ចាប់ខ្លួនសេដ្ឋី ប៉ូឡូស្គី នៅរ៉ូស្សី ក្រោយពីបណ្ដេញចេញពីកម្ពុជា
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 18, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការរបស់ប្រទេសរ៉ូស្សី បានសង្ស័យលោក ស៊ែរហ្គៃ ប៉ូឡូស្គី អាយុ៤២ឆ្នាំ ពីបទលួចកិបកេង ប្រាក់រាប់លានដុល្លា នៅក្នុងរឿងអាស្រូវនៃអចលនវត្ថុ តាំងពីច្រើនឆ្នាំ មកហើយ។ តំណាងមួយរូប ពីក្រសួងមហាផ្ទៃរ៉ូស្សី អ្នកស្រី អេឡេណា អាឡិចសៃវ៉ា (Elena Alexeïeva) បានប្រកាស នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «លោក ប៉ូឡូស្គី ត្រូវបានបញ្ជូនខ្លួន មកដល់ប្រទេសរ៉ូស្សី ហើយនឹងត្រូវរងចំណាត់ការ តាមផ្លូវច្បាប់»។
ក្រុមមេធាវីការពារក្ដី ឲ្យមហាសេដ្ឋីរូបនេះ បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះ ប៉ុន្តែពួកគេមិនបានជួបលោក ប៉ូឡូស្គី ទេ។
នៅខែ សីហា ឆ្នាំ២០១៤ តុលាការមួយរបស់ប្រទេសរ៉ូស្សី បានចេញដីកា ឲ្យតាមចាប់ខ្លួនលោក ប៉ូឡូស្គី ដែលជាអ្នកជំនួញដ៏ល្បីម្នាក់ ពីបទបានចូលរួម នៅក្នុងការឆរបោកដ៏ធំមួយ ដែលមានទំហំជាទឹកប្រាក់ ប្រមាណជា ៥,៧ពាន់លានដុល្លា។ ទឹកប្រាក់ទាំងនេះ ប្រមូលបានពីក្រុមអ្នកវិនិយោគទុន ប្រមាណជាង ៨០នាក់ ដែលចូលទាក់ទងរកស៊ី ជាមួយលោក ប៉ូឡូស្គី។
ចំពោះលោក ប៉ូឡូស្គី វិញ បានបដិសេធកាលពីឆ្នាំទៅម៉ិញ នូវរាល់ទោសកំហុសទាំងអស់ ហើយបានបរិហារករណីនេះ ថាជាសំនុំរឿង ដ៏«អស្ចារ្យ»មួយ ដែលមានមនុស្ស«អាក្រក់» ជាច្រើននាក់ បានចូលរួម។ លោកបានថ្លែងនៅពេលនោះថា៖ «ខ្ញុំអត់មាន បានយកប្រាក់អ្វីទេ»។
បញ្ហាផុត«ទិដ្ឋាការ»
រីឯភរិយារបស់លោក អ្នកស្រី អ៊ុលហ្គា ដេរីប៉ាស្កា (Olga Deripaska) វិញ បានថ្លែងប្រកែក ទៅកាន់អ្នកសារព័ត៌មានថា លោក ប៉ូឡូស្គី មិនបានរស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ ដូចការចោទប្រកាន់ របស់អាជ្ញាធរកម្ពុជានោះឡើយ។ អ្នកស្រីបានពន្យល់ថា បើទោះជាទិដ្ឋាការ បានអស់សុពលភាព តាំងពីពីរឆ្នាំមុនក៏ដោយ តែ«យើងបានទទួល ទិដ្ឋាការថ្មី សម្រាប់រយៈពេលមួយឆ្នាំ កាលពីខែវិច្ឆិកាកន្លងទៅនេះ»។
លោក ប៉ូឡូស្គី ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួន នៅលើកោះដំឡូង ក្នុងឆកសមុទ្រ នៃខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ពីបទអស់សិទ្ធិរស់នៅ ស្របច្បាប់ ក្នុងប្រទេស។ កាលពីចុងខែធ្នូ ឆ្នាំ២០១២ មហាសេដ្ឋីរូបនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួន និងបន្ទាប់មក ត្រូវបានសាលាដំបូង ខេត្តព្រះសីហនុ ផ្ដន្ទាទោស ក្រោមបទចោទប្រើហិង្សា និងឃុំខ្លួនកម្មករខ្មែរ ៦នាក់ដោយខុសច្បាប់។ ប៉ុន្តែ លោក ប៉ូឡូស្គី បានមានសេរីភាពវិញ ក្រោយពីកម្មករទាំង ៦នាក់ ព្រមបញ្ចប់ និងដកពាក្យបណ្ដឹង ហើយទទួលសំណង ក្នុងម្នាក់ ២ម៉ឺនដុល្លា។
កាលពីអំឡូងខែមេសា ឆ្នាំ២០១៤ តុលាការកំពូល នៃប្រទេសកម្ពុជា ធ្លាប់បានច្រានចោល សំណើសុំធ្វើបត្យាប័ន ជាថ្មីទៀត របស់ក្រសួងការបរទេសកម្ពុជា (តាមការស្នើររបស់ប្រទេសរ៉ូស្សី) ដោយតុលាការសំអាងលើ កង្វះភស្ដតាងច្បាស់លាស់ ពីខាងអាជ្ញាធររ៉ូស្សី៕