សហគមន៍បុរីកីឡា និងបឹងកក់ ដាក់ញត្តិទៅ ប៉ា សុជាតិវង្ស
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមសហគមន៍ខាងលើ បានស្នើដល់លោកអភិបាលរាជធានីថ្មី ឲ្យជួយដោះស្រាយបញ្ហាផ្ទះសម្បែង ឲ្យបានមុន ការបោះឆ្នោតតំណាងរាស្រ្ត នាខែកក្កដាខាងមុខ។ ក្នុងញត្តិដដែលនោះ បញ្ជាក់ថា ពួកគាត់រស់នៅយ៉ាងលំបាក វេទនា ជាងមួយឆ្នាំមកហើយ ដូចជា ខ្វះជម្រក បាត់បង់មុខរបរ កូនចៅបោះបង់ការសិក្សា និងប្រឈមមុខនឹងជម្ងឺគ្រប់បែបយ៉ាង។
នាព្រឹកដដែលនោះ តំណាងប្រជាពលរដ្ឋបីរូបដែលមកពីសហគមន៍ បុរីកីឡា ត្រូវបានអនុញ្ញាតឲ្យចូលជួបដោយផ្ទាល់ លោកប៉ា សុជាតិវង្ស។ ក្រោយពីជំនួបនេះរួច លោក ពេជ្រ លឹមឃួន អ្នកតំណាងមួយរូប របស់ សហគមន៍បុរីកីឡា បានអះអាងថា អភិបាលថ្មីនេះ សុំរយៈពេលមួយសប្តាហ៍ ក្នុងការពិនិត្យឯកសារ បន្ទាប់មក នឹងធ្វើការចាត់ចែងដោះស្រាយជូន។ លោកបន្តរថា ខាងប្រជាពលរដ្ឋ ក៏រៀបចំឯកសារជាផ្លួវច្បាប់ ដាក់មកសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួល ក្នុងការចាត់ចែង និងដោះស្រាយផងដែរ។ តំណាងប្រជាពលរដ្ឋរូបនេះ ក៍បានទទួលយកនូវសំណើរខាងលើ ដោយជឿជាក់។ ប៉ុន្តែលោកបានរិះគន់ ចំពោះអណត្តិលោក កែប ជុតិមា ដោយថា មានតែការសន្យាតាមរយៈតំណាង មិនដែលហ៊ានជួបមុខប្រជាពលរដ្ឋ និងគ្មានដំណោះស្រាយ ទាល់តែសោះ។
ក្នុងជំនួបដោយឡែកពីគ្នា ជាមួយជាតំណាងប្រជាពលរដ្ឋ សហគមន៍បឹងកក់ជាង៦០គ្រួសារ ដែលគ្មានផ្ទះសម្បែងរស់នៅ លោកអភិបាលថ្មី ក៏សុំរយះពេល១សប្តាហ៍ដូចគ្នាដែរ ដើម្បីពិនិត្យឯកសារ។ តំណាងប្រជាពលរដ្ឋ មកពីសហគមន៍ទាំងពីរ បានសម្តែងនូវភាពជឿជាក់ លើអភិបាលរាជធានីភ្នំពេញថ្មីនេះថា៖ «អ្វីដែលគាត់បានសន្យា ជាការពិត។ គាត់មិនទុកឲ្យប្រជាពលរដ្ឋ រស់នៅដោយគ្មានផ្ទះសម្បែងសមរម្យនោះទេ។» ប្រជាពលរដ្ឋទាំងអស់ខាងលើពន្យល់ថា បើសាលារាជធានី គោរពតាមការសន្យារបស់ខ្លួន ជម្លោះដីធ្លី រវាងសហគមន៍នានា នៅរាជធានីភ្នំពេញ នឹងត្រូវបានដោះសា្រយដោយសន្តិវិធី។
តំណាងប្រជាពលរដ្ឋបុរីកីឡា លោក ពេជ្រ លឹមឃួន បានបន្ថែមថា ប្រជាពលរដ្ឋមានជម្រើសបី។ ទី១ ការផ្តល់ផ្ទះនៅនឹងកន្លែង។ ទី២ ការប្រគល់សាច់ប្រាក់ជាសំណង និងទី៣ សាលារាជធានី នឹងទិញដីនៅតំបន់ណាមួយជាសំណង។ ហើយប្រជាពលរដ្ឋ អាចយកជម្រើសណាមួយក៏បាន ឬក៏យកទាំងបីដោយឡែកពីគ្នា តាមការឯកភាពរៀងខ្លួន។
សូមរម្លឹកថា លោក ប៉ា សុជាតិវង្ស ត្រូវបានប្រកាសតែងតាំង ជាអភិបាលរាជធានីភ្នំពេញថ្មី ជាផ្លូវការ កាលថ្ងៃទី៣ខែឧសភា ២០១៣ ជំនួសលោក កែប ជុតិមា ដែលបានចូលនិវត្តន៍។ ក្នុងពិធីចូលកាន់តំណែងថ្មី អតីតអភិបាលរងរាជធានីភ្នំពេញរូបនេះ បានសន្យាជាសាធារណៈថា លោកនឹងបន្តដោះស្រាយ នូវបញ្ហាមួយចំនួនដូចជា សណ្តាប់ធ្នាប់ចរាចរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ទឹកស្អាត សណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថានអនាម័យ និងជាពិសេស ដោះស្រាយបញ្ហាខ្វះខាតលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ នៅបុរីកីឡា និងបឹងកក់៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៦ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ