សត្វឆ្មារបានសង្គ្រោះទារកមួយរូប ដែលត្រូវបំបរបង់ចោល ក្រោមសីតណ្ហភាពដ៏ត្រជាក់ (vdo)
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី១៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 19, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពេលខ្លះ សត្វបានប្រើសភាវៈគតិរបស់វា មានលក្ខណៈល្អប្រសើរជាង វិចារណញ្ញាណរបស់មនុស្សមួយចំនួននោះផង។ នៅពេលទារកមួយនេះ ត្រូវបានគេយកមកបោះចោលប្រៀបបាននឹងសម្រាម តែសត្វឆ្មារបែរជាបានយកខ្លួនវាមកត្រដុស និងគ្របពីលើដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យទារកទៅវិញ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅក្បែរអាគារស្នាក់នៅមួយកន្លែង នៃតំបន់កាលូហ្គា (Kalouga) ភាគនារតីនៃរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។
ទូរទស្សន៍រ៉ូស្សី Zvezda បានរាយការណ៍ថា ទារកអាយុប្រមាណជា២ទៅ៣ខែ ត្រូវបានគេយកមកបោះចោលនៅក្នុងក្រដាសប្រអប់មួយ ដែលជាជំរកបណ្ដោះអាសន្នរបស់ឆ្មារឈ្មោះ ម៉ាឆា (Macha) ស្ថិតនៅខាងក្រៅអាគារ ក្រោមសីតុណ្ហភាពត្រជាក់ជាងទឹកកក នៃរដូវកាលនេះ។ បើទោះជាការបំបរបង់ចោលនេះ ទំនងជាមានរយៈពេលរាប់មោងហើយក៏ដោយ ប៉ុន្តែទារកបាននៅរស់ ព្រោះ ម៉ាឆា បានចូលមកនៅក្បែររហូត និងបានយកខ្លួនវាដាក់គ្រប់ពីលើទារក ដើម្បីផ្ដល់កម្ដៅឲ្យ។
អ្នករស់នៅក្នុងសង្កាត់នោះ បានដឹងពីរឿងនេះ នៅបន្ទាប់ពីទារកចាប់ផ្ដើមស្រែកយំ ដោយទំនងជាទារកឃ្លាន។ ស្ត្រីម្នាក់បានចេញមកក្រៅមុនគេ គាត់បានប្រទះឃើញ ម៉ាឆា កំពុងលិតមុខ និងដៃរបស់ទារក។ ស្ថានីយទូរទស្សន៍បានរាយការណ៍ទៀតថា អ្នករស់នៅទីនោះទទួលអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរឿងនេះ ព្រោះថា បើគ្មានសត្វឆ្មា ម៉ាឆា ផ្ដល់កំដៅនិងភាពកក់ក្ដៅឲ្យដល់ទារកនោះទេ ទារកប្រាកដជាគាំងបេះដូងស្លាប់បាត់ទៅហើយ។
មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះសត្វឆ្មារដ៏ឈ្លាសវៃបានរត់តាមទារករហូត នៅពេលទារកត្រូវបានអ្នកស្រុកលើកមកបី ពីដៃមួយទៅដៃមួយ លុះត្រាក្រុមអ្នកជួយសង្គ្រោះបាននាំទារក ឡើងរថយន្ដជិះចេញទៅបាត់។ បើតាមសាក្សីនៅនឹងកន្លែង បានបញ្ជាក់ប្រាប់ទូរទស្សន៍រ៉ូស្ស៊ីដដែលថា ទារកមានសម្លៀកបំពាក់ស្អាតបាត និងមានកន្សែងនៅជាប់នឹងខ្លួនវាមួយចំនួនទៀត។
គ្រូពេទ្យបានអះអាងថា ទារកកំពុងទទួលការបីបាច់ និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ខណៈសុខភាពរបស់ទារកមានលក្ខណៈធម្មតា មិនមានអ្វីធ្ងន់ធ្ងរទេ។ ចំណែកឯក្រុមអាជ្ញាធរវិញ បានបើកសំនុំរឿងស៊ើបអង្កេតមួយឡើង ដើម្បីស្វែងរកម្ដាយឪពុករបស់ទារក។ អាជ្ញាធរបានបញ្ជាក់ថា ឪពុកម្ដាយរបស់ទារកអាចប្រឈាមនឹងការទទួលទោសព្រហ្មទណ្ឌ ប្រសិនណាជាគេរកឃើញ ពីបំណងរបស់ពួកគេ ក្នុងការបំបរបង់កូនខ្លួន មកដាក់ចោលក្រោមអាកាសធាតុត្រជាក់បែបនេះ ដែលអាចធ្វើឲ្យទារកស្លាប់បាន៕