នាំ​ទៅ​សម្លាប់​ក្នុង​វាល​កប់​ខ្មោច រួច​យក​មក​កាប់​សាច់​ជា​ដុំៗ​ទុក​ចំអិន

ស្ត្រីវ័យ៤២ឆ្នាំមួយរូប បានសម្លាប់បុរស អ្នករស់នៅជាប់ខាងម្នាក់ នៅក្នុងវាលកប់សាកសពមួយកន្លែង មុននឹង​យក​រាង​កាយ​ជន​រង​គ្រោះ មកកាត់ជាដុំៗ ហើយចំអិនធ្វើជាសាច់ដុត។ ហេតុការណ៍នេះ បាន​កើត​ឡើង​ទំនង​បណ្ដាល​ពី​ទំនាស់ រឿងលុយកាក់បន្តិចបន្តួច។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 18, 2015
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍​បាន​កើត​ឡើង​យ៉ាង​រំជួល​ក្រុង ដែលតូណា (Deltona) ក្នុង​រដ្ឋផ្លរីដា (Floride) សហរដ្ឋ​អាមេរិក។ រឿង​រ៉ាវ​បាន​កើត​ឡើង តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៣​មក​ម្លេះ ប៉ុន្តែ​សំនុំ​រឿង​ក្ដី​នេះ ទើប​នឹង​ត្រូវ​បាន​យក​មក​បើក​សវនាការ​ជា​ថ្មី និង​សម្រេច​ក្ដី កាល​ពី​ខែ​មុន​នេះ​ប៉ុណ្ណោះ។

លោក ជេម  (James) អាយុ​៣៦​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​បើក​រថយន្ដ​ឯក​ជន​៤បាំង នៅ​ក្នុង​ទីក្រុង ហើយ​លោក​ថែម​ទាំង​មាន​ភរិយា និង​កូន​៣​ថែម​ទៀត។ លោក​និង​គ្រួសារ​មាន​ជីវិត​សុខ​សប្បាយ​ជា​ធម្មតា ដោយ​មិន​មាន​ផល​រមាស់​អ្វី​ឡើយ... មិន​មាន​ផល​រមាស់ លុះ​ត្រា​មក​ទល់​នឹង​ហេតុការណ៍ ដែល​បង្ក​ឡើង​ក្នុង​ថ្ងៃ​មួយ ដោយ​អ្នក​ជិត​ខាង​របស់​លោក គឺ​អ្នកស្រី អេនជឺឡា (Angela)។

សារព័ត៌មានអង់គ្លេស មៀរ៉ូរ៍ (Mirror) បានរាយការណ៍ថា មិនត្រឹមតែជាអ្នកជិតខាងគ្នាទេ តែអ្នកស្រី អេនជឺឡា ក៏ធ្លាប់ជាអ្នករាប់អានជិតដិតម្នាក់ របស់លោកជេម​នោះ​ផង​ដែរ។ ឆ្លងចេញ​ពី​ទំនាក់​ទំនងនេះហើយ ទើបលោក ជេម បានទុកចិត្តឲ្យស្ដ្រីវ័យ៤២ឆ្នាំរូបនេះ ចាត់ចែង​ទៅ​លើលុយកាក់ចូលនិវត្តន៍របស់ខ្លួន។ ប៉ុន្តែទំនាក់ទំនងនេះ បានបង្ហាញផ្លែផ្ការបស់វា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ គឺអ្នកស្រីវ័យ៤២ឆ្នាំ បានប្រព្រឹត្តិរឿង​មួយ​ដ៏​សាហាវ​ឃោឃៅ បន្ទាប់ពីលោក ជេម បានមករកខ្លួនដើម្បីសុំបង្វិលប្រាក់ចំនួន៤០០០ដុល្លា (ប្រមាណជា​៣៣២១អ៊ឺរ៉ូ) មកឲ្យលោកសិន។

នៅថ្ងៃនោះ អ្នកជិតខាងទាំងពីរបានឆ្លៀតឱកាស ដើម្បីជជែកគ្នាលេងផង និងជល់កែវ ផឺកទឹកលាយមានជាតិ​អាល់កុលមួយប្រភេទផង។ បន្ទាប់មកទៀត លោក ជេម បានធ្លាក់ខ្លួនស្រវឹងជោគខ្លួន ព្រោះនៅក្នុងទឹកលាយ​នោះ មិនមានត្រឹមតែអាល់កុលនោះទេ តែស្ត្រីចំណាស់បានលួយបន្ថែមសារជាតិញៀនទៅក្នុងនោះផង។ បាន​ឱកាស​នេះ អ្នកស្រី អេនជឺឡា បាននាំលោក ជេម ចេញពីផ្ទះខ្លួន ដើរទៅកាន់ទីវាលកប់សាកសព​ដែលស្ថិត​នៅក្បែរនោះ មុននឹងយកកាំបិតចាក់ទឹកកក មកចាក់ចំកណ្ដាលមុខរបស់បុរសវ័យក្មេង និងយកខ្សែរមករឹតក រហូតដល់ជនរងគ្រោះផុតដង្ហើម។

នៅពេលរាត្រីបានមកដល់ អ្នកស្រី អេនជឺឡា បានទៅយកសាកសពរបស់ជនរងគ្រោះ មកផ្ទះអ្នកស្រីវិញ រួច​កាត់ជាដុំៗដាក់ក្នុងចានជ័រធំមួយ ដើម្បីទុកធ្វើការចំអិន។ ផ្នែកខ្លះត្រូវបានអ្នកស្រី យកមកដុតនៅក្នុង​ចង្ក្រាន​អគ្គិសនី ខណៈផ្នែកខ្លះទៀតត្រូវបានយកមកឆានៅក្នុងខ្ទះ។ ឆ្អឹងរបស់ជនរងគ្រោះ ត្រូវបានចៀរចេញយកទៅ​គ្រវាត់ចោលក្នុងធុងសម្រាម។ រីឯសាច់មួយចំនួនដែលបានឆេះខ្លោច ក៏ត្រូវបានអ្នកស្រីចៀរចេញ​យកទៅ​គ្រវាត់​ចោលដូចគ្នា។

ហេតុការណ៍ដ៏ហួសនិស្ស័យនេះ មិនអាចលាក់កំបាំងពីភ្នែកអ្នកដទៃបានឡើយ ជាពិសេសទៅទៀតនោះ គឺ​ប្អូន​ស្រីរបស់អ្នកស្រីតែម្ដង ដែលបានរាយការណ៍រឿងរ៉ាវ ប្រាប់នគរបាល។ នៅចំពោះមុខអ្នកស៊ើបអង្កេត អ្នកស្រី អេនជឺឡា បានបង្វិលសាច់រឿងជាច្រើនយ៉ាង ក្នុងនោះមានដូចជាថា អ្នកស្រីមានអារម្មណ៍ភ័យភិតនឹងលោក ជេម ខ្លាំងពេក មុននឹងឈានទៅដល់រឿងឃាតកម្មនេះ។ នៅក្នុងសវនាការកាលពីខែកញ្ញា មេធាវីរបស់អ្នក​ស្រី​បានអះអាងបន្ថែមទៀតថា អ្នកស្រីត្រូវបានលោក ជេម រំលោភបំពានលើរាងកាយ នៅក្នុងរថយន្ដ ដែលធ្វើឲ្យ​អ្នកស្រីភ័យភិត ដល់សុវត្ថិភាពផ្ទាល់ខ្លួន និងកូនរបស់អ្នកស្រី។

យ៉ាងណាក៏ដោយ តុលាការក្រុង វ៉ូលូស្យ៉ា (Volusia) បានរកឃើញពីទោសកំហុសរបស់អ្នកស្រី ហើយបានដាក់​ទោសអ្នកស្រី ពីបទមនុស្សឃាត នៅក្នុងសវនាការជាថ្មី ក្នុងខែធ្នូកន្លងទៅ។ បើគិតមកទល់នឹងថ្ងៃសម្រេចក្ដី​សាលក្រម សំនុំរឿងនេះមានរយៈពេល១ឆ្នាំកន្លះទៅហើយ តែក្រុមគ្រួសារជនរងគ្រោះ និងបណ្ដាអ្នករស់នៅ​ក្បែរខាង នៅតែមានអារម្មណ៍រន្ធត់ញាប់ញ័រនៅឡើយ ពីទង្វើឧក្រិដ្ឋដ៏ព្រៃផ្សៃរបស់អ្នកស្រី អេនជឺឡា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...