អ៊ុំ សំអាន៖ វ៉ា គឹមហុង ស៊ុំ​គ្រលំ​ប្ដូរ​ដី​ខ្មែរ​និង​ខ្មែរ ប្រគល់​ឲ្យ​យួន

ជំនួបរយៈពេលបីថ្ងៃ រវាងប្រធានគណៈកម្មាធិការ ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា និង​អនុ​រដ្ឋមន្រ្តី​ការបរទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ មើលឃើញថា កម្ពុជា​បាន​បាត់​បង់​ដី ព្រោះ​បាន​ឯកភាព យក​ដី​ខ្មែរ ទៅ​ដូរ​ជា​មួយ​ដី​ខ្មែរ ឲ្យវៀតណាមគ្រប់គ្រង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 11, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាកិច្ចប្រជុំបិទទ្វា របស់គណៈកម្មការចម្រុះ ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម ត្រូវ​បាន​បញ្ចប់ទៅ ដោយការលាក់លៀម មិនបញ្ចេញព័ត៌មានលំអិត មកជាសាធារណៈ ពីមន្ត្រីរដ្ឋាភិបាល ដែល​តំណាង​ឲ្យប្រជាជាតិកម្ពុជាក៏ដោយ ប៉ុន្តែសម្រាប់ក្រុម អ្នកឃ្លាំមើលកិច្ចការព្រំដែន ជាពិសេសអ្នកតំណាង​រាស្ត្រ មកពីគណបក្សប្រឆាំងកម្ពុជា បានអះអាងថា នៅក្នុងអង្គប្រជុំនោះ មានការស៊ុំគ្រលំ ផ្ដោះប្ដូរដីរវាងខ្មែរ និង​ខ្មែរ យកទៅប្រគល់ឲ្យវៀតណាម។

តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើង ក្នុងកិច្ចសម្ភាស ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា សេចក្ដីប្រកាស របស់គណកម្មការព្រំដែនកម្ពុជា ពាក់ព័ន្ធនឹងបញ្ហា​ព្រំដែន​នេះ មានលក្ខណៈចង្អៀត មានត្រឹមតែមួយទំព័រ សរសេរតែបីចំណុច និងមានការអះអាង ដោយមិនត្រូវរឿង ខណៈ​សេចក្តីប្រកាស របស់ភាគីវៀតណាម ជូនពលរដ្ឋរបស់គេ តាមរយៈសារព័ត៌មាននានា មានរហូតដល់​ទៅ​បី​ទំព័រ។

សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ដោយគណៈកម្មការព្រំដែនចំរុះ កាលពីថ្ងៃទី៩ ខែកក្កដា កាល​ពីថ្ងៃទី៩ ខែកក្កដានេះ បានលើកឡើងថា ក្រោយជំនួនប្រជុំ នៃគណកម្មការបោះបង្គោលព្រំដែន កម្ពុជា​-​វៀតណាម ទទួលបានលទ្ធផលបីចំណុច ក្នុងនោះ រួមមាន កម្ពុជា-វៀតណាម នឹងខិតខំបញ្ចប់កិច្ចការព្រំដែន ឲ្យបានឆាប់ - ភាគីទាំងពីរទទួលស្គាល់ និងអនុវត្តតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី១៧ខែមករា ឆ្នាំ១៩៩៥ ដោយរក្សាស្ថានភាពបច្ចុនប្បន្ន នៅតាមព្រំដែន  និងភាគីទាំងពីរព្យាយាមរក្សាទំនាក់ទំនងល្អ រវាង​ប្រទេស​ទាំងពីរ តាមរយៈការរួមគ្នាទប់ស្កាត់ បាតុភាពនានាតាមព្រំដែន។

ដោយឡែក សេចក្ដីប្រកាសស្ដីពីការចរចារ រឿងព្រំដែន  របស់ភាគីវៀតណាម មានភាពលំអិត គ្រប់ជ្រុង​ជ្រោយ ព្រមទាំងមានលើកមកនិយាយ ពីសន្ធិសញ្ញា ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ នោះថែមទៀត។ សូមអាន​សេចក្ដី​ប្រកាស​លំអិត ដោយចុចនៅលើទីនេះ

វៀតណាមហ៊ានផ្សាយ ព្រោះគេចំណេញដី

ភាពខុសគ្នា នៃការផ្សព្វផ្សាយនូវព័ត៌មានរ ទាក់ទងនឹងការចរចាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេស​វៀតណាម នេះ ត្រូវបានលោក អ៊ុំ សំអាន បកស្រាយថា នោះដោយសារតែកម្ពុជា ខាត់បង់ដី ខណៈ​ប្រទេស​វៀតណាម បានចំណេញដី ដូចជាបានបង្ហាញ ពីផលចំណេញរបស់គេ ដោយបានយកដីខ្មែរ ដូរជាមួយ​ខ្មែរ​យើង ដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម។ លោកបញ្ជាក់ថា ថ្វីត្បិតវៀតណាម​ជា​ប្រទេស​កុម្មនីស គេចំណេញ គេធ្វើការផ្សព្វផ្សាយព័ត៌មាន បានច្បាស់លាស់ គ្រប់ជ្រុង និងទូលំទូលាយ ឯកម្ពុជា​ខាត ម្តេចនឹងហ៊ានផ្សាយទៅ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុអ្វីបានជាយើង មិនហ៊ានផ្សាយ​ព័ត៌មាន? ដោយសារយើងខាត ស៊ុំគ្រលំកាត់ដីឲ្យយួន។ អូរបើយើងចំណេញ ប្រកាសក្តាំងៗ ដូចរឿង​ព្រះវិហារ​អញ្ចឹង។»

តំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានលើកជាឧទាហរណ៍ មកបញ្ជាក់ដូច្នេះថា៖ «ដូចភូមិសម្តេច ហេង សំរិន គេថាដីយួន ដូច្នេះគេចរចា ដើម្បីរក្សាដីភូមិ (ហេង សំរិន) នោះ ត្រូវរកភូមិពី ឬបី ដែលមានទំហំប៉ុនដី​ភូមិសម្តេច ហេង សំរិន ឲ្យទៅយូន។ (…) គេចរចារ ត្រូវយកភូមិខ្មែរនោះមកវិញ (ភូមិហេង សំរិន) ទើបជាការ​ជោកជ័យ។ ចុះបើចរចាទុកភូមិនោះ ហើយបែរជាយកភូមិខ្មែរពីរផ្សេងទៀត ឲ្យវៀតណាមជំនួសភូមិ ហេង សំរិន ដូចជារឿងកូនក្មេងលេងចឹង។ តើចចារអ្វីរបៀបបាត់ដីដូច្នេះ? បើលោក វ៉ា គឹមហុង មានសមត្ថភាព ត្រូវ​យកដីទាំងអស់មកវិញ។ មិនមែនយកដីខ្មែរ យកភូមិខ្មែរ ទៅដូរយកដីខ្មែរ និងភូមិខ្មែរ ជាមួយវៀតណាម​នោះ​ទេ។ តើនេះជាការចំណេញរបស់ខ្មែរ?»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា និងលោក ផៃ ស៊ី ផាន មន្រ្តីនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តីបានឡើយ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៥នេះ ទាក់ទងនឹងការចោទប្រកាន់ខាងលើ របស់លោកអ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្ស​សង្គ្រោះ​ជាតិ។

ដោយឡែក បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសូង ការបរទេសកម្ពុជា បាន​លើក​ឡើង ត្រឹមតែបីចំណុចប៉ុណ្ណោះ ដែលពាក់ព័ន្ធ នឹងការបញ្ចប់ការចីកដី និងការសង់ប៉ុស្តិ៍យាម នៅលើទឹកដី​ខ្មែរ។ សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែកក្កដានេះ បានសរសេរថា អនុរដ្ឋមន្រ្តីប្រទេសវៀតណាម ទទួល​យក​សំណើរកម្ពុជា ក្នុងការលប់ស្រះ ផ្អាកការសាងសង់ប៉ុស្តិ៍យាម និងការសាងសង់ផ្លូវជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...