ច្បាប់ គ.ជ.ប ថ្មី ត្រូវបានព្រឹទ្ធសភាអនុម័ត
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ មីនា ២០១៥
- កែប្រែចុងក្រោយ: March 23, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីត្រូវបាន សម័យប្រជុំវិសមញ្ញ របស់រដ្ឋសភា កាលពីថ្ងៃពី១៩ ខែមីនា ឆ្នាំ២០១៥ គាំទ្រដោយសម្លេងឯកច្ឆន្ទ រួចមក សេចក្តីព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានព្រឹទ្ធសភា អនុម័តជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមីនានេះ។
ការពិភាក្សា ការពិនិត្យ និងការអនុមត័ លើច្បាប់ទាំងពីខាងលើនេះ ដោយព្រឹទ្ធសភា នឹងដាក់ជូនទៅ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការពិនិត្យ ពីធម្មនុញ្ញភាពនៃច្បាប់ទាំងពីរ ឲ្យស្របតាមច្បាប់នានា ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ បន្ទាប់មក នឹងត្រូវដាក់ថ្វាយ ទៅអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហត្ថលេខា ដើម្បីដាក់ឲ្យប្រើប្រាស់ ជា«ការប្រញាប់»។
សមសភាពព្រឹទ្ធសភា ដែលបានចូលរួមសម្រេចច្បាប់ទាំងពីរ នៅពេលនេះ មានសមាសភាព មកពីគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ជាប្រធានស្តីទីព្រឹទ្ធសភា និងមកពីគណបក្សសមរង្ស៊ី លោក ចេប គីមអ៊ាង លេខាធិការគណៈកម្មការទី១ តំណាងអោយលោក គង់ គាំ។ វត្តមានសមាជិកនៃព្រឹទ្ធភា បានចូលរួម មានចំនួន៤៩រូប។
សូមបញ្ជាក់ថា សេចក្តីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មាន៧ជំពូក និង៦៦មាត្រា។ ឯសេចក្តីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មាន១២ជំពូក និងមាន១៧១មាត្រា។ ច្បាប់ទាំងពីរនេះ ទទួលបានការគាំទ្រ យ៉ាងមុតមាំ ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងពីលោក ហេង សំរិន ប្រធានរដ្ឋសភា ហើយត្រូវបានរដ្ឋសភា នៃប្រទេសកម្ពុជា ឯកភាពអនុម័តភ្លាមៗ បើទោះជា ការរិគន់ពីក្រុមអង្គការ សង្គមស៊ីវិល មួយចំនួន នាពេលកន្លងមក ក៏ដោយ។
ក្រោយពីត្រូវបានរដ្ឋសភាអនុម័តភ្លាមៗ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលបានស្នើដោយខ្លួនលោក មិនឲ្យមានការដេញដោយ លើច្បាប់ទាំងពីរនោះ បានបង្ហាញពីការមិនពេញចិត្ត នូវចំណុចមួយចំនួន ក្នុងច្បាប់ទាំងពីរនេះ ដូចសង្គមស៊ីវិលលើកឡើងដែរ ប៉ុន្តែខាងក្រុមប្រឆាំង របស់លោក ត្រូវធ្វើសម្បទានខ្លះ ទៅឲ្យគណបក្សកាន់អំណាច។ លោកបានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «វប្បធម៌សន្ទនា ធ្វើឲ្យប្រទេសជាតិរីកចម្រើន និងនាំមកនូវសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនប្រជាពលរដ្ឋខ្មែរ»៕