ពលរដ្ឋនៅអូជ្រៅ ថាអភិបាលខេត្តឲ្យអភិបាលស្រុក ដោះស្រាយរឿងដីធ្លីខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 19, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីពលរដ្ឋធ្វើកាតវ៉ាទាមទារ ជាញឹកញាប់ រហូតដល់សាលាខេត្តនោះ ឥឡូវនេះ ចៅហ្វាយខេត្តបន្ទាយមានជ័យ បានទម្លាក់រឿងរ៉ាវ ជម្លោះដីធ្លីដ៏រាំរ៉ៃមួយនេះ ទៅឲ្យចៅហ្វាយស្រុកទៅវិញ។ ដោយឡែក ចំពោះអភិបាលស្រុកនេះ មេភូមិ និងមេឃុំ នៅមិនទាន់ផ្ដល់ ការអនុញ្ញាតណាមួយ ឲ្យប្រជាពលរដ្ឋ បានចូលជួបអភិបាលស្រុកនៅឡើយ។ នេះបើតាមការឲ្យដឹង ពីអ្នកភូមិថ្នល់បត់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរាល់ការអះអាងទាំងអស់ ពីថ្នាក់ខេត្ត ឬស្រុកនោះ ឃើញមានតែពាក្យសម្តី មិនទាន់មានជាឯកសាអ្វីទេ។
អ្នកស្រី ឡុង សុគន្ធី ជាតំណាងអ្នកភូមិ ដែលមានជម្លោះដីធ្លី ជាង១០០គ្រួសារ នៅភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់គ្នា នៅតែបន្តភាពអស់សង្ឃឹមរបស់ពួកគេ បើទោះជាបានលឺសម្តី របស់អភិបាលខេត្តថា «ចាំដោះស្រាយឲ្យ» នេះ ជាច្រើនលើកច្រើនសារហើយក៏ដោយ។ អ្នកស្រីបានថ្លែងថា៖ «តែលទ្ធផល នៅតែគ្មានដដែល»។
តំណាងខាងលើបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ពលរដ្ឋនៅមិនទាន់ឃើញមានការចុះ មកត្រូតពិនិត្យដីធ្លីពលរដ្ឋ ឲ្យបានច្បាស់លាស់នៅឡើយ ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ។
ការដែលមិនបានដោះស្រាយយ៉ាងនេះ ហើយប្រធានភូមិ ហាក់មិនអើពើមួយកម្រិតទៀត។ អ្នកស្រី សុគន្ធី បានថ្លែងទៀតថា ដូចជាការជួបប្រជុំជាមួយថ្នាក់ស្រុក និងថ្នាក់ខេត្ត ពីបញ្ហាដីធ្លីទាំងនេះ នៅមានការលាក់បាំង មិនផ្តល់ព័ត៍មាន ដល់អ្នកភូមិឲ្យដឹងផងទេ។ ប៉ុន្តែនៅទីបំផុត អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿន បែរជាបានបង្គាប់ ទៅអភិបាលស្រុកអូជ្រៅទៅវិញ ជាអ្នកទទួលបន្ទុក ដោះស្រាយបញ្ហានេះ ឲ្យពលរដ្ឋ។
ទស្សនាវដ្តីមិនអាចទាក់ទងទៅលោក អភិបាលស្រុកអូជ្រៅ លោក សាន ជាងហូរ បានទេ នៅថ្ងៃទី១៩កុម្ភៈនេះ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ តែយ៉ាងណាក៏ដោយ ក៏ទស្សនាវដ្ដីនឹងស្វែងរកការបំភ្លឺ ពីបញ្ហាទាំងអស់នេះ ហើយនឹងចុះផ្សាយ នៅអត្ថបទក្រោយ។ គួរំលឹកដែថា អភិបាលស្រុកខាងលើ ទើបតែឡើងមកកាន់តំណែងថ្មី បានប្រមាណជាមួយសប្តាហ៍ប៉ុណ្ណោះ៕