យីហោសម្លៀកបំពាក់អ៊ឺរ៉ុប នឹងរឹតបន្តឹងការត្រួតពិនិត្យរោងចក្រនៅកម្ពុជា
យីហោសម្លៀកបំពាក់ដែលមាន ទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសស៊ុយអែដ H&M គ្រោងនឹងត្រួតពិនិត្យ យ៉ាងដិតដល់ខ្លាំងជាងមុន ទៅលើក្រុមហ៊ុន ឬរោងចក្រកាត់ដេរ ដែលផលិតសម្លៀកបំពាក់ឲ្យខ្លួន នៅក្នុងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេស នៅពេលដែលឃើញស្ថានភាពការងារនៅក្នុងប្រទេសទាំងនេះ នៅមិនទាន់ឆ្លើយតប ទៅនឹងច្បាប់ការងារអន្តរជាតិនោះនៅឡើយ។
យីហោសម្លៀកបំពាក់ នៅមុខហាងលក់ខោអាវមួយ នៅទីក្រុងប៉ារីសប្រទេសបារាំង។ (រូបឯកសា)
សេដ្ឋកិច្ចការងារ - សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនយីហោសម្លៀកបំពាក់ ដ៏ធំរបស់ទ្វីបអ៊ឺរ៉ុបនេះ បានធ្វើឡើងនៅបន្ទាប់ពីរលកចលនាតវ៉ា ទាមទាររបស់ពលករ នៅក្នុងប្រទេសទាំងពីរចេះតែបានកើតឡើងជាបន្តរបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលបាតុកម្មសន្តិវិធីមួយ របស់កម្មករកម្មការិនី កាលពីថ្ងៃទី១២ខែវិច្ឆិកា ត្រូវបានអាជ្ញាធរបង្ក្រាបយ៉ាងចាស់ដៃ រហូតមានមនុស្សស្លាប់មួយនាក់ និងរបួសច្រើននាក់។
អ្វីដែល ក្រុមហ៊ុនយីហោសម្លៀកបំពាក់ចង់បាន គឺការគោរពច្បាប់ការងារអន្តរជាតិ។ ក្រុមហ៊ុនបានចាប់ផ្ដើមគម្រោងមួយ ដែលនឹងដាក់ឲ្យដំណើរការនៅក្នុងរោងចក្រចំនួនពីរ៖ ទីមួយនៅក្នុងប្រទេសកម្ពុជា និងមួយទៀតនៅក្នុងប្រទេសបង់ក្លាដេស។ រោងចក្រទាំងពីនេះ ផលិតសម្លៀកបំពាក់ឲ្យតែ យីហោ H&M នេះប៉ុណ្ណោះ។ ក្រុមអធិការកិច្ចចំនួន ៣ នឹងត្រូវបង្កើតឡើយ ដើម្បីធានាឲ្យបានពីសុវត្ថិភាពនៅក្នុងរោងចក្រ និងធ្វើយ៉ាងណាឲ្យមានប្រាក់ឈ្នួល ទាបបំផុតមួយ។ គម្រោងនេះ ក៏នឹងត្រៀមផងដែរ នូវការត្រួតពិនិត្យឲ្យកាន់តែខ្លាំង ស្ដីពីគុណភាពរបស់សម្លៀកបំពាក់។
អ្នកទទួលខុសត្រូវផ្នែកគម្រោងអភិវឌ្ឍន៍រយៈពេលវែង របស់ក្រុមហ៊ុន អ្នកស្រី អាណា ហ្សេដា (Anna Gedda) បានពន្យល់ ប្រាប់អ្នកសារព័ត៌មានថា «យើងចាត់ទុកថារោងចក្រទាំងនេះ ជាមជ្ឈមណ្ឌលនៃការសាកល្បង ដើម្បីរកឲ្យឃើញលទ្ធផលដែលយើងចង់បាន ហើយបន្ទាប់មក យើងនឹងដាក់ឲ្យអនុវត្តន៍ឲ្យបានទូលាយ ទៅគ្រប់បណ្ដាញរោងចក្រផ្គត់ផ្គង់របស់យើង ក្នុងពិភពលោក»។
ដូច្នេះយីហោសម្លៀកបំពាក់មួយនេះ នឹងឲ្យរោងចក្រផ្គត់ផ្គង់នានា គោរពនូវក្រមប្រតិបត្តិរបស់ខ្លួន ដែលនឹងទំនងជាមានភាពតឹងរ៉ឹងខ្លាំងក្លាជាមុន ជាពិសេស នៅលើការប្រើប្រាស់បុគ្គលិក កម្មកររបស់រោងចក្រទាំងនោះ។ យីហោសម្លៀកបំពាក់ ដែលមានហាងលក់ចេញរបស់ខ្លួន នៅជុំវិញទ្វីបអ៊ឺរ៉ុប បានរំលឹកឡើងវិញ ពីសេចក្ដីប្រកាសរបស់អង្គការពលកម្មអន្តរជាតិ ដែលមានចែងទាក់ទងនឹងគោលការណ៍ និងសិទ្ធិជាមូលដ្ឋានគ្រឹះ នៅក្នុងការងារ ជាពិសេសសិទ្ធិសេរីភាព ក្នុងការបង្កើតសហជីប និងសិទ្ធិជួបជុំគ្នា ដើម្បីជជែកដោះស្រាយពីបញ្ហាអ្វីមួយ។
H&M បានរើរោងចក្ររបស់ខ្លួនមួយចំនួន ទៅបោះទីតាំងនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៨ និងប្រទេសបង់ក្លាដេសតាំងពីឆ្នាំ១៩៨២។ បើនិយាយជាសរុបមក យីហោសម្លៀកបំពាក់ដ៏ល្បីនេះ បានទិញសម្លៀកបំពាក់ដេររួច ចំនួនពីរភាគពីទ្វីបអាស៊ី និងមួយភាគទៀត សុទ្ធសឹងជាផលិតផល ពីរោងចក្រខ្លួន នៅក្នុងប្រទេសរ៉ូម៉ានី ទួរគី និងប្រទេសអ៊ឺតាលី៕
------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ