អូស្ត្រាលីទិញនាវាមុជទឹកពីបារាំង ក្នុងតម្លៃ៥០កោដដុល្លារ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ មេសា ២០១៦
- កែប្រែចុងក្រោយ: April 27, 2016
- ប្រធានបទ: ការពារជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ ពាក្យចចាមអារាម ទាក់ទងនឹងកិច្ចសន្យាជាមួយប្រទេសអូស្ត្រាលីនេះ បានកើតឡើងតាំងពីច្រើនខែមកហើយ រវាងសហគ្រាសសង់នាវាមុជទឹក ក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងក្នុងប្រទេសជប៉ុន។ ប៉ុន្តែទើបតែមកដល់ថ្ងៃអង្គារម្សិលម៉ិញនេះ ទើបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបិទបញ្ចប់ពាក្យចចាមអារាមនោះ ដោយផ្ដល់ជ័យជំនះទាំងស្រុង ទៅឲ្យសហគ្រាស «DCNS» របស់បារាំង។
លោកនាយករដ្ឋមន្ត្រី ម៉ាលកូម ទួនប៊ល (Malcom Turnbull) បានថ្លែងឲ្យដឹង ពីក្រុង «Adélaïde (ភាគខាងត្បូងប្រទេសអូស្ត្រាលី)» មកថា៖ «គឺជាថ្ងៃដ៏អស្ចារ្យ សម្រាប់កងទ័ពជើងទឹករបស់យើង សម្រាប់វិស័យសេដ្ឋកិច្ច របស់ប្រទេសអូស្ត្រាលី ក្នុងសតវត្សន៍ទី២១នេះ ហើយក៏ជាថ្ងៃដ៏អស្ចារ្យ សម្រាប់វិស័យការងារនៅក្នុងពេលអនាគតនោះដែរ»។
កិច្ចសន្យាដែលទទួលបាន ដោយសហគ្រាសបារាំង «DCNS» នេះ ក៏នឹងបង្កើតការងារ រាប់សិបពាន់កន្លែងដែរ នៅក្នុងប្រទេសបារាំង។ នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីការពារជាតិ លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian)។ លោករដ្ឋមន្ត្រី បានថ្លែងនៅតាមវិទ្យុបារាំងមួយថា៖ «នឹងបង្កើតឲ្យមាន នូវការងាររាប់ពាន់កន្លែង នៅបារាំង ហើយជាកិច្ចសន្យា ដែលមានរយៈពេលវែង (...) យើងបានផ្សារសាច់ផ្សារឈាមគ្នា ជាមួយប្រទេសអូស្ត្រាលី ក្នុងរយៈពេល៥០ឆ្នាំទៅមុខ»។
លោក ឡឺឌ្រីយ៉ង់ បានបន្ថែមទៀតថា៖ «មួយភាគ នៃទឹកប្រាក់នេះ នឹងត្រូវធ្វើវិនិយោគទុន នៅក្នុងប្រទេសអូស្ត្រាលី។ យើងយល់ពីបញ្ហានេះ។ នោះ គឺដោយសារតែអូស្ត្រាលី ចង់ធានា នូវអធិបតេយ្យភាពរបស់ខ្លួន ខាងផ្នែកសន្តិសុខ និងឧស្សាហកម្ម។ ប៉ុន្តែទឹកប្រាក់ដ៏សម្បើមមួយភាគទៀតនោះ នឹងបានមកប្រទេសបារាំង។»
លោករដ្ឋមន្ត្រី មិនបានបញ្ជាក់អ្វីបន្ថែម ទៅលើក្រមប្រតិបត្តិ ទាក់ទងនឹងកិច្ចសន្យានេះ សម្រាប់ថ្ងៃខាងមុខឡើយ។ ប៉ុន្តែលោកបានអះអាងបន្ថែមថា លោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងពេលខាងមុខ ដើម្បីបង្កើតឲ្យមាន ជាក្រមប្រតិបត្តិនេះឡើង។
ការដ្ឋានសាងសង់នាវាទាំងនេះ នឹងត្រូវធ្វើនៅក្នុងក្រុង «Cherbourg (ភាគខាងលិចប្រទេសបារាំង» ដែលជាតំបន់ដ៏ធំមួយ ឯកទេសខាងការសាងសង់ នាវាមុជទឹក។ ប៉ុន្តែមិនមែនមានតែ នៅក្នុងក្រុងនេះតែមួយទេ តែនៅមានការដ្ឋានផ្សេងទៀត នៅឯក្រុង «Brest» «Lorient» និងក្រុង «Nantes» ដែលសុទ្ធតែស្ថិតនៅភាគខាងលិច (ក្បែរមហាសមុទ្រអាត្លង់ទិក) នៃប្រទេសបារាំង។
សូមបញ្ជាក់ដែរថា សហគ្រាស «DCNS» ជំនាញខាងការសាងសង់សម្ភារៈកងទ័ពជើងទឹក ជាក្រុមហ៊ុនចម្រុះ រវាងរដ្ឋបារាំង និងក្រុមហ៊ុន «Thalès»។ នៅក្នុងរយៈពេល នៃការជជែកពិភាក្សា ពីកិច្ចសន្យាខាងលើ សហគ្រាស «DCNS» មានដៃគូប្រជែងចំនួនពីរទៀត គឺសហគ្រាសអាល្លឺម៉ង់ «ThyssenKrupp Marine Systems (TKMS)» និងសហគ្រាសជប៉ុន «Mitsubishi Heavy Industries»៕