សុខភាព៖ ៥សំនួរ ដែលអ្នកគួរសួរគ្រូពេទ្យ មុនសម្រេចចិត្ត«វះកាត់»
- ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការវះកាត់ ជាក្តីព្រួយបារម្ភ និងស្មុគស្មាញមួយ ដែលពិបាកប្រឈមមុខរបស់អ្នកជំងឺមួយចំនួន ព្រមទាំងទាមទារឲ្យគ្រូពេទ្យជាអ្នកមានជំនាញពិតប្រាកដ និងច្បាស់លាស់ ដើម្បីធ្វើឲ្យការវះកាត់នេះប្រកបដោយជោគជ័យ។ ដើម្បីជៀសវាងហានិភ័យទាំងឡាយ ដែលអាចកើតឡើងជុំវិញការវះកាត់នេះ អ្នកជំងឺគួរតែចំណាយពេលវេលាមួយគួរសម ធ្វើការសាកសួរគ្រូពេទ្យ ឬអ្នកជំនាញផ្នែកជំងឺ ដើម្បីឲ្យអ្នកជំងឺទុកចិត្តឲ្យបានច្បាស់លាស់ ព្រមទាំងកុំឲ្យមានវិប្បដិសារី នាពេលខាងមុខ។
ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់។ (រូបថត ឯកសារ)
សុខភាព - ខាងក្រោមនេះ ជាសំនួនសំខាន់ៗចំនួន៥ ដែលអ្នកគួរតែធ្វើការសាកសួរដល់គ្រូពេទ្យ ឬអ្នកជំនាញរបស់អ្នកជាមុនសិន មុននឹងធ្វើការវះកាត់។
១. តើអ្នក«ចាំបាច់» ត្រូវតែធ្វើការវះកាត់?
មុនដំបូង អ្នកត្រូវដឹងថា តើជំងឺរបស់អ្នកចាំបាច់ត្រូវតែធ្វើការវះកាត់ ដោយខានមិនបាន ឬយ៉ាងណា? តើអ្នកអាចស្វែងរកជំរើសផ្សេងទៀត ដែលអាចបញ្ចៀសការវះកាត់បានឬទេ? អ្នកត្រូវដឹងថា តើរាល់វិធីសាស្រ្តនីមួយៗ វានឹងផ្សាភ្ជាប់នូវគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? តើខាងមន្ទីរវះកាត់ មាននីតិវិធី និងការធានារ៉ាប់រងអ្វីខ្លះ? អ្នកក៏អាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដើម្បីស្វែងរកចម្លើយពីបញ្ហាទាំងនេះដែរ ព្រោះជួនកាលគ្រូពេទ្យរបស់អ្នកអាចកុហកអ្នក ប៉ុន្តែបណ្តាញពត៌មានតាមអ៊ីនធឺណេតមួយចំនួន អាចប្រាប់ការពិត ឬចម្លើយដ៏ត្រឹមត្រូវមួយចំនួន ជុំវិញបញ្ហាវះកាត់នេះ និងមធ្យោយបាយថ្មី ដើម្បីដោះស្រាយ។
២. ប្រវត្តិនិងបទពិសោធន៏នៃទីកន្លែង ដែលអ្នកនឹងត្រូវឲ្យធ្វើការវះកាត់ ទាក់ទងនឹងប្រភេទជំងឺអ្នក
បន្ទាប់ពីអ្នកបានដឹងថា អ្នកពិតជាត្រូវធ្វើការវះកាត់ដោយខានមិនបាននោះ អ្នកត្រូវគិតពីប្រវត្តិទីកន្លែង បទពិសោធន៏ និងក្តីរំពឹងចេញពីទីកន្លែងដែលធ្វើការវះកាត់។ អ្នកត្រូវរាប់បញ្ចូល ទាំងបុគ្គលិកលក្ខណៈរបស់មន្ទីពេទ្យ និងគ្រូពេទ្យនៅទីនោះ ទៅតាមលក្ខខណ្ឌមួយចំនួនដូចជា៖
តើពួកគេមានបទពិសោធន៏ច្បាស់លាស់ឬទេ ទាក់ទងនឹងប្រភេទជំងឺ របស់អ្នក? តើមានតែមន្ទីពេទ្យមួយនេះឬ ដែលមានជំនាញខាងជំងឺរបស់អ្នក? ឬមានជម្រើសមន្ទីពេទ្យជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន? តើអាចមានមជ្ឃមណ្ឌលវះកាត់ ឬកន្លែងពិគ្រោះជំងឺត្រឹមត្រូវដែរឬទេ? បើសិនអ្នកមានកូនជាអ្នកជំងឺវិញ តើមន្ទីពេទ្យនោះ មានបទពិសោធន៏ច្បាស់លាស់ឬទេ? ហើយធ្លាប់បានធ្វើការវះកាត់កុមារ ក្នុងអាយុស្របាលគ្នានោះ ដោយជោគជ័យដែរ ឬទេ?
ជាពិសេសទៅទៀត អ្នកគួរតែទាក់ទងក្រុមហ៊ុនធនារ៉ាប់រងអាយុជីវិតរបស់អ្នក ឲ្យធ្វើការកំណត់កាន់តែច្បាស់ទៀត ទៅកាន់មន្ទីពេទ្យនោះ ដើម្បីសម្រួលដល់ការចំណាយ ឬធ្វើទំនាក់ទំនងនីតិវិធីផ្សេងៗទៀត ក្នុងន័យធានាសុវត្តិភាពដល់រូបអ្នក ឬកូនរបស់អ្នក នៅពេលវះកាត់។
៣. តើអ្នកត្រូវត្រៀមទាំងផ្លូវចិត្ត និងផ្លូវកាយបែបណា ជុំវិញការវះកាត់?
ការរៀបចំទាំងផ្លូវកាយ និងផ្លូវចិត្តជុំវិញការវះកាត់ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការវះកាត់ជាលក្ខណៈឯកជននេះ។ សម្រាប់មនុស្សខ្លះ ការរៀបចំបន្តិចបន្តួច គឺពិតជាមានភាពចំបាច់ខ្លាំងណាស់ ជាពិសេសការចចារ ឬពិភាក្សារាល់ការព្រួយបារម្ភជាមួយវេជ្ជបណ្ឌិត និងអ្នកជំនាញ ទាំងនោះជាមុនសិន ដើម្បីឲ្យដំណើរការនៃការវះកាត់ប្រកបដោយភាពប្រយ័ត្នប្រយែង យកចិត្តទុកដាក់។ ចំណែកផ្លូវចិត្តវិញ អ្នកក៏ត្រូវត្រៀមឲ្យបានជាក់លាក់ដែរ អ្នកគួរតែត្រៀម និងរៀបចំទុកដាក់មុន ដូចជារយៈពេលនៃការនៅផ្ទះ និងជំនួញជួញដូរ ការមើលថែរក្សាអ្នក ឬករណីអ្នកបានស្លាប់ នៅក្នុងពេល ឬក្រោយការវះកាត់។
៤. ការជ្រើសរើសប្រភេទថ្នាំសន្លប់
ការប្រើប្រាស់ថ្នាំសន្លប់ ត្រូវបានមនុស្សជាច្រើន ចាត់ទុកថា វាមានជាប់ទាក់ទងយ៉ាងជិតស្និតបំផុត ទាក់ទងនឹងការវះកាត់។ អ្នកត្រូវតែសួរទៅកាន់គ្រូពេទ្យរបស់អ្នក អំពីភាពខុសប្លែកគ្នា នៃប្រភេទថ្នាំសន្លប់។ ការវះកាត់ខ្លះត្រូវការប្រភេទថ្នាំសន្លប់មានលក្ខណៈពិសេស ប៉ុន្តែអ្នកត្រូវតែដឹងពីវាឲ្យបានច្បាស់ ដើម្បីជ្រើសរើសប្រភេទថ្នាំ ដែលសមល្មមនឹងសុខភាពរបស់អ្នក។ ដូចគ្នានេះដែរ អ្នកត្រូវតែប្រាកដថា អ្នកដឹងពីពេលវេលានៃជាតិសន្លប់របស់ថ្នាំ ហនិភ័យ និងអត្ថប្រយោជន៏របស់វា។ ការចាប់ផ្តើមពីការព្រួយបារម្ភ ពីហនិភ័យនៃថ្នាំសន្លប់ជារឿងធម្មតាមួយ ដើម្បីកាត់បន្ថយការភ័យខ្លាចដែលកើតមាន ព្រោះការប្រើប្រាស់ថ្នាំសន្លប់ សម្រាប់ជួយឲ្យមនុស្សភ្ញាក់ក្រោយពីដេក មិនមែនសម្រាប់គេងទៅរហូតទេ។
៥. តើមានគុណវិបត្តិអ្វីខ្លះ ដែលកើតមានក្រោយពីការវះកាត់?
ផលវិបាកកើតមាន ក្រោយពីការវះកាត់ គឺមិនអាចជៀសផុតបានឡើយ ប៉ុន្តែអ្នកអាចកាត់បន្ថយហនិភ័យ តាមរយៈការធ្វើតាមសេចក្តីណែនាំរបស់គ្រូពេទ្យ និងការថែរក្សាសុខភាពរបស់អ្នក ដោយនៅសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលអ្នកបានវះកាត់។ អ្នកអាចប្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក ឲ្យបានដឹងមុន ដើម្បីបង្កាបញ្ហាទាំងឡាយដែលអាចកើតមាន កំឡុងពេលសម្រាកព្យាបាលបន្ទាប់ពីវះកាត់រួច៕