កុយ គួង៖ កម្ពុជាត្រៀមប្ដឹងទាហានថៃ ពីការបាញ់សម្លាប់ជនជាតិខ្មែរ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៥ មករា ២០១៤
- កែប្រែចុងក្រោយ: January 15, 2015
- ប្រធានបទ: សម្លាប់រួចដុត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងពីពាក្យបណ្តឹង ថានឹងអាចកើតឡើង ប្រឆាំងទៅនឹងទាហានថៃ ដែលបានបាញ់សម្លាប់មនុស្ស ហើយកំទេចសាកសព បើកម្ពុជារកឃើញថា សាកសពទាំងពីរនោះ ជាជនជាតិខ្មែរ។
ក្រោយការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស កម្ពុជា-ជប៉ុន មន្រ្តីនាំពាក្យក្រសួងការបរទេសកម្ពុជា បានរៀបរាប់ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ម្សិលម៉ិញនេះថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បាននឹងកំពុងរង់ចាំមើលនូវលទ្ធផល ក្នុងការធ្វើកោសល្យវិច័យ លើសំណាកសពទាំងពីរនោះ ថាជាពលរដ្ឋខ្មែរ មែនឬមិនមែន។ បើពិតជាសំណាកសពនោះជាជនជាតិខ្មែរ ខាងក្រសួងការបរទេស នឹងប្តឹងទាមទារឲ្យអាជ្ញាធរថៃស្វែងរកឃាតករ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ជាមួយនឹងសំណងដល់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ទៅនោះ។
លោក កុយ គួង បានបន្តថា៖ «ទុកឲ្យអ្នកបច្ចេកទេសពិនិត្យ ហើយដើម្បីផ្តល់លទ្ធផលថា ពីរនាក់នោះ ជាជនជាតិអ្វី? ជាជនជាតិថៃ ឬជនជាតិខ្មែរយើង? រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថា ជាជនជាតិអ្វីនៅឡើយទេ។ (…)យើងបានបង្កើតអនុគណៈកម្មការចម្រុះមួយ ដែលមានផ្នែកសុខាភិបាល ព័ត៌មាន និងផ្នែកយោធាចូលរួម ដើម្បីធ្វើការជាមួយថៃ ពាក់ព័ន្ធទៅរឿងសាកសព ដែលគេដុតឆេះរោលមើលលែងស្គាល់នោះ។ (…) អនុគណៈកម្មាធិការមួយនេះតែងតែធ្វើការ អំពាវនាវដល់សាច់ញាតិ ថាមានបងប្អូនស្លាប់ ហើយអគ្គកុងស៊ុលខ្មែរនៅថៃក៏តែងតែធ្វើបែបនេះដែរ។»
ថ្មីៗនេះ នីចំណុចស្រុកខ្លងហាត ខេត្ដស្រះកែវ ប្រទេសថៃ ជាប់នឹងស្រុកសំពៅលូន ខេត្ដបាត់ដំបង ប្រទេសកម្ពុជា មានព័ត៌មានមយយចំនួន បានធ្វើការចុះផ្សាយថា ទាហានឈុតខ្មៅរបស់ថៃ បានបាញ់រះ មកលើប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរពីរនាក់ ត្រូវបានបាញ់សម្លាប់ បន្ទាប់មកបានយកសពអ្នកទាំងពីរនោះ ទៅដុតបំផ្លាញបំបាត់ភស្តុតាងចោលទៀតផង។
កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៥ថ្មីៗនេះ នៅលើគេហទំព័រអគ្គស្នងការដ្ឋាននគបាលជាតិ ក៏បានស្រង់សំដីលោក លោក កុយ គួង មកបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានព្រមាន ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្រឆាំងនឹងអាជ្ញាធរថៃ ក្នុងករណីទាហានឈុតខ្មៅរបស់ថៃ ដែលបានប្រើកាំភ្លើងបាញ់សម្លាប់ប្រជាជនខ្មែរ នៅលើទឹកដីថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ បន្ទាប់មកយកសាកសពដុតចោលបំបិទភស្តុតាង។
«ក្រសួងការបរទេសកម្ពុជា បានទាក់ទងទៅកាន់ការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងអាជ្ញាធរខេត្ដស្រះកែវ ដើម្បីបើកការស៊ើបអង្កេត លើសំណុំរឿងមនុស្សពីរនាក់ ក្នុងចំណោម៤នាក់ ដែលត្រូវទាហានឈុតខ្មៅថៃប្រើកាំភ្លើងបាញ់រះ បណ្ដាលឲ្យស្លាប់ និងដុតបំផ្លាញសាកសព ស្ថិតនៅត្រង់ចំណុចស្រុកខ្លងហាត ខេត្ដស្រះកែវ ប្រទេសថៃ ដែលជាប់នឹងស្រុកសំពៅលូន ខេត្ដបាត់ដំបង។»
តាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះ ដែលត្រូវបានទាហានថៃបាញ់សម្លាប់នោះ មានឈ្មោះ សូ រស់ ភេទប្រុស អាយុ៣៦ឆ្នាំ និង រឿន ជី ភេទប្រុស អាយុ២១ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិគោកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្ដសៀមរាប ប្រទេសកម្ពុជា។
សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញព័ត៌មានសង្គមមួយចំនួន ដែលបានស្គាល់ពីវប្បធម៌របស់ជនជាតិថៃ បានលើកឡើងថា ជនជាតិថៃ បើទោះជាមានការស្អប់គ្នាយ៉ាងណាក៏ដោយ ពួកគេមិនដែលហ៊ានប្រមាថដល់អាយុជីវិតបែបនេះទេ។ ជាក់ស្តែងបើសិនជាអ្នកស្លាប់នោះ ជាជនជាតិថៃ ដូចជាគ្មានអ្វី ដែលត្រូវធ្វើឲ្យទាហានថៃ បាញ់សម្លាប់ជនជាតិគ្នាឯង លើទឹកដីរបស់ខ្លួននោះឡើយ។ ម្ចាស់គណនីហ្វេសប៊ុកមួយរូប បានសរសេរថា៖ «គ្មានជនជាតិណា ក្រៅពីជនជាតិខ្មែរទេ។ ព្រោះកន្លងមកទាហានថៃ មានគំនុំច្រើនជាមួយពលរដ្ឋកម្ពុជា ដែលតែងតែឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសគេ ក្នុងការដណ្តើមការងារជនជាតិពួកគេនោះ។»៕
សូមទស្សនាកិច្ចសម្ភាស លោក គួយ គួង ជាមយយអ្នកសារព័ត៌មានដូចខាងក្រោម៖