ទេសចរណ៍៖ «ចំណាយ»​របស់​រដ្ឋ ហេតុអ្វី​ចំណូល​ចូល​«ឯកជន»?

ជាចំណោទ ដែលស្ថិតនៅជាបញ្ហាក្ដៅ សម្រាប់ប្រជាជាតិខ្មែរ៖ ប្រគល់តំបន់ប្រាសាទបូរាណដ៏ល្បី និងជា​តំណាង​ឲ្យ​អត្តសញ្ញាណ​របស់​ខ្មែរ ទៅឲ្យក្រុមហ៊ុនឯកជន ជាអ្នករកស៊ីមានបាន ខណៈរដ្ឋ តាមរយៈក្រសួងទេសចរណ៍ ជា​អ្នក​បញ្ចេញ​ញើស​ឈាម ដើរទៅប្រមូលយកទេសចរណ៍មកទស្សនា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 27, 2014
  • ប្រធានបទ: អង្គរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្រសួងទេសចរណ៍ធ្វើដំណើរជាប្រតិភូ ការ​ផ្សព្វផ្សាយ​គ្រប់​បែប​យ៉ាង ដើម្បី​ទាក់​ទាញ​ទេសចរណ៍។ ដូច្នេះ​ចំណាយ​របស់​រដ្ឋ ហេតុអ្វី​បណ្តោយ​ឲ្យ​ចំណូល​ហ្នឹង ឲ្យ​ក្រុមហ៊ុន​ជា​អ្នក​យក​ទៅ​វិញ ថ្វី​ត្បិត​តែ​បាន​ភាគ​រយ​ខ្លះ​មក​រដ្ឋ​មែន?» នេះ​ជា​ការ​លើក​ឡើង​របស់​លោក យ៉ែម ប៉ុញ្ញរិទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋ​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធានគណកម្មការទី៧នៃ​រដ្ឋសភា ក្នុង​កិច្ចសម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​ម្សិល​ម៉ិញ​នេះ បាន​ធ្វើ​ចំណាប់​អារម្មណ៍ ទៅ​លើ​បញ្ហា​នៃ​ការ​លក់​សំបុត្រ សម្រាប់​ភ្ញៀវ​ទេសចរណ៍ ចូល​ទស្សនា​តំបន់​អង្គរ។ លោក​លើក​ឡើង​ថា ក្នុង​តំណាក់​កាល​នេះ ត្រូវ​តែ​ដក​ហូត​ការ​គ្រប់​គ្រង ការ​លក់​សំបុត្រ​នោះ​ពី​ឯកជន មក​គ្រប់​គ្រង​ដោយ​រដ្ឋ​វិញ ទើប​ចំណូល​ទាំង​អស់​បាន​ចូល​ជា​ថវិការ​របស់​ជាតិ។

តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិរូបនេះបន្តថា ការគ្រប់គ្រងដោយឯកជន ថ្វីបើមានចំណូលចូលរដ្ឋ​គិតជាភាគរយក៏ពិតមែន គ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ។ លោកថា អ្វីដែលត្រូវលើកមកជជែកគ្នា នា​ពេល​នេះ គឺរឿងភាគរយនៃចំណូល មិនមែនជាប្រធានបទដែលគណកម្មការទី៧ នឹងធ្វើការពិចារណាឡើយ។ តែអ្វី​ដែលត្រូវគិត និងយកចិត្តទុកដាក់ ស្ថិតនៅត្រង់ថា ចំណាយរបស់រដ្ឋ តែចំណូលបែរជាឯកជន ជាអ្នកទទួលទៅ​វិញ​នោះ។

លោកបន្តថា តាមរបាយការរបស់ក្រសួងទេសចរណ៍បានលើកឡើងថា ដោយសាររដ្ឋនៅមានសមត្ថភាព​ខ្សោយ ក្នុងការគ្រប់គ្រង«លក់»សំបុត្រ។ បញ្ហានេះលោកអាចទទួលយកបាន ក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៥។ តែសម្រាប់ពេលបច្ចុប្បន្ននេះ ចំលើយខាងលើ លោកមិនអាចទទួលយកបានឡើយ ដោយលោកយល់​ឃើញ​ថា ព្រោះយុវជនខ្មែរមានជំនាញច្រើនណាស់ អាចគ្រប់គ្រងការលក់សំបុត្រ ចូលមើលប្រាសាទក្នុងតំបន់​អង្គរ​ដោយមានប្រសិទ្ធិភាព។

គម្រោងការនៃការវិនិយោគវិស័យទេសចរណ៍នេះ ទៅឲ្យក្រុមហ៊ុន មានរយៈពេល៤៥ឆ្នាំ។ ហើយក្នុងរយៈ​ពេល​ប្រាំឆ្នាំ គេនឹងធ្វើការផ្ទៀងផ្ទាត់ម្តង។ នេះបើតាមការបញ្ជាក់ របស់ប្រធាន​គណកម្មការ​ទី៧ នៃរដ្ឋសភា​ដដែល។

លោកបន្ថែមថាមកទល់ពេលនេះ លោកនៅមិនទាន់ទទួល បានឯកសារណាមួយជាផ្លូវការ ស្តីពីការលក់​សំបុត្រនោះនៅឡើយ។ ដូច្នេះអ្វីដែលលោកចង់បាន គឺឯកសារផ្លូវការពិតប្រាកដ ដើម្បីធ្វើការពិនិត្យ និងតាម​ដាន។ ហើយករណីនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយច្បាស់លាស់ ពីក្រសួងទេសចរណ៍ ក៏ដូចជា​អាជ្ញាធរអប្សរាឡើយ។ ស្រង់សំដីពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ (លោកថោង ខុន) លោក យ៉ែម ប៉ុញ្ញារិទ្ធ បាន​បញ្ជាក់ថា ខាងក្រសួងទេសចរណ៍មិនធ្វើការឆ្លើយតបឡើយ និងតម្រូវឲ្យគណកម្មការទី៧នៃរដ្ឋសភា ដាក់​សំណើរសុំឯកសារ ស្តីពីការលក់សំបុត្រទាំងនោះ ពីអាជ្ញាធរអប្សរាវិញ។

លោកបានបន្តជំហរក្នុងនាមជាប្រធានគណកម្មការទី៧ នៃរដ្ឋសភាថា នឹងបន្តទាមទារ និងទាញយកការ​លក់​សំបុត្រចូលទស្សនាអង្គរនោះ ពីក្រុមហ៊ុនឯកជន មកដាក់ឲ្យស្ថិតនៅក្រោមក្រសួងទេសចរណ៍ ឬអាជ្ញាធរ​អប្សរាវិញ។ លោកបានបញ្ជាក់ពីមូលហេតុ យ៉ាងដូច្នេះថា «ដើម្បីប្រមូលថវិការឲ្យមូល ទៅជាតិទាំងមូល​តែ​ម្តង»។

សូមទ្សនាកិច្ចសម្ភាសលោក យ៉ែម ប៉ុញ្ញរិទ្ធ ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

(វីដេអូមិនទាន់រួចរាល់)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...