កូរ៉េខាងជើង៖ អ្នកការទូតអ៊ឺរ៉ុបប្រជុំគ្នា ខណៈអាមេរិកមិន«ភ្ញាក់ផ្អើល»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រមុខតំណាងការទូត នៃបណ្ដាប្រទេសអ៊ឺរ៉ុបដែលមានស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងព្យុងយ៉ាង បានជួបប្រជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីសម្រេចយកនូវ«គោលជំហររួម»មួយ នៅក្រោយពេលដែលកូរ៉េខាងជើង បានជូនដំណឹងមកពួកគេ អោយជម្លៀសមន្ត្រីការទូតចេញ ចាប់ពីថ្ងៃទី១០ខែមេសាខាងមុខ។ ដោយឡែក សហរដ្ឋអាមេរិកថា មិន«ភ្ញាក់ផ្អើល» តែបានត្រៀមលក្ខណៈសំខាន់ៗបន្ថែមទៀត នៅក្រោយដំណឹងដែលផ្សាយថា កូរ៉េខាងជើង បានបញ្ជូនទៅកាន់តំបន់ឆ្នេរខាងកើត នូវកាំជ្រួចម៊ីលស៊ីល សម្រាប់បាញ់ក្នុងចម្ងាយមធ្យម នោះមក ។
មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុង-អ៊ុន ក្នុងដំណើរត្រួតកងទ័ព ផ្លូវទឹករបស់ខ្លួន។ រូបថត KNS / Scanpix / AFP។
សហរដ្ឋអាមេរិក មិនភ្ញាក់ផ្អើលនឹងឃើញកូរ៉េខាងជើងប្រតិកម្មធ្វើអ្វីមួយ នោះទេ
អ្នកនាំពាក្យរបស់សេតវិមាន លោក ជៃ កាណី (Jay Carney) បានអះអាងមកវិញ ថាការបាញ់កាំជ្រួចណាមួយរបស់កូរ៉េខាងជើង នឹងមិនបង្កការភ្ញាក់ផ្អើល ដល់រដ្ឋាភិបាលអាមេរិកាំងនោះទេ។ «យើងមិនភ្ញាក់ផ្អើល នឹងឃើញពួកគេប្រតិកម្មធ្វើអ្វីមួយនោះទេ» លោកជៃ កាណី បានថ្លែងដូច្នេះ ដោយបានបញ្ជាក់បន្ថែមថា ទីក្រុងព្យុងយ៉ាងបានធ្វើជាច្រើនដងហើយ កាលពីពេលកន្លងមក នូវការបាញ់កាំជ្រួចដដែលៗនេះ។
ដោយឡែក មន្ទីប៉ង់តាហ្គោន បានវិន្និច្ឆ័យថា «រាល់សកម្មភាពបង្កហេតុបន្ថែមទៀត នឹងជាការសោកស្ដាយជាទីបំផុត»។ លោក ហ្សក លីថល (George Little) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «កូរ៉េខាងជើង ត្រូវអនុវត្តន៍តាមច្បាប់អន្តរជាតិ និងគោរពកិច្ចសន្យារបស់ខ្លួន»។ «ការសាកល្បងបាញ់កាំជ្រួចទាំងឡាយណា ដែលខុសពីកិច្ចសន្យារបស់ខ្លួន នឹងជាការបង្កហេតុមួយ» លោកបានសង្កត់ធ្ងន់។
ការទូតអ៊ឺរ៉ុប ជួបប្រជុំគ្នា នៅទីក្រុងព្យុងយ៉ាង
ប្រមុខតំណាងបេសកកម្មការទូត របស់សហគមន៍អ៊ឺរ៉ុប ដែលមានវត្តមាននៅប្រទេសកុម្មុយនីស បានជួបប្រជុំគ្នានៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បី«ជួបពិភាក្សា ពីគោលជំហររួម និងធ្វើសកម្មភាពរួមមួយ» ដែលទាក់ទងនឹងមន្ត្រីការទូត នៃប្រទេសទាំងនោះ។ នេះជាការអោយដឹង របស់ក្រសួងការបរទេស នៃប្រទេសប៊ុលហ្គារី។
រីឯទីក្រុងប៉ារីស បានចាត់ទុកថាជាបានការ នូវស្ថានភាពសព្វថ្ងៃនៅកូរ៉េខាងជើង ហើយស្នើអោយទីក្រុងព្យុងយ៉ាងបញ្ឈប់«ភ្លាម» នូវការបង្កហេតុថ្មីៗទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានអះអាងថា ប្រទេសបារាំងនៅមិនទាន់បានគិត ពីការ«ជម្លៀស» ជនជាតិបារាំងប៉ុន្មាននាក់ ដែលកំពុងធ្វើការនៅនឹងកន្លែងនោះនៅឡើយទេ។
អ្នកនាំពាក្យរបស់ទីក្រុងម៉ូស្គូ បានថ្លែងទៅកាន់អ្នកកាសែតដូចគ្នាថា ដោយយោលទៅលើស្ថានភាព«ធ្ងន់ធ្ងរ» កើតមាននៅក្នុងឧបទ្វីបកូរ៉េ ទីក្រុងព្យុងយ៉ាងបានស្នើអោយប្រទេសរ៉ូស្សី «ត្រៀម»ជម្លៀសមន្ត្រីតំណាងទូតរបស់រ៉ូស្សីចេញ។ អាជ្ញាធរអង់គ្លេសក៏បានរាយការណ៍ដែរថា កូរ៉េខាងជើងបានសួរខ្លួន ពីបំណងចង់ជម្លៀសឬមិនចង់ នូវមន្ត្រីទូតពីស្ថានទូតអង់គ្លេស ប្រចាំនៅព្យុងយ៉ាង។ តែទីក្រុងឡុងដ៍ បានបញ្ជាក់ថា «ខណៈនេះ អង់គ្លេសនៅមិនមានគម្រោង ជម្លៀសនរណាម្នាក់ទេ»។
អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស បាននិយាយថា «ពាក្សសម្ដីរបស់រដ្ឋាភិបាលកូរ៉េខាងជើង មានន័យថា ចាប់ពីថ្ងៃទី១០ខែមេសា ខាងមុខ ប្រទេសនេះនឹងគ្មានសមត្ថភាពធានាសុវត្ថិភាព អោយស្ថានទូត ក៏ដូចជាអង្គការអន្តរជាតិទាំងនោះទៀតទេ ក្នុងករណីមានជម្លោះជាយថាហេតុ»។ អ្នកនាំពាក្យនោះបានបន្ថែមថា «យើងគិតថា កូរ៉េខាងជើង បានបង្កើតនូវជំហាននេះឡើង ជារបៀបនៃការវាយលុកថ្មីមួយ ដែលនឹងដាក់កំហុសទៅអោយសហរដ្ឋអាមេរិក ថាជាការគម្រាមដ៏សំខាន់ សម្រាប់មន្ត្រីទូតទាំងនោះ»។
ការបង្ហាញរិទ្ធ នៅថ្ងៃ១៥ខែមេសាខាងមុខ ?
កាសែតមួយរបស់ជប៉ុន សង់កី ស្សីមប៊ន (Sankei Shimbun) បានរាយការណ៍មកថា យោធាអាមេរិកដែលមានមូលដ្ឋាន នៅលើទឹកដីជប៉ុន បានកំពុងដាក់អោយដំណើរការ នូវយន្ដហោះស៊ើបការណ៍មួយ ដែលគ្មានមនុស្សបើក ដើម្បីពង្រឹកការត្រួតពិនិត្យ លើកូរ៉េខាងជើង។ យន្ដហោះមានឈ្មោះថា គ្លបប៊លហាក (Global Hawk) ត្រូវបានតម្លើងនៅលើកោះ មីសាវ៉ា (Misawa) ផ្នែកខាងជើងប្រទេសជប៉ុន ហើយជាយន្ដហោះដំបូងគេ ដែលមានវត្តមាននៅក្នុងតំបន់។
តាមប្រភពស្និតនឹងយោធាកូរ៉េខាងត្បូង ស្រង់សម្ដីដោយ ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ (Yonhap) បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចនឹងបាញ់កាំជ្រួច គ្រាប់ដំបូងរបស់ខ្លួន នៅថ្ងៃទី១៥មេសាខាងមុខ ដែលជាថ្ងៃខួបកំណើត របស់ស្ថាបនិកដ៏«មហិមា» នៃប្រទេសកុម្មុយនីសមួយនេះ ឈ្មោះ គីម អ៊ីល-ស៊ុង (Kim Il-Sung)។ រដ្ឋបុរស«ប្រវត្តិសាស្ត្រ» នៃប្រទេសកូរ៉េខាងជើងរូបនេះ បានស្លាប់កាលពីឆ្នាំ១៩៩៤ ហើយកូនរបស់លោកឈ្មោះ គីម ជុង-អ៊ីល (Kim Jong-il) បានឡើងគ្រប់គ្រងប្រទេសបន្ត មុននឹងតំណែងនេះ បានត្រូវបន្តមកទៀតនៅឆ្នាំមុន មកដល់ចៅរបស់លោក ដែលទើបនឹងមានអាយុ៣០ឆ្នាំឈ្មោះ គីម ជុន-អ៊ុន (Kim Jong-un)។
អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃប្រទេសកូរ៉េខាងត្បួង បានបញ្ជាក់ថា «កូរ៉េខាងជើង អាចនឹងបាញ់កាំជ្រួចទាំងនេះ ដោយមិនបានប្រាប់មុន»។
លោកបានគី-មូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ធ្លាប់បានរំលឹកកូរ៉េខាងជើងម្ដងទៀត កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៤ខែមេសា ថា «ការគម្រាមទាំងឡាយដែលទាក់ទងនឹងនុយក្លេអ៊ែរ មិនមែនជាល្បែងលេងនោះទេ»។ លោកបានសម្ដែង ការព្រួយបារម្ភថា «រាល់ការសម្រេចចិត្ត នៅក្នុងស្ថានភាពនេះ អាចនឹងបង្កអោយមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ»៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ