សម្ព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រតិកម្ម​នឹង​លិខិត​របស់ ជីម៉ាក់

សម្ព័ន្ធសហជីពស្មារតីកម្មករខ្មែរ បានប្រតិកម្មតបទៅលិខិត របស់សមាគមរោងចក្រកាត់ដេរ ហៅកាត់ថាជីម៉ាក់ (GMAC) ដែលបានផ្ញើរទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ ដើម្បីស្នើរសុំការអន្តរាគមន៍ការអនុវត្ត​ច្បាប់ លើសហជីពកម្មករមួយនេះ ដោយបានចោទប្រធានសហជីព ថាបានធ្វើកូដកម្មដោយខុសច្បាប់ និងរាំងស្ទះ​ដល់សង្វាក់ផលិកម្មរោងចក្រ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ព័ន្ធសហជីពស្មារតីកម្មករខ្មែរ បានប្រតិកម្មតបទៅលិខិត របស់សមាគមរោងចក្រកាត់ដេរ ហៅកាត់ថាជីម៉ាក់ (GMAC) ដែលបានផ្ញើរទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ ដើម្បីស្នើរសុំការអន្តរាគមន៍ការអនុវត្ត​ច្បាប់ លើសហជីពកម្មករមួយនេះ ដោយបានចោទប្រធានសហជីព ថាបានធ្វើកូដកម្មដោយខុសច្បាប់ និងរាំងស្ទះ​ដល់សង្វាក់ផលិកម្មរោងចក្រ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - «ខ្ញុំធ្វើដើម្បីការពាររសិទ្ធិសេរីភាព និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ ខ្ញុំមិនបានទៅបំផ្លិច​បំផ្លាញ ឬមួយធ្វើអោយបាត់បង់ផលប្រយោជន៍របស់កម្មករ ណាម្នាក់ទេ ផ្ទុយទៅវិញក្រុមហ៊ុនជាអ្នកជំរុញអោយ​កម្មករ ធ្វើ​កូដកម្មដោយខ្លួនឯង ដោយទង្វើដែលគាត់បញ្ឈប់ អ្នក់ដឹកនាំដោយគ្មានកំហុស មួយទៀតគាត់មិនមាន​ជំហរណា​មួយ​ដោះស្រាយ ទោះបីជាស្ថាប័នណា ដែលមានជំនាញខាងដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មក៏ដោយ ក៏គាត់គ្មាន​ជំហរណាមួយ ហៅភាគីដែលពាក់ព័ន្ធមកដោះស្រាយជាមួយគ្នាដែរ» នេះជាប្រតិកម្មរបស់លោក ហេង ប៊ុនធឿន អនុប្រធានសម្ព័ន្ធសហជីពស្មារតីកម្មករខ្មែរ ជាការឆ្លើយទៅនឹងលិខិត របស់សមាគមរោងចក្រកាត់ដេរ ដែលបាន​ចោទ​ប្រកាន់ថា សហជីមួយនេះបានធ្វើអោយខូចខាតដល់សង្វាក់ផលិតកម្មរបស់រោងចក្រកាលីស្ទូ និង​ធ្វើអោយ​កម្មករ ៧នាក់ ដួលសន្លប់។

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ សមាគមរោងចក្រកាត់ដេរ ហៅកាត់ថាជីម៉ាក់(GMAC)បានជូនលិខិតផ្លូវការ​មួយទៅលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើរសុំការអន្តរាគមន៍ការអនុវត្តច្បាប់លើ សហព័ន្ធ​សហជីពស្មារតីកម្មករខ្មែរ លោក មុំ សៀក ដែលបានធ្វើកូដកម្មដោយមិនគោរពនីតិវិធីច្បាប់ រាំងទ្វាររោងចក្រ គម្រាម​កម្មករនិយោជិត រោងចក្រ មូនអេភេរឺល និងរាលដាលដល់រោងចក្រ កាលីស្តូល។

លិខិតដដែលបានសរសេរបញ្ជាក់ថា ក្រុមហ៊ុនមូនអឺភេរឺល បានទទួលរងនូវការខាតបង់អស់ជាច្រើន ដោយ​សារ​ការធ្វើកូដកម្មខុសនិតិវិធីច្បាប់សហព័ន្ធសហជីពស្មារតីកម្មករខ្មែរ ដែលដឹកនាំដោយលោក មុំ សៀក និងបក្សពួក​របស់ខ្លួនដែលបង្កអោយមានចលាចល នៅមុខរោងចក្រ មានការគម្រាមកំហែងនិយោជករបស់ក្រុមហ៊ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពទាំងនេះបានប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម និងភាព​សុខុដុមរមនា របស់វិស័យកាត់ដេរនៅកម្ពុជាយ៉ាងធ្ងន់ធ្ង។

ដោយយោងហេតុផលខាងលើ សមាគមរោងចក្រកាត់ដេរបានទទូចអោយលោក ប៉ា សុជាតិវង្ស ចាត់វិធានការ​តាម​ច្បាប់ចំពោះសហជីពមួយនេះ ដើម្បីធានាបរិយាកាសវិនិយោគនៅកម្ពុជាពិសេស បរិយាកាសនៃការវិនិយោគ​ក្នុង​វិស័យកាត់ដេរ។

ទាក់ទងនិងការស្នើសុំអន្តរាគមន៍ ពីអភិបាលរាជធានីភ្នំពេញខាងនេះ អនុប្រធានសហជីព​សម្ព័ន្ធស្មារតីកម្មករខ្មែរ ដដែល នៅថ្ងៃទី០៧ ខែមេសា បានប្រតិកម្មថា «ខ្ញុំគិតថាលោ កប៉ា សុជាតិវង្ស ត្រូវតែអង្កេតពីបញ្ហាហ្នឹងអោយច្បាស់ ព្រោះថាការស្នើសុំរបស់ភាគីមួយ ឬខាងណាមួយ ស្នើសុំអោយចាត់វិធានការទៅលើនរណាម្នាក់ ឬអង្គការវិជ្ជាជីវៈ​ណាមួយ ហើយគាត់ចេះតែចាត់វិធានការដោយគាត់មិនបានអង្កេតឱ្យបានច្បាស់លាស់ វាអយុត្តិធម៌ពេកហើយ ចំពោះអង្គការខ្ញុំ ព្រោះខ្ញុំធ្វើដើម្បីការពាររសិទ្ធិសេរីភាព និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ ខ្ញុំមិនបាន​ទៅបំផ្លិច​បំផ្លាញ ឬមួយធ្វើអោយបាត់បង់ផលប្រយោជន៍របស់កម្មករនោះទេ»។

លោក ហេង ប៊ុនធឿនបាន អះអាងទៀតថា ការចោទប្រកាន់របស់សមាគមរោងចក្រកាត់ដេរ មិនសមស្រមនោះទេ ព្រោះថាភាគីរោងចក្របានប្រកាសថា គាត់ស្វាគមន៍ចំពោះការធ្វើកូដកម្មរបស់កម្មករ ព្រោះគ្មានទំនិញប្រញាប់អី អោយកម្មករធ្វើនោះទេ។ លោកបានថ្លែងថា ៖ «មិនត្រឹមតែប៉ុណ្ណោះ គាត់បានប្រកាសប្រាប់កម្មករទៀតថា ចង់ធ្វើបី​បួនខែទៀតធ្វើទៅ ព្រោះក្រុមហ៊ុនគាត់អត់មានការងារធ្វើ អញ្ចឹងចង់ធ្វើប៉ុន្មានខែទៀតក៏គាត់ស្វាគមន៏ដែរ»។

លោកបន្តថា ទន្ទឹមនិងការធ្វើបាតុកម្មរបស់កម្មករនេះដែរ កម្មករត្រូវបានបញ្ឈប់មករហូត ទោះបីជាដីការតុលាការ​បង្គាប់អោយចូលធ្វើការ៤៨ម៉ោងក៏ដោយ នៅពេលដែលកម្មករចូលធ្វើការហើយ រយៈពេលមិនទាន់ផុត៤៨ម៉ោងផង ក្រុមហ៊ុនបានបញ្ឈប់កម្មករជាបន្តបន្ទាប់ទៀត។ រហូតមកដល់ពេលនេះ កម្មករចំនួន២០នាក់ ត្រូវបានបញ្ឈប់។

គួរម្លឹកថា កម្មកររោងចក្រមូនអឺភេរឺល និងរោងចក្រកាលីស្តូ បានចាប់ផ្តើមធ្វើកូដកម្មចាប់ពីថ្ងៃទី០១ ខែមិនានោះមក ដើម្បីទាមទារអោយថ្នាក់ដឹកនាំសហជីព ដែលក្រុមហ៊ុនបានបញ្ឈប់កាលពីថ្ងៃទី២៨ កុម្ភៈ អោយចូលធ្វើការវិញធម្មតា និងលក្ខខណ្ឌមួយចំនួនទៀតដូចជា អោយក្រុមហ៊ុនមិនកាត់លុយ អំឡុងពេលកម្មករធ្វើកូដកម្ម សូមអោយ​ក្រុមហ៊ុន​ផ្តល់ប្រាក់រង្វាន់ទៀងទាត់១៥ដុល្លាក្នុងមួយខែ ផ្តល់មធ្យាបាយធ្វើដំណើរ និងស្នាក់នៅ១០ដុល្លាក្នុងមួយខែ ផ្តល់លុយ​សំរាប់អាហារថ្ងៃត្រង់ ៤០០០រៀល ក្នងមួយថ្ងៃ នៅពេលដែរកម្មករសុំច្បាប់ឈប់សម្រាក ដោយមានជំងឺមានលិខិត​បញ្ជាក់ត្រឹមត្រូវក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ឈ្នួល អនុវត្តការសុំច្បាប់របស់កម្មករអោយកាន់តែមានភាពងាយស្រួល អនុញ្ញាតអោយស្រ្តីមានផ្ទៃពោះចេញមុន១៥នាទី ជាដើម៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៧ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...