កូរ៉េទាំងពីរបានបើកឲ្យមាន«ខ្សែទូរស័ព្ទក្រហម»មួយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២០ មេសា ២០១៨
- កែប្រែចុងក្រោយ: April 21, 2018
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែទូរស័ព្ទក្រហមនេះ នឹងភ្ជាប់វិមានខៀវ នៃប្រធានាធិបតីកូរ៉េខាងត្បូង ទៅនឹងការិយាល័យ របស់គណកម្មការទទួលបន្ទុកកិច្ចការរដ្ឋ របស់ប្រទេសកូរ៉េខាងជើង។ មន្ត្រីទទួលខុសត្រូវជាន់ខ្ពស់ របស់វិមានខៀវ ក្នុងរដ្ឋធានី សេអ៊ូល លោក «Yoon Kun-young» បានថ្លែងឲ្យដឹងថា៖ «ការតភ្ជាប់ ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ ទើបនឹងត្រូវបានបង្កើតឡើង»។
មន្ត្រីដដែល បានបញ្ជាក់ទៀតថា កិច្ចសន្ទនាសាកល្បង រវាងអ្នកបច្ចេកទេសទាំងសងខាង បានប្រព្រឹត្តិទៅ ក្នុងរយៈពេល ៤នាទី និង១៩វិនាទី។
ការភ្ជាប់ខ្សែទូរស័ព្ទ ធ្វើឡើងមួយសប្ដាហ៍ មុនជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ អ៊ីន (Moon Jae-in) និងអគ្គមគុទេសន៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន (Kim Jong-un) ដែលនឹងប្រព្រឹត្តិទៅ ក្នុងតំបន់គ្មានយោធាមួយ ស្ថិតនៅចន្លោះប្រទេសទាំងពីរ។
ជំនួបកំពូល រវាងមេដឹកនាំ នៃប្រទេសគូសត្រូវទាំងពីរ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏រំជើបរំជួលមួយ នៃការខិតជិតរកគ្នា ដែលបានធ្វើខ្លះរួចហើយ នៅក្នុងកីឡាអូឡាំពិករដូវធ្លាក់ទឹកកក រៀបចំធ្វើកាលពីប៉ុន្មានខែមុន នៅក្នុងប្រទេសកូរ៉េខាងត្បូង។
តាំងពីអំឡុងពេលសង្គ្រាមកូរ៉េ ក្នុងដើមទសវត្សន៍ ឆ្នាំ៥០ នោះមក ប្រទេសកូរ៉េទាំងពីរ បានជួបគ្នា ថ្នាក់មេដឹកនាំកំពូល ចំនួនបីដង។ ខណៈការបញ្ចប់សង្គ្រាមកូរ៉េ នៅឆ្នាំ១៩៥៣ មិនមែនធ្វើឡើង ដោយមានសន្ធិសញ្ញាសន្តិភាព ចុះចាញ់ ឬឈ្នះសង្គ្រាមនោះទេ តែវាគ្រាន់តែជាកិច្ចព្រមព្រៀង នៃការឈប់បាញ់មួយប៉ុណ្ណោះ៕