មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើរថ្វាយព្រះមហាក្សត្រនោះ មិនមានខ្លឹមសារ ប្រមាថដល់ ព្រះរាជកិត្តិយស ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើរថ្វាយព្រះមហាក្សត្រនោះ មិនមានខ្លឹមសារ ប្រមាថដល់ ព្រះរាជកិត្តិយស ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នោះទេ។


រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។

នយោបាយ - «ចំពោះពាក្យពេជន៍ដែលឯកឧត្តមសម រង្ស៊ី ទូលថ្វាយក្នុងលិខិតរបស់គាត់ ខ្ញុំយល់ឃើញថា ដូចជា​មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាម ព្រះមហាក្សត្រ»។ នេះការសង្កត់ធ្ងន់ក្នុង​សេចក្តី​ថ្លែងការណ៍របស់ លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់ព្រះមហាក្សត្រី ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤។

សេចក្តីថ្លែងការណ៍របស់លោក អ៊ុំ ដារ៉ាវុធ ដដែលនោះបានពន្យល់ថា ខ្លឹមសារក្នុងលិខិតរបស់លោកសម រង្ស៊ី គ្រាន់​តែមានលក្ខណៈជារបាយការណ៍បច្ចុប្បន្ន របស់គណបក្សសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ដែលតំណាងឲ្យ​​ពលរដ្ឋ​យ៉ាងតិច៣លាននាក់។ ហើយលិខិតរបស់លោកសម រង្ស៊ី ជាលិខិតផ្លូវការមួយ ក្នុងនាមប្រធានគណបក្ស​នយោបាយ។

លិខិតផ្ញើរថ្វាយព្រះមហាក្សត្រ ចុះ​ថ្ងៃទី០២ មេសានោះ លោក សម រង្ស៊ី បានសរសេរជាអាថ៌ថា៖ «រដ្ឋសភា​បច្ចុប្បន្ន គឺមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាងឲ្យពលរដ្ឋខ្មែរបានដែរ ដោយសារមិនមានតំណាងរាស្រ្តគ្រប់ចំនួន១២០រូប ចូលរួមសម័យប្រជុំដំបូងនៃរដ្ឋសភា ដូចដែលតម្រូវដោយ​មាត្រា​៧៦ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។»

លិខិតរបស់មេដឹកនាំបក្សប្រឆាំង បានបង្កឲ្យមានប្រតិកម្មធ្ងន់ៗ ពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែន ដោយបាន​ចេញសេចក្ដីថ្លែងការណ៍ ហៅការលើកឡើងរបស់លោក សម រង្ស៊ី ថាបានប្រមាថដល់ព្រះកិត្តិនាមធ្ងន់ធ្ងររបស់​ព្រះមហាក្សត្រ ខុសរដ្ឋធម្មនុញ្ញ​ដែលចែងពីភាពមិនអាចប៉ះពាល់បាន នៃអង្គព្រះមហាក្សត្រ។ បន្ទាប់ពីប្រតិកម្ម​របស់​រដ្ឋាភិបាល ស្ថាប័នជាច្រើនរាប់​ចាប់ពី រដ្ឋសភា ក្រសួងរដ្ឋ សាលាខេត្ត ស្ថាប័នកងទ័ព កងរាជ​អាវុធហត្ថ និងសូម្បី​សកលវិទ្យាល័យនានា ដែលស្និត​នឹងរដ្ឋាភិបាល ក៏បាន​ចេញសេចក្តីថ្លែងការណ៍ និងញ្ញត្តិជាបន្តបន្ទាប់ ថ្កោលទោស​លោក សម រង្ស៊ី តាមដែរ។

នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកស្រី មួរ សុខហួរ មន្រ្តីអ្នកនាំពាក្យបណ្តោះអាសន្ន​របស់​គណបក្សសង្រ្គោះជាតិ បានពន្យល់ថា៖ «លោកប្រធានសម រង្ស៊ី អត់និយាយអ្វីខុសពីការពិតនោះទេ តែជាការ​និយាយតាមរដ្ឋធម្មនុញ្ញ ដែលចែងអំពីសភាត្រូវមានសមាជិកយ៉ាងតិច១២០រូប ដើម្បីបើកជាសភា ស្របតាម​ស្មារតី​សេរីពហុបក្ស។ នេះជាជំហរ និងគំនិតដើម ដើម្បីថ្វាយព្រះករុណា៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...