ពលរដ្ឋរងគ្រោះដីធ្លីនៅកោះកុង ឈ្នះក្ដីនៅតុលាការកំពូល
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 27, 2014
- ប្រធានបទ: វិបត្តិដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋមកពីខេត្តកោះកុងចំនួនពីរគ្រួសារ បានឈ្នះក្តីជាស្ថាពរ នៅតុលាការកំពូល ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយ ជាមួយក្រុមហ៊ុន ហេងហ៊ុយ។ ការប្តឹងផ្តល់តវ៉ារបស់គ្រួសារអ្នកស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានកើតឡើងតាំងពីឆ្នាំ២០០៦មក ប៉ុន្តែនៅសាលាដំបូង ឡើងរហូតមកសាសាឧទ្ទរណ៍ គេនៅតែមិនអាចដោះស្រាយបាន។
ប៉ុន្តែនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានេះ តុលាការកំពូលនៅរាជធានីភ្នំពេញបានស្វែងរកហេតុផល និងភស្តុតាងត្រឹមត្រូវ មកអារកាត់សំនុំរឿងនេះ ដោយបានកាត់ក្តីឲ្យប្រជាពលរដ្ឋចំនួនពីរគ្រួសារនេះ បានឈ្នះក្តីជាស្ថាពរ។ ដោយឡែកប្រជាពលរដ្ឋឯទៀត ដែលអះអាង ពីការរំលោភបំពានដីធ្លី ដោយក្រុមហ៊ុន ហេងហ៊ុយ នៅស្រុកស្រែអំបិលដែរនោះ នៅមិនទាន់ត្រូវបានតុលាការដោះស្រាយ និងកាត់សេចក្ដីឲ្យឈ្នះចាញ់នៅឡើយ។
អ្នកស្រី យេង ខំ ដែលបានឈ្នះក្តីលើលោក ហេង ហ៊ុយ បាននិយាយថា គាត់និងគ្រួសារ ធ្លាប់បានជាប់ពន្ធនាគារចំនួនពីរខែម្តងហើយ ពាក់ព័ន្ធនឹងជំលោះដីធ្លីនេះ។ តែដោយសារមានការគាំទ្រ ពីប្រជាពលរដ្ឋនៅស្រុកនោះច្រើននាក់ ដោយបានផ្តិតមេដៃគាំទ្រឲ្យមានការដោះលែង ទើបអ្នកស្រីបានរួចខ្លួនមកវិញ។ ប៉ុន្តែក្រោយមកទៀត ក្រុមហ៊ុនដដែលនេះ បានមករំលោភឈូសឆាយ ចង់បានដីផ្ទះរបស់គាត់បន្តទៀត ទើបមានការប្តឹងតវ៉ារហូតមកដល់សព្វថ្ងៃ។
លោកស្រីបានបន្តថា ដោយសារការប្តឹងតវ៉ាគ្នានេះ លោកស្រីបានចំណាយទ្រព្យសម្បត្តិអស់ជាច្រើន រហូតអស់ស្រែ គោក្របី ហើយកូនៗរបស់គាត់ ក៍ត្រូវឈប់រៀន ព្រោះតែរវល់រឿងឡើងចុះតុលាការ ដោះស្រាយជំលោះដីធ្លីនេះ។
ការឈ្នះក្តីរបស់ក្រុមគ្រួសារទាំងពីរនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងប្រជាពលរដ្ឋមួយចំនួនលើកឡើងថា នេះជាលើកទី១ហើយ ដែលប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រីក្របានឈ្នះក្តី លើអ្នកមានលុយកាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធតុលាការល្បីល្បាញថា មិនឯករាជ្យ និងពោរពេញដោយអំពើរពុករលួយនោះ៕