កម្មករ​​រោង​ចក្រ​ដែល​ត្រូវ​បាន​ដោះលែង ត្អូញ​ថា​ខ្លួន​រង​ការ​វាយ​ដំ

ការចាប់ខ្លួនជនមួយចំនួន កើតចេញពីការប៉ះទង្គិចគ្នារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានក្រុមអ្នក​តវ៉ា​តម្លើងប្រាក់ខែទាំងអស់ ធ្វើការតវ៉ាបិទផ្លូវទាមទារ ឲ្យមានការដោះលែងជនដែលបានចាប់ខ្លួនទាំង​នោះត្រឡប់​មក​វិញ។ ទោះបីជាខាងអាជ្ញាធរបាននិយាយថា ពួកគេត្រូវបានដោះលែងហើយក្តី ក៏ពួកគាត់នៅមិនទាន់ជឿ​នៅ​ឡើយ ហើយបន្តការតវ៉ារហូតដល់ឃើញវត្តមាន នៃជនរងគ្រោះដែលបានចាប់ខ្លួនទាំងនោះផ្ទាល់នឹងភ្នែក។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: December 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចាប់ខ្លួនជនមួយចំនួន កើតចេញពីការប៉ះទង្គិចគ្នារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានក្រុមអ្នក​តវ៉ា​តម្លើងប្រាក់ខែទាំងអស់ ធ្វើការតវ៉ាបិទផ្លូវទាមទារ ឲ្យមានការដោះលែងជនដែលបានចាប់ខ្លួនទាំង​នោះត្រឡប់​មក​វិញ។ ទោះបីជាខាងអាជ្ញាធរបាននិយាយថា ពួកគេត្រូវបានដោះលែងហើយក្តី ក៏ពួកគាត់នៅមិនទាន់ជឿ​នៅ​ឡើយ ហើយបន្តការតវ៉ារហូតដល់ឃើញវត្តមាន នៃជនរងគ្រោះដែលបានចាប់ខ្លួនទាំងនោះផ្ទាល់នឹងភ្នែក។


កងកម្លាំងរបស់អាជ្ញាធរ ដែលបានដាក់ពង្រាយនៅមុខតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នាផ្លូវជាតិលេខ៤។ (រូបថត MONOROOM.info/ O.Vary)

លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ពិតជា មានការបាញ់​ពី​សំណាក់អាជ្ញាធរមែន តែការបាញ់នេះគឺបាញ់ទៅលើទេ។ ការប៉ះទង្គិចគ្នាទៅវិញទៅមក ធ្វើឲ្យកម្មករមានការរង​របួសមួយចំនួន។ រហូតមកពេលនេះ ពួកគាត់ទាំងបីនាក់ ត្រូវបានដោះលែងឲ្យត្រឡប់មកវិញហើយ និងកំពុង​សំរាក​ព្យាបាល។ ដោយឡែកក្រុមបាតុករនៅតែ បន្តការធ្វើបាតុកម្មបិទផ្លូវដដែល ក្នុងន័យសុំឲ្យមានការតម្លើងប្រាក់ខែ និងគោរពច្បាប់ការងារ។

ហេតុការណ៍ប៉ះទង្គិចនេះ បានកើតឡើងនៅមុខក្លោងទ្វាច្រកចូល តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅលើផ្លូវជាតិ​លេខបួន ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រមាណជាជាង៩ព្រឹក ថ្ងៃទី២៧ខែធ្នូនេះ។

តំណាងកម្មករ លោក ធារ៉ា បានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យកើតមានអំពើហិង្សានេះថា ដោយសារតែ​ក្រុមកម្មករមកពីគ្រប់រោងចក្រ បានដង្ហែរក្បួនមកដល់ទីកន្លែងកើតហេតុនេះ ហើយបានស្រែកឲ្យមានការ​ទាមទារ​តម្លើងប្រាក់ខែ និងសុំឲ្យមានការចូលរួមពីខាងកម្មករកម្មការី ក្នុងរោងចក្រតំបន់ពិសេសដើម្បីចូលរួមដែរ ប៉ុន្តែត្រូវ​បានហាមឃាត់ពីក្រុមសមត្ថកិច្ចនៅទីនោះ និងបានចាក់សោមិនឲ្យ កម្មករកម្មការីនៅទីនោះចេញមក ដើម្បីប្រើ​ប្រាស់សិទ្ធិរបស់ខ្លួន។ មួយវិញទៀត ខាងកងប្រដាប់អាវុធបានយកដំបងឆក់មកជ្រលរស្រ្តីម្នាក់ ទើបធ្វើឲ្យ​កម្មករ​ផ្សេងៗទៀតឃើញ និង ធ្វើការតបតចំពោះទង្វើរនោះវិញ ដោយដុំថ្ម។

បន្ទាប់ពីត្រូវបានដោះលែងមកវិញ លោក​ហង្ស ធារុណ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងៗទៀត បាន​និយាយក្នុងសម្លេងស្រាលៗស្ទើរស្តាប់មិនបានថា ខាងអាជ្ញាធរបានវាយ ដុំលើខ្លួនគាត់រហូតដល់កន្លែងសួរចម្លើយ។ ពេលនេះ លោកមានរបួសត្រង់ក្បាល និងនៅលើដងខ្លួនមួយចំនួន។ រីឯ ភរិយាជនរងគ្រោះដែលនៅក្បែរនោះ ក៏​បាន​ថ្លែងបញ្ជាក់ ពីក្តីព្រួយបារម្ភរបស់អ្នកស្រីដែរ ជុំវិញសភាពធ្ងន់ធ្ងរ នៃរបួសនៅលើក្បាលរបស់ប្តីអ្នកស្រី។

ទស្សនាវដ្ដីបានស្វែងរកប្រតិកម្មពីខាងសមត្ថកិច្ច ដើម្បីបញ្ជាក់ពីការវាយដុំខាងលើ តែសមត្ថកិច្ចម្នាក់ឈ្មោះ វី បាន​ឆ្លើយតបយ៉ាងខ្លី មុននឹងបិទទូរស័ព្ទថា ក្រោយពីចាប់ឃាត់ខ្លួនហើយ គឺមានការដោះលែងវិញភ្លាមតែម្តង ដោយ​សារ​មានការ«សុំទោស»ពីជនរងគ្រោះ។

សាក្សីផ្ទាល់នឹងកន្លែងអ្នកស្រី សុខ អន ធ្វើការនៅរោងចក្រកាត់ដេរដំបូកក្រហម និងមានទីលំនៅ​ក្នុងផ្ទះជួលមួយ​ ក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ទស្សនាវដ្ដីថា អ្នកស្រីបានឃើញអាជ្ញាធរ ទាត់ធាក់ទ្វាផ្ទះនៅក្បែរ​នោះជា​ច្រើនដង ជាហេតុធ្វើឲ្យអ្នកស្រីភិតភ័យយ៉ាងខ្លាំង និងបានបិទទ្វាផ្ទះរបស់ខ្លួន។ បន្ទាប់ពីលែងលឺសម្លេង​ទាត់​ធាក់​នោះទៀត អ្នកស្រីដែលមិនបានចូលរួមក្នុងបាតុកម្មរូបនេះ បាន  បង្ហើបបើកទ្វារបស់ខ្លួនឡើងវិញ ហើយបាន​មើល​ឃើញកងកម្លាំងរបស់អាជ្ញាធរ តាមវាយដុំច្រំធាក់លើមនុស្សដៃទទេបួននាក់ ក្នុងនោះមានស្រ្តីម្នាក់ផង។ អ្នក​ស្រី​បញ្ជាក់ទៀតថា ជនរងការវាយដំទាំងនោះ មិនត្រូវបានចាប់ខ្លួនទេ ដោយសារយុវជនម្នាក់ ដែលទំនងជាសង្សាស្រ្តី​នោះ បានលើ​ដៃ​សុំអង្វរ។

ហេតុការណ៏នៃការបង្ក្រាប ឈានទៅដល់ការវាយដំបាញ់បោះទាំងនេះបានកើតឡើង ខណៈស្ថានការណ៍​នយោបាយ និងការទាមទាររបស់កម្មករ មានសភាពតានតឹងឡើងជាលំដាប់។ ក្រុមកម្មករបានទាមទារ​ឲ្យមាន​ការតម្លើង​ប្រាក់​ខែរបស់ពួកគេ រហូតដល់១៦០ដុល្លារអាមេរិក ក្នុងមួយខែ ខណៈក្រសួងការងារបានប្រកាស​ឲ្យ​ឡើង​ត្រឹម​តែ​៩៥​ដុល្លារប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៤នេះ។ ប៉ុន្តែក្រុមអ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា បាន​និយាយ​ថា ៩៥ដុល្លារ មិនសមល្មមនឹងឲ្យកម្មករទាំងនោះរស់បាន ជាមួយជីវភាពត្រឹមត្រូវនោះទេ ដោយសារ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ មិនមានភាពសមាមាត្រទៅនឹងប្រាក់ខែដ៏តិចតួចនេះឡើយ។

ទាក់ទងនឹងវិធានការបង្ក្រាបវាយដំបាញ់បោះ របស់កងកម្លាំងអាជ្ញាធរ ទៅលើក្រុមបាតុករអហិង្សាទាំងនេះ មន្ត្រី​សិទ្ធិ​មនុស្ស លោក ណៃ វ៉ង់ដា បានពន្យល់ទៀតថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិលយល់ឃើញថា ការដោះ​ស្រាយបែបនេះ ដោយកងកម្លាំងអាជ្ញាធរ មិនមែនជាដំណោះស្រាយមួយដ៏ល្អទេ។ ការដោះស្រាយបែបនេះ ដូច​ជាការដុតឲ្យមាន​កំហឹង​កាន់តែខ្លាំងឡើងទៅវិញ៕

---------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...