ក្មេង​៤នាក់​ទៀត ទើប​ត្រូវ​បាន​យក​ចេញ​ពី​រូងភ្នំ ក្នុង​យប់​ថ្ងៃ​ចន្ទ

ក្មេងរងគ្រោះចំនួន ៤នាក់បន្ថែម ត្រូវបានជួយសង្គ្រោះ និងសែងយកចេញ ពីរូងភ្នំថាំហ្លួង (ខាងជើងប្រទេសថៃ) ក្នុងយប់ថ្ងៃចន្ទនេះ។ ដូច្នេះ នៅសល់តែក្មេងចំនួន៤នាក់ និងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់ទៀត ដែលកំពុងស្ថិតក្នុងរូងភ្នំនៅឡើយ ដែលត្រូវជាយប់ទី១៦ នៃការជាប់គាំងខ្លួន ដោយសារច្រកចូល និងតាមបណ្ដោយរូងភ្នំ ត្រូវទឹកភ្លៀងជន់លិច។
ក្មេង​៤នាក់​ទៀត ទើប​ត្រូវ​បាន​យក​ចេញ​ពី​រូងភ្នំ ក្នុង​យប់​ថ្ងៃ​ចន្ទ
ក្រុមកុមារ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានរកឃើញវិញហើយ នៅចំងាយជាង ៤គីឡូម៉ែត្រ ពីច្រកចូលរូងភ្នំ បន្ទាប់ពីត្រូវបានជាប់គាំងនៅទីនោះ អស់រយៈពេល១៥ថ្ងៃមក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 09, 2018
  • ប្រធានបទ: បាត់ខ្លួនក្នុងរូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីយប់ថ្ងៃអាទិត្យ​ម្សិលម៉ិញ ក្មេងចំនួនបួននាក់ដំបូង ត្រូវបានសង្គ្រោះ យកចេញមកក្រៅ។ នេះ បើតាមតុល្យភាពផ្លូវការ ផ្ដល់ដោយអាជ្ញាធរថៃ ខណៈមន្ត្រីទទួលខុសត្រូវមួយរូប ពីក្រសួងការពារជាតិថៃ បានអះអាង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា មាន​ក្មេងដល់​ទៅ៦នាក់ ដែលត្រូវបានយកចេញពីរូងភ្នំ។ 

យ៉ាងណា នៅយប់ថ្ងៃចន្ទនេះ កុមារចំនួន៤នាក់ទៀត ទើបត្រូវបានក្រុមអ្នកសង្គ្រោះ សែងយកចេញ មកដល់ក្រៅ ដែលធ្វើឲ្យចំនួនក្មេង ដែលនៅសល់ ក្នុងរូងភ្នំ មានចំនួន៤នាក់ រួមនឹងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់ទៀត។ នេះ ជាថ្ងៃទីពីរ នៃប្រតិបត្តិការនាំកុមារ ចេញពីជម្រកការពារខ្លួនរបស់ពួកគេ ដោយឆ្លងកាត់តាមច្រករូងភ្នំ ដ៏ស្មុគ្រស្មាញ ដែលមានប្រវែង ប្រមាណជា ៤,៧គីឡូម៉ែត្រ និងកន្លែងខ្លះ ពេញប្រៀបដោយទឹកភ្លៀងជន់។

កាលពីយប់ម៉ិញ (យប់ថ្ងៃអាទិត្យ ចូលមកថ្ងៃចន្ទ) ភ្លៀងបានបន្តធ្លាក់ យ៉ាងជោគជាំ នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសថៃ ជាពិសេសក្នុងខេត្ត ឈៀងរ៉ៃ ធ្វើឲ្យកំពស់ទឹកភ្លៀងជន់កើនឡើង នៅតាមបណ្ដោយរូងភ្នំ និងបន្ថែមឧបសគ្គច្រើនទៀត សម្រាប់ការជួយសង្គ្រោះជនរងគ្រោះ។

ក្រុមអាជ្ញាធរបានឲ្យដឹងថា ក្មេងៗដែលត្រូវបានយកចេញ ពីរូងភ្នំ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាល នៅឯមន្ទីរពេទ្យក្រុង ឈៀងរ៉ៃ ដែលមានចំងាយ ៧០គីឡូម៉ែត្រ ពីតំបន់ព្រៃភ្នំ។ 

លោក «Narongsak Osottanakorn» ចៅហ្វាយខេត្ត ឈៀងរ៉ៃ និងជាប្រធាន​គណៈកម្មការគ្រប់គ្រងវិបត្តិ បានអះអាងថា កុមារបួននាក់មុន ដែលត្រូវបានសង្គ្រោះ កាលពីម្សិលម៉ិញ មានសភាពធម្មតា និងប្រសើរឡើង ប៉ុន្តែឪពុកម្ដាយពួកគេ មិនត្រូវបានអនុញ្ញាត ឲ្យចូលទៅជិតនៅឡើយ ដើម្បីបង្កាការឆ្លងរោគ ដោយសារសុខភាពរបស់ក្មេងៗទាំងនោះ នៅមានស្ថានភាពផុយស្រួល។

លោកថា៖ «គ្រូពេទ្យ នឹងកំណត់មើល ពីការអនុញ្ញាតឲ្យក្រុមគ្រួសារ អាចចូលសួរសុខទុក្ខ ប៉ុន្តែត្រូវស្ថិតនៅម្ខាងម្នាក់ នៃបន្ទប់កញ្ចក់»។

ព័ត៌មានបន្ថែម ទាក់ទងនឹងក្មេងបួននាក់ ដែលទើបត្រូវបានសង្គ្រោះ ក្នុងយប់ថ្ងៃចន្ទនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ។

កុមារទាំង១២នាក់ ដែលមានអាយុពី១២ ដល់១៦ឆ្នាំ រួមនឹងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេមួយរូបផង បានជាប់ខ្លួននៅក្នុងរូងភ្នំ តាំងពីថ្ងៃទី២៣ ខែមិថុនា។ ម្ដាយរបស់កុមារម្នាក់ បានថ្លែងឲ្យដឹងថា បន្ទាប់ពីហ្វឹកហាត់រួច ក្រុមបាល់ទាត់វ័យក្មេង ដែលមានឈ្មោះ «Wild Boars» ខាងលើ បានសម្រេច​ចូលទៅ​ផ្សងព្រេង នៅក្នុងរូងភ្នំ ថាំហ្លួង (Tham Luang) នោះ គឺដើម្បី «អបអរសាទរ​បុណ្យខួបកំណើត ១៦ឆ្នាំ» ឲ្យកូនរបស់គាត់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...