កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត ផ្តំ​គ្នា​តវ៉ា​នៅ​មុខ​ស្នាក់​ការ​គយ​

ការបដិសេធន៍របស់ប្រធានការិយាល័យគយ ច្រកព្រំដែនប៉ោយប៉ែត មួយលើកជាពីរលើក បានធ្វើឲ្យក្រុមកម្មករអូសរទេះ ទ្រាំនឹងការរងចាំទៀតមិនបាន ក៏ប្រមូលផ្តំគ្នានៅមុខទីស្នាកការគយ ដើម្បីធ្វើការតវ៉ាឲ្យ មានដំណោះស្រាយមួយសមរម្យ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 20, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម​​កម្មករ​អូស​រទេះ នៅ​ព្រំដែន​កម្ពុជា-ថៃ ច្រក​ប៉ោយ​ប៉ែត បាន​ប្រមូល​គ្នា នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ ពី​មុខ​ការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត ដើម្បី​ទាម​ទារ​ឲ្យ​មាន​គិត​គូរ​ដល់​ពួក​គេ ដែល​សុទ្ធ​សឹង​ជា​អ្នក​ប្រកប​របរ​តូច​តាច ដើម្បី​គ្រាន់​តែ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ។

តំណាង​កម្មករ​អូស​រទេះ​ម្នាក់ ឈ្មោះ ពែង ចាន់ដារ៉ា នៅ​ច្រក​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ពួកគាត់​គ្រាន់​តែ​សុំ​ឲ្យ​មេ​គយ​ច្រក​ព្រំ​ដែន​នេះ មាន​ការ​បន្ធូរ​បន្ថយ រាល់​ការ​រឹត​បន្ដឹង និង​ចាប់​អ្នក​អូស​រទេះ​ចេញ​តាម​ច្រក​ព្រំដែន។ ម្យ៉ាង​ទៀត​រាល់​ឥវ៉ាន់​តិច​តួច ក៏​មិន​លើក​លែង ដោយ​មាន​ការ​បញ្ជា​ពី​ក្រុមហ៊ុន​ថោងឡេង របស់​អ្នកស្រី ថោង ឡេង ដែល​បាន​រាយការណ៍ ទៅ​ប្រធាន​គយ​ប្រចាំ​ការ​នៅ​ច្រក​ប៉ោយប៉ែត​នេះ ឲ្យ​ចាប់​អ្នក​អូស​រទេះ​តូច​តាច​មក​បង់​ពន្ធ។

ដំណាងកម្មកររូបនេះ បានបញ្ជាក់ទៀតថា៖ «ឥវ៉ាន់តិចតូចចាប់ឲ្យបង់ពន្ធ ហើយម្ចាស់ក្រុមហ៊ុន ថោង ឡេង ជាអ្នកបញ្ជាឲ្យចាប់ ព្រោះគាត់ទុកឲ្យកូនចៅរបស់គាត់រកស៊ី»។ លោកថា បើមិនមានការបន្ធូរបន្ថយទេ ក្រុម​អ្នកអូសរទេះតូចតាចដូចពួកលោក នឹងដាច់បាយមិនខាន ព្រោះសព្វថ្ងៃ ពួកលោកមានតែមុខរបរមួយនេះ​ប៉ុណ្ណោះ សម្រាប់ចិញ្ចឹមជីវិតនៅព្រំដែន។

ករណីជួបជុំខាងលើត្រូវបានលោក ឈួន ហៃ មេគយច្រកប៉ោយប៉ែត បដិសេធន៍ទាំងស្រុងថា លោកមិន​បាន​ដឹងពីរឿងការជួបជុំរបស់អ្នកអូសរទេះ និងការឃុបឃិតរវាងមន្ត្រីគយនិងក្រុមហ៊ុនថោងឡេង នោះទេ។ លោក ថែមទាំងបានសួរមកទស្សនាវដ្ដីវិញថា តើរឿងនេះវាកើតឡើងនៅពេលណា ហើយអ្នកណាជា​អ្នក​ប្រាប់​​អ្នក​សារព័ត៍មាន? លោក បានបញ្ជាក់ទៀតថា៖ «បើមានការជួបជុំនោះ អនុការិយាល័យខ្ញុំនឹងផ្តល់​ដំណឹង​ឲ្យ​ខ្ញុំ»។

លោកបានបដិសេធន៍ មិនបានដឹងចំពោះរឿង ដែលតំណាងកម្មករនិយាយថា ក្រុមហ៊ុនលោកស្រី ថោង ឡេង បញ្ជាឲ្យគយចុះចាប់អ្នកអូសរទេះតូចតាចនោះទេ។

រីឯអ្នកស្រី ថោង ឡេង ប្រធានក្រុមហ៊ុនថោងឡេងវិញ បាននិយាយខ្លាំងៗ ឆ្លើយតបជាមួយអ្នកសារព័ត៍មាន ទាំងមិនទាន់ទទួលបានសំនួរថា អ្នកស្រីមិនបានដឹងអ្វីទាំងអស់ ជាពិសេសថា អ្នកស្រីមិនជាប់ពាក់ព័ន្ធជាមួយ​កម្មករ​អូសរទេះនោះទេ។ អ្នកស្រី បាននិយាយបន្ថែមថា៖ «បើអ្នកចង់ដឹងច្បាស់ ចុះទៅមើលនៅព្រំដែនទៅ»។

យ៉ាងណាក៏ដោយ ក៏ការតវ៉ារបស់ក្រុមកម្មករ នៅតែជារឿងត្រិមត្រូវ ព្រោះក្រុមកម្មករត្រូវលើកឡើង ទៅដល់​ប្រធាន​គយច្រកព្រំដែន នូវអ្វីដែលពួកគេមិនអានទទួលយកបាន។ នេះបើតាមលោក ស៊ុំ ចាន់គា ជាមន្ត្រី​ឃ្លាំ​មើល របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំនៅខេត្តបន្ទាយមានជ័យ។ លោកបានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា គយខ្លួនឯងត្រូវត្រូតពិនិត្យឲ្យដឹងថា តើរទេះណា ដែលមានតម្លៃប៉ុន្មានឲ្យច្បាស់​លាស់។

លោក ស៊ុំ ចាន់គា បានបន្តថា តំបន់ព្រំដែនជាតំបន់«យក្សចុះស៊ីត្រីក្អិត» ម្នាក់ៗចាំតែឱកាស ដើម្បីរកចំណេញ​លើអ្នកដ៏ទៃ។ ដូច្នេះ រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ពីបញ្ហានេះ ឲ្យបានហ្មត់ចត់ បើមិនដូច្នោះទេ អ្នកដែល​ប្រកបរបរតូចតាច ដូចយ៉ាងក្រុមកម្មករស៊ីឈ្នួលអូសរទេះទាំងនោះ ច្បាស់ជាត្រូវគេចាប់ឲ្យបង់ពន្ធទាំអស់ ដោយ​មិនមានលិខិតស្នាមច្បាស់លាស់ និងមិនដឹងថា តើលុយទាំងនោះចូលរដ្ឋ ឬមួយក៏អត់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...