«ត្រាំ ជាស្ដេចបោកប្រាស់» សម្រាប់ក្រុងព្យុងយ៉ាង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 25, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រមុខការទូតកូរ៉េខាងជើង លោក រី យ៉ុង-ហូ (Ri Yong Ho) បានបរិហារខ្លាំងៗ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ទៅនឹងការគម្រាមកាលពីដើមសប្ដាហ៍មុន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយហៅមេដឹកនាំ របស់កំពូលប្រទេសមហាអំណាចរូបនេះ ថាជា«មនុស្សដ៏រំខាន» «ជនល្មោភអំណាច» និងជា«ស្ដេចបោកប្រាស់»។
ក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ លោករដ្ឋមន្ត្រី រី យ៉ុង-ហូ បានបន្តហៅប្រធានាធិបតីអាមេរិក ថាជា«អ្នកលេង» ដែលបាន«ធ្វើឲ្យអាប់ឱនមហាសន្និបាត ជាមួយពាក្យពេជន៍ ដ៏ហិង្សា និងដ៏ខ្ជីខ្ជា» និងដែលតំណាងនាពេលនេះ ឲ្យ«ការគម្រាមកំហែងមួយ ក្នុងចំណោមការគម្រាមកំហែង ដ៏ធំផ្សេងទៀត សម្រាប់សន្តិភាព»។ លោក រី ក៏បានលើកឡើង មកអះអាងដែរ ពីការវាយតម្លៃប្រកបដោយភាពអវិជ្ជមានជាច្រើន ពីសំណាក់ពលរដ្ឋអាមេរិក ប្រឆាំងនឹងប្រធានាធិបតីអាមេរិកខ្លួនឯង។
«មនុស្សឆ្កួត»
កាលពីថ្ងៃអង្គារសប្ដាហ៍មុន និងជាការថ្លែងលើកទីមួយ នៅក្នុងកិច្ចប្រជុំដ៏ធំនេះ លោក ដូណាល់ ត្រាំ បានថ្លែងគម្រាម «កំទេចប្រទេសកូរ៉េខាងជើង ឲ្យក្លាយជាផេះ» ប្រសិនជាប្រទេសកុម្មុយនីស្ដមួយនេះ បើកការវាយប្រហារលើសហរដ្ឋអាមេរិក ឬប្រទេសសម្ព័ន្ធមិត្តអាមេរិក។ បន្តមកដល់ថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក បានបន្តសង្គ្រាមសំដីរបស់លោកទៀត ដោយបានហៅលោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើង ថាជា«មនុស្សឆ្កួត» និងបានអះអាងថា មេដឹកនាំកុម្មុយនីស្ដរូបនេះ នឹងទទួលបានលទ្ធផលដ៏អាណោចអាធម ដែលមិនធ្លាប់មាន ពីមុនមក។
ក្រៅពីប្រតិកម្មតបនឹងប្រធានាធិបតីអាមេរិក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏បានថ្លែងបរិហារដូចគ្នា នូវសេចក្ដីសម្រេចជាច្រើន ដែលអនុម័ត្រឡើង ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសរបស់លោក ក្នុងនោះមានការសម្រេច ហាមឃាត់កូរ៉េខាងជើង មិនឲ្យអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងសព្វាវុធ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលមានសភាព កាន់តែធ្ងន់ធ្ងរទៅៗ។ លោក រី យ៉ុង-ហូ បានប្រកាសឡើងថា៖ «ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ទទួលស្គាល់ពីសិទ្ធិ ក្នុងការពារខ្លួន សម្រាប់គ្រប់បណ្ដារដ្ឋទាំងអស់»។
យន្ដហោះ ផ្ទុកគ្រាប់បែកច្រើនគ្រឿង
ការថ្លែងឡើង របស់រដ្ឋមន្ត្រីការបរទេសកូរ៉េកុម្មុយនីស្ដ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឯបូរីញ៉ូយក (សហរដ្ឋអាមេរិក) បានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការហោះហើររបស់យន្ដហោះ សម្រាប់ទម្លាក់គ្រាប់បែកច្រើនគ្រឿង របស់កងទ័ពអាមេរិក នៅក្បែរតំបន់ឆ្នេរនៃប្រទេសកូរ៉េខាងជើង។ មន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួងការពារជាតិអាមេរិក) បានអះអាងថា ការបង្ហោះយន្ដហោះទាំងនេះ នៅទីនោះ ជា«សារដ៏ច្បាស់លាស់»មួយ សម្រាប់របបក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន អ្នកស្រី «Dana White» បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យន្ដហោះអាមេរិក បានហោះពីលើកន្លែង ដែលស្ថិតនៅភាគខាងជើងបំផុត នៃតំបន់គ្មានយោធា ក្នុងឆកសមុទ្រកូរ៉េខាងជើង (...) ដោយចង់បញ្ជាក់ ពីទំហំនៃការយកចិត្តទុកដាក់ដ៏ម៉ឺងម៉ាត់របស់យើង ចំពោះចរិតប្រកបដោយគ្រោះថ្នាក់ របស់ប្រទេសកូរ៉េខាងជើង»៕