វាយកូនបាល់៖ រ៉ចឺ ហ្វេដឺរ៉ឺ ធ្លាក់ក្រោមថ្វីដៃកីឡាករអាស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយកូនបាល់ និងជាម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានធ្លាក់ចេញពីកម្មវិធីប្រកួតពានរង្វាន់ ម័ដទូ ម៉ាឌ្រីដអូផិន (Mutua Madrid Open) ក្នុងវគ្គ១៦នាក់ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៏ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បន្ទាប់ពីប្រកួតចាញ់កីឡាករចំណាត់ថ្នាក់លេខ១៤ពិភពលោក របស់ជប៉ុន គេ នីស៊ីកូរី (Kei Nishikori) ដោយលទ្ធផល ៦-៤, ១-៦ និង៦-៣។
កីឡាករវាយកូនបាល់ រ៉ចឺ ហ្វេដឺរ៉ឺ។
បន្ទាប់ពីចាញ់ក្នុងវគ្គទី១ រ៉ចឺ បានព្យាយាមវាយបកយកឈ្នះវិញនៅវគ្គទី២ ប៉ុន្តែទោះបីជាយ៉ាងណាក៏កីឡាករសញ្ជាតិស្វីសរូបនេះ ធ្វើមិនបានល្អនោះទេ នៅក្នុងវគ្គទី៣ ខណៈដែលកីឡាកររបស់អាស៊ី ក៏បានបង្ហាញពីទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលដែរនោះ។
បន្ទាប់ពីចំណាយពេលអស់១ម៉ោង៣៥នាទី ក្នុងការផ្តួលហ្វេដឺរ៉ឺ និងធ្វើឲ្យកីឡាករជើងខ្លាំងរបស់ពិភពលោក ត្រូវហាលអាវទៅផ្ទះវិញរួចមកនោះ កីឡាករវ័យ២៣ របស់ជប៉ុនបាននិយាយថា «គាត់ (ហ្វេដឺរ៉ឺ) ជានិមិត្តរូបរបស់ខ្ញុំ ដូច្នេះការយកឈ្នះគាត់ ជាគោលដៅមួយ នៅក្នុងអាជីពវាយតេនីសរបស់ខ្ញុំ»។
កីឡាករដែលទើបតែឈ្នះលើហ្វេដឺរ៉ឺ ជាលើកដំបូងក្នុងអាជីពរូបនេះ បានបន្តថា «តាមពិតខ្ញុំមានអារម្មណ៏ល្អណាស់។ ខ្ញុំពិតជាមិនរំពឹងថា នឹងទទួលបានលទ្ធផលនេះទេ។ វាពិបាកខ្លាំងណាស់ដែលបានយកឈ្នះគាត់ ៦-២ នៅក្នុងវគ្គទី៣។»
ម្ចាស់ជើងឯក៣សម័យកាល ហ្វឺដឺរ៉ឺ ដែលធ្លាប់ប្រកួតឈ្នះកីឡាករនីស៊ីកូរី កាលពីឆ្នាំ២០១១ ក្នុងទីក្រុងបាស្ស៊ែល (Basel) នោះ បានប្រាប់ថា កីឡាករនីស៊ីកូរី មានមហិច្ចតាចង់ឈ្នះខ្លាំង។
កីឡាករវ័យ៣១ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ក្នុងការប្រកួតនេះ។ ថ្ងៃនេះនីស៊ីកូរី គាត់លេងបានល្អជាងខ្ញុំ ហើយជាបុរសដ៏អស្ចារ្យ។»
នៅវគ្គ៨នាក់ចុងក្រោយ កីឡាករអាស៊ី នីស៊ីកូរី នឹងត្រូវជួបជាមួយកីឡាករអេស្ប៉ាញ ផាប្លូ អេនឌូចា (Pablo Andújar) ដែលបានទទួលជ័យជំនះដោយស្វ័យប្រវត្តិកាលពីវគ្គ១៦នាក់ចុងក្រោយ បន្ទាប់ពីដៃគូរបស់គាត់ ដានីញ៉ែល ហ្គីម៉េណូ ត្រាវើ (Daniel Gimeno-Traver) បានបោះបង់ការប្រកួត។
ចំណែកឯគូសំខាន់ៗផ្សេងទៀត កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ក៏បានឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយដែរ បន្ទាប់ពីបានយកឈ្នះកីឡាកររុស្ស៊ី មីឃែល យូស្នី (Mikhail Youzhny) ដោយលទ្ធផល ៦-២ និង៦-៣។
រីឯកីឡាករ អេនឌី មួរ៉េ (Andy Murray) ក៏បានឡើងទៅវគ្គជាបន្តដូចគ្នាដែរ បន្ទាប់បានប្រកួតឈ្នះកីឡាករបារាំង ហ្គីឡែស ស៊ីម៉ុន (Gilles Simon) យ៉ាងត្រដាបត្រដួស ដោយលទ្ធផល ២-៦, ៦-៤ និង៧-៦(៨-៦)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ