បាតុករ​​៤សហគមន៍ ប្ដេជ្ញា​​បន្ត​បាតុកម្ម

បើតាមការបញ្ជាក់របស់តំណាងបាតុករ មកពីសហគមន៍មានវិបត្តិដីធ្លីទាំង៤នៅរាធានីភ្នំពេញ បានឲ្យដឹងថា ក្រុមបាតុករ នឹងមិនបញ្ឈប់ការតវ៉ារបស់ពួកគេ ដែលគ្រោងធ្វើសម្រាប់រយៈពេល១ខែនោះទេ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 20, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម​បាតុករ មក​ពី​សហគមន៍​​ទាំង​បួន រួម​មាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សហគមន៍​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ បាន​ប្ដេជ្ញា​ចិត្ត​ថា ពួក​គាត់​នឹង​មិន​បញ្ឃប់​ការ​ធ្វើ​បាតុកម្ម ដែល​ពួក​គាត់​បាន​គ្រោង​ធ្វើ ដល់​ទៅ​មួយ​ខែ​ជាប់​គ្នា​នោះ​ទេ។ ពួក​គាត់​បាន​និយាយ​ទៀត​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម​នេះ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី ចំនួន​១៩​នាក់ និង​បើ​ទោះ​ជា​មាន​ការ​អន្តរាគមន៍​បំបែក ពី​កង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នោះ​ក៏​ដោយ។

ក្រុម​សហគមន៍​ទាំង​នោះ បាន​ជួប​ប្រជុំ​គ្នា​មាន​ចំនួន​ប្រមាណ​ជា ៣០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​មករា​នេះ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​ជាង ៩ :៣០នាទី ការ​ជួបជុំ​នោះ​ត្រូវ​បាន​ក្រុម​សន្ដិសុខ​ធ្វើការ​បំបែក និង​រុញ​ក្រុម​បាតុករ​ដែល​នៅ​សេស​សល់ ប្រមាណ​ជា​២០ ទៅ ៣០​នាក់ ទៅ​នៅ​ក្បែរ​វត្ត​ភ្នំ​វិញ។ អ្នកស្រី យ៉ោម បុប្ផា តំណាង​បាតុករ មក​ពី​សហគមន៍​បឹង​កក់​បាន​និយាយ​ថា ពួក​គាត់​មិន​រត់​គេច​ទៅ​ណា​នោះ​ទេ ដោយ​ពួក​គាត់​គ្រាន់​តែ​មិន​ចង់ ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ និង​កង​កំលាំង​សន្តិសុខ​ប៉ុណ្ណោះ ហើយ​ពេល​​ដែល​អ្នក​ស្រី​ថ្លែង​ជា​មួយ​អ្នក​សារព័ត៌មាន​នេះ ពួក​​អ្នកស្រី​កំពុង​រក​កន្លែង​សំរាក នៅ​តាម​ដើមឈើ​ជា​បណ្ណោះ​អាសន្ន​សិន។

នៅក្នុងការជួបជុំពីព្រឹក ក្រុមបាតុការបានប្រារព្ធពិធីព្រលែងសត្វចាបទាំង ១៩ក្បាល ដើម្បីការបួងសួង សុំឲ្យ​មានការដោះលែងសកម្មជន ទាំង១៩នាក់ ហើយក៏មានការចែកបូ និងកន្សែងបង់ព័ណ៌លឿងផងដែរ ដើម្បី​បង្ហាញពីការរងចាំរបស់ពួកគាត់ ដែលចង់ឲ្យមានការដោះស្រាយពីរដ្ឋាភិបាល ទៅតាមអ្វីដែលពួកគាត់​ទាមទារ​ចង់បាន។

អ្នកស្រី យ៉ោម បុប្ផា និយាយទៀតថា ពួកគាត់មិនមែនមកបង្កបញ្ហាលំបាកដល់អាជ្ញាធរ និងប្រជា​ពលរដ្ឋ​ដទៃ​នោះទេ។ អ្វីដែលមកធ្វើបាតុកម្មនេះ ពួកអ្នកស្រីគ្រាន់តែចង់ទទួលបានការដោះស្រាយស្របច្បាប់ ហើយ​ពួក​គាត់នឹងនៅអង្គុយ នៅសួនរបស់លោកយាយពេញនេះបន្តទៀត ព្រោះអាជ្ញាបានធ្វើការរារាំង​មកលើក្រុម​បាតុករ ដោយមិនឲ្យដង្ហែរចូលទីលានប្រជាធិបតេយ្យ។

នៅពេលដែលកងកម្លាំងរបស់សាលារាជធានី បានចុះមកធ្វើការអន្តរាគមន៍ មិនឲ្យក្រុមសហគមន៍ធ្វើបាតុកម្ម ក្រោមមូលហេតុសណ្ដាប់ធ្នាប់នោះ សាលារាជធានីបានប្រកាសឲ្យអ្នកដែលមិនពាក់ព័ន្ធនឹងបញ្ហាដីធ្លី ឲ្យនាំ​គ្នាដកខ្លួនចេញពីហ្វូងបាតុករ រួមទាំងអ្នកសារព័ត៌មានផងដែរ។ រីឯអ្នកដែលមានបញ្ហាដីធ្លី សាលា​រាជធានី​តម្រូវ​ឲ្យធ្វើការដកថយ ត្រឡប់ទៅដាក់លិខិតទៅសាលារាជធានី ដើម្បីសុំធ្វើការដោះស្រាយបញ្ហាទាំង​នោះ​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...