ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពីព្រៃស មក PJ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានផ្លាស់ប្តូរកន្លែងឃុំខ្លួន ពីពន្ធនាគារព្រៃស ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់នាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទៅកាន់ពន្ធនាគារ PJ វិញ ដែលគ្រប់គ្រងដោយស្នងការនគរបាលរាជធានីភ្នំពេញ។ តែក្រុមអ្នកការពារសិទ្ធិមនុស្ស និងខាងគ្រួសារជនជាប់ចោទ បានចោទថា ជារឿងខុសច្បាប់ ដោយមកពីការផ្លាស់ប្ដូនេះ មិនបានជូនដំណឹងជាមុន។
រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។
មូលហេតុនៃការផ្លាស់ប្តូរនេះ មន្រ្តីរដ្ឋបាលមួយរូបពន្ធនាគារព្រៃស ម២ លោក សាទ មុស បានបញ្ជាក់ថា នៅ ម២ មានអ្នកទោសកាន់តែកើនច្រើនឡើង ធ្វើឲ្យចង្អៀត។ លោក ថាក្នុងថ្ងៃនេះមានការប្តូរ អ្នកទោសស្រីជាងម្ភៃនាក់ផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានតែមួយដដែល។
តែលោក លួស សាខន ជាស្វាមី បាននិយាយថា ភរិយាលោក មិនបានដឹងពីមូលហេតុនេះទេ។ លោកបានថ្លែងថា មន្ត្រីខាងពន្ធនាគារបានប្រាប់ភរិយាលោក ឲ្យរៀបចំឥវ៉ាន់ ដើម្បីធ្វើការផ្លាស់ប្តូរកន្លែង នៅព្រឹកថ្ងៃដដែលតែប៉ុណ្ណោះ។ លោកបន្តថា មន្ត្រីខាង PJ ប្រាប់ថានៅទីនេះទូលាយជាង និងជាអ្នកទោសកំរិតស្រាល។
ការផ្លាស់ប្តូរដោយស្ងាត់ស្ងៀមនេះ មន្ត្រីអង្គការសង្គមស៊ីវិល មេធាវី បានធ្វើការរិះគន់ថា ការមិនផ្តល់ដំណឹងដល់មេធាវី និងសាច់ញាតិជនជាប់ចោទជាមុន ជាការមិនគោរពច្បាប់ មិនគោរពសិទ្ធិមនុស្ស ពិសេសមិនគោរពសិទ្ធិរបស់ជនជាប់ចោទ។
លោក ហម ស៊ុនរិទ្ធិ ជាមេធាវីការពារឲ្យអ្នកស្រី យ៉ោម បុប្ផា បានបញ្ជាក់ថាការផ្លាស់ប្តូនេះលោកពុំបានទទួល ដំណឹង ឬព័ត៌មានជាផ្លូវការទេ។ លោកបន្តថា តាមនីតិវិធីមានលក្ខណៈស្មើភាពគ្នាចំពោះមុខច្បាប់ រាល់ការផ្លាស់ប្តូរកូនក្តីលោក ត្រូវតែជូនដំណឹងជាមុន។ លោកបង្ហាញថា មូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិរបស់ជនជាប់ចោទ ជាការជូនដំណឹងទៅគ្រួសាររបស់គាត់ជាការសំខាន់ និងក៏ត្រូវជូនដំណឹងទៅមេធាវី ដើម្បីអាចទំនាក់ទំនងគ្នាបានផងដែរ។
លោក មឿង តុលា ប្រធានកម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លើកឡើងប្រហែលគ្នាថា នេះជាភាពមិនប្រក្រតីមួយ។ ទោះជាយ៉ាងនេះក៏ដោយលោកបានបង្ហាញថា ក្នុងចំណោមពន្ធនាគារទាំងអស់ PJ ជាពន្ធនាគារមួយដែលមានភាពប្រសើរជាងគេ។
បំបែកចេញ ព្រោះខ្លាចបង្កើតសហគមន៍អ្នកទោស?
ដោយឡែក ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានបង្ហើបថា នេះគ្រាន់តែជារូបភាពមើលពីខាងក្រៅប៉ុណ្ណោះ តែតាមការពិតអ្នកស្រីយ៉ោម បុប្ផា បានដឹងនិងក្តាប់បាន ពីបញ្ហាមួយចំនួនដែលកើតមានឡើងនៅ មណ្ឌលកែក្រែ ម២ (ព្រៃសរ)។ គេខ្លាចអ្នកស្រីធ្វើការការចងក្រងអ្នកទោស ទៅជាសហគម ទើបមានការបំបែកយ៉ាងដូចនេះ។ ក្រោយពេលឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា ចេះតែមានបាតុកម្ម ជាញឹកញាប់នៅមុខពន្ធនាគារព្រៃសនោះ។
លោកបញ្ជាក់ថា អ្នកស្រី យ៉ោម បុប្ផា ស្ថិតក្នុងភាពមិនទាន់មានទោសនៅឡើយទេ។ គាត់ជាពិរុទ្ធជន មិនមែនជាទណ្ឌិតទេ ដូច្នេះរាល់ការផ្លាស់ប្តូរការឃុំខ្លួន ត្រូវតែជូនដំណឹងដល់គ្រួសារ និងមេធាវីជាចាំបាច់។ មួយវិញទៀតនៅពន្ធនាគារ PJ ពិបាកក្នុងការចូលសួរសុខទុក ក៏ដូចជាការទាមទារ ឬតវ៉ាណាស់។ ព្រោះត្រូវមានការអនុញ្ញាតពីស្នងការត្រឹមត្រូវច្បាស់-លាស់ និងមានហេតុផល ទើបអាចអនុញ្ញាតិ។
លោក លួស សាខន ជាស្វាមីសង្ឃឹមថា ប៉ុន្មានថ្ងៃខាងមុខនេះ មានពីធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ នរោត្តម សីហ មុនី នឹងមានអ្នកទោសមួយចំនួន ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ធូបន្ថយទោស ក្នុងនោះក៏នឹងមានភរិយារបស់លោកផងដែរ។
សូមរម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ជាប់ចោទពីបទប្រើហឹង្សាដោយចេតនា វាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស តាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ ជាងប្រាំបីខែនៃការឃុំខ្លួននេះ ជនជាប់ចោទកំពុងបន្តនីតិវិធី នៅសាលាឧទ្ទរណ៍ទៀត ដើម្បីជម្ទាស់នឹងសាលក្រមនេះ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ