ព្រះរាជា​លើក​លែង​ទោស​ឲ្យ សួន សេរី​រដ្ឋា​ តាម​ការ​ស្នើ​របស់ ហ៊ុន សែន

លោក សួន សេរីរដ្ឋា ពលរដ្ឋខ្មែរអាមេរិកាំង ទើបនឹងត្រូវបាន ព្រះមហាក្សត្រកម្ពុជា ព្រះរាជទាន ការលើក​លែង​ទោស បន្ទាប់​ពី​មេដឹកនាំ ចលនា​នយោបាយ​ខ្មែរ នៅ​បរទេស​រូបនេះ ត្រូវបានតុលាការនៃប្រទេសកម្ពុជា ផ្ដន្ទាទោស​ដោយ​កំបាំង​មុខ ឲ្យ​ជាប់​​ពន្ធនាគារ​ជាច្រើនឆ្នាំ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 10, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សួន សេរី​រដ្ឋា​ ពលរដ្ឋ​ខ្មែរ​អាមេរិក និងជាមេដឹកនាំ ចលនានយោបាយ «អំណាចពលរដ្ឋខ្មែរ» ដែល​ត្រូវ​បាន​តុលាការ សម្រេច​ផ្តន្ទាទោស កាលពី​ឆ្នាំ​២០១៥នោះ ទើបនឹងត្រូវបាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានលើកលែងទោស ក្នុងថ្ងៃនេះ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ ​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកម្ពុជា ធ្វើនៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ និងចុះ​ហត្ថលេខា​វាយត្រា ដោយលោក សយ សុខា អគ្គលេខាធិការ​រាជរដ្ឋាភិបាល ក្នុងថ្ងៃដដែលនេះ បានត្រាស់​បង្គាប់​ថា ត្រូវលើកលែងទោស អោយទណ្ឌិត​ឈ្មោះ ​សួន ​សេរីរ​ដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ ដែលត្រូវ​បាន​តុលាការ សម្រេច​ផ្តន្ទាទោស ដាក់ពន្ឋនាគារ តាមអំណាចសាលដីកា ស្ថាពរលេខ៣១ប្រ.អ.ប ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ របស់សាលាឧទ្ឋរណ៏។ ព្រះរាជក្រឹត្យនេះ បានបង្គាប់ឲ្យលោក ហ៊ុន សែន នាយករ​ដ្ឋ​មន្ត្រីកម្ពុជា ត្រូវទទួលបន្ចុក អនុវត្តអោយបានសម្រេច និងត្រូវចូលជាធរមាន ចាប់ពីថ្ងៃឡាយ​ព្រះ​ហស្ថ​លេខា​តទៅ។

ស្រង់សំដីដោយវិទ្យុអាស៊ីសេរី មន្ត្រី​នាំ​ពាក្យ ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់​ថា ការ​លើក​លែង​ទោស​នេះ​ ទំនងជាលោក ហ៊ុន សែន ​មិន​ចង់​ឲ្យ​មាន ​ភាព​មិន​ចុះ​សម្រុង​គ្នា ​រវាង​អ្នក​នយោបាយ​ខ្មែរ​ គ្នា​ឯង​។ លោក ស៊ីផាន បានថ្លែងថា៖ «លោក​ចង់​ឃើញ​ថា អ្នក​នយោបាយ​កុំ​ឈ្លោះ​គ្នា នាំ​គ្នា​មក​បង្កើត​គណបក្ស​នយោ​បាយ​​ទៅ ហើយ​យើង​ប្រជែង ​ទាញ​យក​ប្រជាប្រិយ​ពី​ពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​ទេ ​អ្នក​ជ្រើសរើស​នរណា ឬ​គណបក្ស​​ណា ​ជា​អ្នក​កាន់​អំណាច»។

ដោយឡែក នៅលើទំព័រហ្វេសប៊ុក របស់លោក សួន សេរីរដ្ឋា បែរជាថ្លែងបង្កា ឲ្យប្រុងប្រយ័ត្ន ពីការលើក​លែង​ទោសនេះ ទៅវិញ។ លោក រដ្ឋា បានសរសេរ នៅលើជញ្ជាំងហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «កុំអាល​ទាន់​ត្រេកអរ ជាមួយនឹង ល្បិចបើកទ្វាមច្ចុរាជ របស់សត្រូវឲ្យសោះ។ ទ្វាមួយនេះ មើលទៅលំអរ ដោយផ្កាមាស មេអំបៅមាស ក្លឹនក្រអូបខ្លឹមច័ន្ទគ្រឹះស្នា មានចំហាយត្រជាក់ស្រេប និងអមដោយភ្លេងត្រែ បន្ទរកំដរផង។ តែ​កុំ​ភ្លេចថា ចំរ៉ូងដែក ផ្សែងពុល និងអាវុធយុទ្ធោបករណ៍ សង្គ្រាមគ្រប់ប្រភេទ គេកំពុងតម្រ៉ង់មកយើង ជាមួយ​នឹង​កែវភ្នែកស្រវឹង គ្មានព្រំដែន និងកំហឹងយ៉ាងក្រពុលមុខរបស់គេ។»

​សូម​រម្លឹកថា លោក ​សួន​ សេរី​រដ្ឋា ត្រូវបាន​តុលាការ ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​កំបាំងមុខ កាល​ពី​ខែមករា ឆ្នាំ​២០១៥ ដាក់ពន្ធនាគារ ៧ឆ្នាំ ពី​បទ​រួម​គំនិត​​ក្បត់​ជាតិ អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ​ ដែលមាន​សិទ្ធិ​បោះឆ្នោត​ មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ការរំខាន ​មិនឲ្យដំណើរ​ការ​បោះឆ្នោត​បាន និង​ញុះញង់​​ឲ្យ​ប្រព្រឹ​ត្ត​​​បទ​ឧក្រិដ្ឋ​​ជា​​អាទិ៍។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់បាន​ចោទប្រកាន់​លោក សួន សេរី​រដ្ឋា ថា​ជា​មេដឹកនាំ​ចលនា​ខុស​ច្បាប់ ដែលមាន​ឈ្មោះថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ក្នុង​បំណង​ផ្តួលរំលំ ​រដ្ឋាភិបាល​កម្ពុជា​៕


» ព្រះរាជក្រិត្យលើកលែងទោស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...