កម្ពុជាស្ថិតនៅលើផ្លូវដ៏ល្អ សម្រាប់បំបាត់ជម្ងឺអេដស៍ នៅឆ្នាំ២០២០
នយោបាយប្រយុទ្ធប្រឆាំង នឹងជម្ងឺអេដស៍ ឬស៊ីដា នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងបំបាត់ជម្ងឺនេះបន្តិចម្ដងៗ ហើយឈានទៅបំបាត់ទាំងស្រុងនៅឆ្នាំ២០២០ខាងមុខ។ នេះជាការថ្លែងឲ្យដឹងក្នុងពេលជាមួយគ្នា របស់រដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។
មេរោគនៃជម្ងឺអេដស៍ឬស៊ីដា។ (រូបភាពជំនួស)
លទ្ធផលនៃការសិក្សាស្រាវជ្រាវផ្លូវការមួយ ដោយអាជ្ញាធរសុខភាពរបស់ប្រទេសកម្ពុជា បានរាយការណ៍ថា ចំនួនអ្នកជម្ងឺឆ្លងប្រចាំឆ្នាំ បានថយចុះពី១៥៥០០នាក់នៅក្នុងទស្សវត្តន៍ឆ្នាំ៩០ មកនៅត្រឹម១០០០នាក់ ក្នុងឆ្នាំ២០១១។ តួលេខគិតជាភាគរយ ដែលជម្ងឺនេះបានកើតនៅលើមនុស្សធំ អាយុរវាងពី១៥ទៅ៤៩ឆ្នាំ បានថយចុះពី១,៧% ក្នុងឆ្នាំ១៩៩៨ មកត្រឹម០,៧% ក្នុងឆ្នាំ២០១២។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃសុក្រទី១០ខែមេសា បាននិយាយថា វាជាជោគជ័យដែលបានមកពី ការខិតខំពន្យល់ណែនាំ មាននៅក្នុងកម្មវិធីដ៏ច្បាស់លាស់ជាច្រើន ទៅកាន់ប្រជាជនដែលអាចទទួលផលប៉ះពាល់ច្រើន ជាមួយនឹងជម្ងឺដ៏រង្គាលនេះ ជាពិសេសកិច្ចការពារការចម្លងពីម្ដាយទៅកាន់ទារក ការទទួលធ្វើជួសឈាមដើម្បីពិនិត្យរករោគ និងការព្យាបាលទល់នឹងការរីកដុះដាល សម្រាប់អ្នកជម្ងឺដែលមានផ្ទុកមេរោគហីវ។
លោកសាស្ត្រាចារ្យដានីញ៉ែល តារ៉ាតូឡា (Daniel Tarantola) អ្នកដឹកនាំការសិក្សានេះ បានពោលសរសើរប្រទេសកម្ពុជាថា បានស្ថិតនៅលើផ្លូវដ៏ល្អ សម្រាប់ទិសដៅប្រកបដោយមហិច្ឆតា ដើម្បីកាត់បន្ថយអោយអស់នូវការចម្លងជម្ងឺអេដស៍នេះ នៅឆ្នាំ២០២០ខាងមុខ។
តែទោះជាយ៉ាងណាក៏ដោយ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភាពជោគជ័យនេះមិនមានន័យថា គេត្រូវបញ្ឈប់ការខិតខំប្រឹងប្រែងទាំងឡាយនោះទេ តែវាក៏ជាអំណះអំណាងយ៉ាងច្បាស់ក្រឡែតមួយ ដែលគេអាចបំបាត់ការចម្លងនៃជម្ងឺនេះ នៅទ្វីបអាស៊ីបាន។
ពិតមែនតែតម្រូវការហិរញ្ញវត្ថុ ជារឿងចាំបាច់នៅក្នុងនយោបាយការពារជម្ងឺនេះក៏ដោយ តែប្រទេសកម្ពុជាត្រូវនៅប្រឈមមុខជាប់ជានិច្ច ទល់នឹងករណីធំៗមួយចំនួនទៀត ជាពិសេសករណីដែលបានកើតលើស្ត្រី និងកុមារ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ