សម្ភាសភិក្ខុ យិន រតនៈសុធាវី៖ កម្ពុជាចាត់ទុកពលរដ្ឋខ្លួនដូចឆ្កែដូចឆ្មា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសគេ ចាត់ទុកប្រជាពលរដ្ឋជាស្តេច ដោយឡែកសម្រាប់កម្ពុជា បែរជាចាត់ទុកប្រជាពលរដ្ឋខ្លួនឯងជាឆ្កែ ជាឆ្មា វាយដំ ទាត់ធាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេសទៅវិញ។ ពួកគេ (សមត្ថកិច្ច) មិនមែនជាមនុស្សទេ យ៉ាងណាក៏ដោយឆ្កែឬឆ្មាក៏ស្គាល់ម្ចាស់ដែរ តែនេះជា “ម្នឹះ” ដែលបានដឹកនាំតាមបែបកុំម្មុយនីសផ្តាច់ការ វាយប្រហារប្រជាពលរដ្ឋ និងបាញ់ប្រជាពលរដ្ឋដោយកាំភ្លើង។ ពិសេសបានវាយព្រះសង្ឃ និងបង្ខំឲ្យព្រះសង្ឃសំពះខ្លួនថែមទៀត ទោះបីប្រជាពលរដ្ឋ ឬព្រះសង្ឃបកស្រាយប្រាប់យ៉ាងណា ក៏ក្រុមនេះមិនបានស្តាប់ឡើយ។ នេះជាសង្ឃដីការរបស់សង្ឃមួយអង្គ ដែលបាននៅក្នុងព្រឹត្តិការណ៍តទល់គ្នារវាងពលរដ្ឋ និងអាជ្ញាធរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
ពលរដ្ឋរួបនេះ កំពុងរត់គេចពីការវាយដុំច្រំធាក់ របស់កងកម្លាំង។ (រូបថត AP)
រាជធានីភ្នំពេញ - វត្តស្ទឹងមានជ័យជាវត្តមួយ ដែលជាចំណុចរសើបរបស់រដ្ឋាភិបាល ព្រោះតែវត្តនេះមានព្រះសង្ឃភាគច្រើន ជាព្រះសង្ឃស្នេហាជាតិ ស្នេហាទឹកដី។ តួនាទីព្រះសង្ឃក្រៅពីរៀនសូត្រ ឆាន់បាយឧបាសកឧបាសិកា ព្រះសង្ឃក៏ជាអ្នកស្វែងរកនូវសន្តិភាព ជូនជាតិ មាតុភូមិ ជាពិសេសសម្រាប់ពុទ្ធបរិស័ទវិញ។ នេះជាការលើកឡើងរបស់ភិក្ខុសង្ឃ យិន រតនៈសុធាវី សាមនៈនិស្សិតមួយអង្គ គង់នៅវត្តស្ទឹងមានជ័យ។
ព្រះសង្ឃអង្គនេះបានបង្ហាញនូវទស្សនៈផ្ទាល់ព្រះអង្គ ក្រោយបីមានព្រឹត្តិការណ៍ប្រយុទ្ធស៊ីសាច់ហុតឈាម រវាងក្រុមសមត្ថកិច្ច និងក្រុមកម្មករ ដែលទាមទានូវសិទ្ធិសេរីភាពដោយសន្តិវិធី និងអហិង្សាថា បើប្រជារាស្រ្តមានទុក្ខ នោះព្រះសង្ឃនឹងចូលរួម តែផ្ទុយមកវិញ បើព្រះសង្ឃមានទុក្ខនោះ ប្រជាពលរដ្ឋមុខជា នឹងចូលរួមជួយដោះស្រាយដែរ។ ព្រះអង្គបន្តរថា «ទុក្ខរបស់ពុទ្ធបរិស័ទ ជាទុក្ខរបស់អាត្មា អាត្មាឆាន់បាយពុទ្ធបរិស័ទ។ (...) បើកម្មកររោងចក្រប្រាក់ខែតិចតួច បីខែមិនទាន់បើកឲ្យផង ជាកូនអ្នកក្រីក្រ តើនឹងរស់អី យើងត្រូវតែតវ៉ា ការតវ៉ានេះ ជាការតវ៉ារកយុត្តិធម៌សម្រាប់ថ្ងៃនេះ និងថ្ងៃខាងមុខ។»
ជាមួយគ្នានេះ ព្រះអង្គក៏បានបង្ហាញនូវមូលហេតុ ដែលបន្តាលឲ្យមានកើយនូវអំពើហិង្សានេះថា ជាការចាប់ផ្តើមដោយក្រុមសមត្ថកិច្ច ដែលបានប្រើប្រាស់នូវអំពើហិង្សា ប្រកបដោយភាពឃោឃៅ។ ព្រះអង្គបន្តរថា ជំហានដំបូងពួកគេ (សមត្ថកិច្ច) បានបាញ់ទឹកដែលមានជាតិគីមី និងម្ទេស រួមទាំងគ្រាប់បែកផ្សែងក្នុង គោលបំណងគេចវេសការដោះស្រាយ និងមានចេតនាក្នុងការបំបែកហ្វូងបាតុករនៃកម្មករទាំងនោះ។
សមត្ថកិច្ចប្រាំនាក់ គេចចូលវត្តត្រូវបានព្រះសង្ឃ និងមន្ត្រីសិទ្ធិមនុស្សការពារ
មូលហេតុបន្ទាប់ដែលសមត្ថកិច្ចទាំងនោះ ឈានដល់ការប្រើប្រាស់នូវកាំភ្លើង«គ្រាប់»ពិត បាញ់សំដៅមកលើក្រុមបាតុករនោះ ក្រោយពីបាញ់ទឹក គ្រាប់បែកផ្សែង ក្នុងបំណងបំបែក តែផ្ទុយមកក្លាយជាការបង្កើននូវកំហឹង ធ្វើឲ្យកម្មកររឹតតែសំរុកចូល។ ពេលនោះមានសមត្ថកិច្ចមួយក្រុម មានគ្នាប្រាំនាក់រត់មិនទាន់ បានដាច់ប៉ែកពីគេ ហើយរត់ចូលក្នុងវត្តព្រមទាំងដោះចោល នូវឯកសណ្ឋានរបស់ខ្លួន ដើម្បីបង្ហាញថាជាជនស៊ីវិល ដោយឡែកមិនបានដោះស្បែកជើងទេ។ ព្រះអង្គមានសង្ឃដិការបន្តរថា មានក្រុមសមត្ថកិច្ចប្រាំនាក់នោះ ក៏បានមកចូលពួនក្នុងសាលាធម្មសភា ឃើញបែបនេះព្រះសង្ឃជាច្រើន រូមជាមួយមន្រ្តីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិក៏បានជួយអន្តរាគមន៍ ដើម្បីការពារពីការវាយប្រហាររបស់កម្មករ។ ជាមួយគ្នានេះក្រុមកម្មករ ក៏បានយករថយន្តរបស់សមត្តកិច្ចមួយគ្រឿងទៅដុត បន្ទាប់មកក៏យកម៉ូតូមួយគ្រឿងទៀត និងចុងក្រោយបានយកឡានមួយទៀតទៅដុត តែដុតមិនទាន់ ព្រោះតែមានការបាញ់រះ មកលើប្រជាពលរដ្ឋដូចឆ្កែដូចឆ្មានោះ។
ព្រះសង្ឃអង្គនេះបន្តរថា វត្តអារាមជាទីធ្វើបុណ្យធ្វើទាន ជាទីគោរពសក្ការៈ បែរជាក្លាយជាទីលានប្រយុទ្ធដូចសង្គ្រាមលោកលើកទីបី បាញ់ព្រះសង្ឃ បាញ់ផ្សែងពេញតែក្នុងវត្ត និងបានចាប់ព្រះសង្ឃជាច្រើនអង្គថែមទៀត។ «សង្គមវិកវរ និងមានអំពើពុករលួយមិនមែនមកពីប្រជារាស្រ្តនោះទេ មកពីក្រុម (អាជ្ញាធរ) ទាំងអស់ហ្នឹង ពិសេសថ្នាក់លើដែលជាអ្នកបញ្ជានោះ។ (...) សុខចិត្តស្លាប់ខ្លួន កុំឲ្យតែស្លាប់ជាតិ ដូចប្រទេសឡាវ។ ហេតុការណ៍ទាំងនេះ ក៏នឹងអាចបង្ហាញឲ្យអន្តរជាតិមើលឃើញថា តើជីវិតប្រជាពលរដ្ឋខ្មែរឈឺចាប់ នឹងរងទុក្ខបែបណា។ (...) យើងធ្វើថ្ងៃនេះ សម្រាប់ថ្ងៃស្អែកទៀត។ យើងនឹងបន្តរការតវ៉ាដើម្បីរកសន្តិភាព ត្រូវតែធ្វើការតស៊ូតទៅទៀត ដែលមានប្រទេសភូមាជាឧទាហរណ៍។»
ព្រះអង្គបានបញ្ជាក់ជាចុងក្រោយថា «ទីណាមានការគាបសង្កត់ ទីនោះត្រូវតែមានព្រះសង្ឃ រួមទាំងអាត្មានិងព្រះសង្ឃដ៏ទៃទៀត។ (...) អាត្មាជាកូនខ្មែរ មានបេះដូងជាខ្មែរ ជាព្រះសង្ឃខ្មែរ។ (...) មិនរៀនក្រោមដើមឈើ ហើយរង់ចាំផ្លែឈើធ្លាក់មកនោះទេ ដូច្នេះទុក្ខប្រជាពលរដ្ឋកើតមានពេលណា ត្រូវតែធ្វើការតវ៉ាពេលនោះ។ យើងមិនត្រូវការការគាបសង្កត់នោះទេ យើងត្រូវការលិទ្ធិប្រជាធិបតេយ្យពេញលេញ និងពិតប្រាកដ ការគោរពសិទ្ធិគ្នាទៅវិញទៅមក។»
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ