី លើសំនុំរឿង។ របាយការណ៍ស៊ើបអង្កេត របស់គណកម្មាធិការចំរុះ បានចេញមកមិនខុសពីរបាយការណ៍ ស៊ើបអង្កេតដំបូងប៉ុន្មានទេ តែបានរកឃើញបន្ថែមថា លោកអ៊ិន រតនា ត្រូវបានបាញ់សម្លាប់«ដោយរាកៃ» ដោយមន្ត្រីអ្នកការពារសន្ដិសុខម្នាក់ អោយក្រុមហ៊ុនឈើនៅទីនោះ គឺលោក រ៉ាន់ បូរត្ន័ ខណៈមន្ត្រីរូបនេះ បានចូលទៅឃាត់លោកអ៊ិន រតនា មិនអោយបាញ់តទៅទៀត។
ក្រោយពេលប្រកាសរបាយការណ៍នោះបន្ដិច គឺនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់ទៅលើលោក រ៉ាន់ ប៊ូរ័ត្ន នេះ ពីបទប៉ុនប៉ងមនុស្សឃាតដោយអចេតនា និងសម្រេចមិនចាត់ការ ទៅលើឃាតកម្មនៃលោក ឈុត វុទ្ធី ឡើយ។ ដូច្នេះដំណើររឿង និងមូលហេតុ ដែលឈានទៅដល់ ការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន នឹងត្រូវស្ថិតនៅជាអាថ៌កំបាំងរហូត។
ហើយការមិនសម្រចមិនចាត់ការ លើសំនុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី នេះ បានធ្វើអោយក្រុមគ្រួសាររបស់លោក មិនមានអារម្មណ៍ស្ងប់នោះ ឡើយ។ លោកឆឺយ ឧត្តមរស្មី ជាកូនប្រុសលោកឈុត វុទ្ធី បាននិយាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «ខ្ញុំមានការសោកស្តាយមែនទែន ដែលឪពុករបស់ខ្ញុំ ជាមនុស្សម្នាក់ដែលស្រលាញ់ធនធានធម្មជាតិ ការពារប្រយាជន៍ជាតិ ហើយត្រូវបានគេបាញ់សម្លាប់ដូច្នេះ តុលាការបែរ ជាមិនរកយុត្តិធម៌ ឲ្យថែមទាំងបិទសំណុំរឿងនោះចោលទៅវិញ។» លោកចង់ដឹងថា អ្នកណាជាឃាតករ សំលាប់ឪពុករបស់លោកពិតប្រាកដ ព្រោះលោកមិនជឿថា អ៊ិន រតនា ជាអ្នកសំលាប់ឪពុករបស់លោកនោះទេ។
ឯអ្នកស្រី សំ ចន្ធី ភរិយាលោក ឈុត វុទ្ធី បានសំណូមពរសូមឲ្យប្រព័ន្ធតុលាការ ផ្តល់នូវភាពយុត្តិធម៌ដល់ប្តីអ្នកស្រី។ បើទោះជាស្ថិតនៅក្នុងភាពអស់សង្ឃឹម តែអ្នកស្រីនៅតែបង្ហាញនូវភាពជឿជាក់ថា៖ «ភាពយុត្តិធម៌ត្រូវតែមាន កុំឲ្យប្តីខ្ញុំស្លាប់ទៅដោយ ពុំដឹងមូលហេតុបែបនះ»៕