ពលរដ្ឋចារ៉ាយទទួលសំណង៦៣ ០០០ដុល្លា ពីក្រុមហ៊ុនរ៉ែមាសឥណ្ឌា
- ដោយ: អ៊ុម វ៉ារី អត្ថបទ - យកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៣ មីនា ២០១៥
- កែប្រែចុងក្រោយ: March 24, 2015
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនមេសកូហ្គូល (MESCO GOLD) រុករករ៉ែមាសមកពីប្រទេសឥណ្ឌា បានចេញសំណង និងការខូចខាតទៅដល់ប្រជាពលរដ្ឋ ក្នុងមួយហិកតាដី ស្មើនឹង១៥០០ដុល្លា សម្រាប់ដីទទេរ ខណៈដីមានដំណាំដាំដុះ ក្នុងមួយហិកតា ទទួលបាន២៥០០ដុល្លា។ នេះបើតាមការឲ្យដឹង របស់លោក ឆាយ ធី មន្រ្តីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី នៅលើគណនីហ្វេសប៊ុករបស់លោក។
មន្រ្តីសង្គមស៊ីវិលរូបនេះ បានឲ្យដឹងទៀតថា ចំណែកដីព្រៃសហគមន៍ ដែលរងផងប៉ះពាល់ចំនួន១២ហិកតានោះ ក៏ត្រូវបានទទួលសំណង ក្នុងមួយហិកតា ចំនួន១៥០០ដុល្លាដែរ។ ចំពោះសំណង ដែលត្រូវបានផ្តល់ជូន ប្រជាពលរដ្ឋទាំង១៨គ្រួសារ ដោយក្រុមហ៊ុនរ៉ៃមាស របស់ឥណ្ឌាមួយនេះ ធ្វើឡើង ដោយការព្រមព្រៀង ពីប្រជាពលរដ្ឋ ជាមួយនឹងសាក្សី ដែលរួមមានមេភូមិ និងមេឃុំ បានចុះហត្ថលេខា និងបោះត្រា អ្នកចាស់អ្នកទុំក្នុងភូមិ តំណាងសហគមន៍ និងក៏មានការចូលរួមយ៉ាងច្រើន របស់ប្រជាពលរដ្ឋក្នុងភូមិទាំងមូល ជួយដឹងលឺ។
លោក ឆាយ ធី បានបន្តថា ការទទួលបានសំណងនាពេលនេះ ក៏ព្រោះតែ មានការតវ៉ាយ៉ាងស្វិតស្វាញ និងអូសបន្លាយពេល ជាយូរឆ្នាំកន្លងមក។ លោកថា ពលរដ្ឋចារ៉ាយទាំងនេះ បានព្រមព្រៀងគ្នា ជាមួយភាគីក្រុមហ៊ុន និងបានផ្តិតមេដៃទទួល និងប្រគល់ប្រាក់ ទៅតាមគ្រួសារនីមួយៗ ជាក់ស្តែង។
សូមបញ្ជាក់ថា ពលរដ្ឋចារ៉ាយ ទាំង១៨ គ្រួសារ ដែលរងផលប៉ះពាល់ និងបានទទួលសំណង ពីក្រុមហ៊ុនឥណ្ឌានោះ ស្ថិតនៅក្នុងភូមិ ភូមិពាក់ ឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ការផ្តល់សំណង របស់ក្រុមហ៊ុនរុករករ៉ែមាស របស់ឥណ្ឌាមួយនេះ ក្នុងគោលបំណង បន្តជីករុករករ៉ែមាស ក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលខ្លួនទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរ៉ែ មាស ពីក្រសួងរ៉ែនិងថាមពល។ គម្រោងធ្វើអាជីវកម្ម និងរុករករ៉ែមាសរបស់ក្រុមហ៊ុន មេសស្កូ ហ្គោល នេះ ត្រូវបានធ្វើឡើង ក្នុងទំហំផ្ទៃដី១២គីឡូម៉ែត្របួនជ្រុង និងជម្រៅ៣០ម៉ែត្រចុះក្រោម ដែលស្ថិតក្នុងស្រុក អូរយ៉ាដាវ៕