អ្នកតវ៉ាដីធ្លីម្នាក់ នៅសហគមន៍ឡពាងបានទទួលមរណៈភាព
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ កុម្ភ ២០១៥
- កែប្រែចុងក្រោយ: February 13, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ហ៊ូ គឿន បានទទួលមរណៈភាព នៅវេលាម៉ោង៨យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងវ័យ៦១ឆ្នាំ ដោយបន្សល់ទុក នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រី នូវកូន៦នាក់ ស្រី១នាក់ ប្រុស៥នាក់ និងស្វាមីឈ្មោះ ប៉ែន ហី អាយុ៦៧ឆ្នាំ។ អ្នកស្រីបានលាចាកលោកទៅ ខណៈពេលដែលការទាមទារ ឲ្យដោះស្រាយវិបត្តិដីធ្លី នៅក្នុងសហគមន៍អ្នកស្រី នៅមិនទាន់បានសម្រេចបានជាលទ្ធផលនៅឡើយ។
តំណាងសហគមន៍ឡពាងអ្នកស្រី អ៊ំ សុភី បានបង្ហាញការសោកស្តាយ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា ក្នុងសហគមន៍អ្នកស្រី បានបាត់បង់មនុស្សម្នាក់ទៀតហើយ។ អ្នកស្រីបានរៀបរាប់ពីមូលហេតុដែលអ្នកស្រី ហ៊ូ គឿន ស្លាប់ថា ដោយសារតែការឡើង មកតវ៉ាដីធ្លីនៅរាជធានីភ្នំពេញ។ ហើយតាំងពីនោះមក អ្នកស្រី ហ៊ូ គឿន មានជម្ងឺស្លាប់មួយចំហៀងខ្លួន ឈឺរហូតមកដល់ថ្ងៃនេះ ជាថ្ងៃចុងក្រោយ។ អ្នកស្រីបន្តថា ពិធីបុណ្យសពអ្នកស្រី ហ៊ូ គឿន នឹងបញ្ចប់នៅថ្ងៃទី១៣ ខែកុម្ភៈនេះ វេលាថ្ងៃត្រង់ ក្នុងភូមិឡពាង ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អ្នកស្រី អ៊ំ សុភី បានបន្ថែមថា ទោះជាអ្នកស្រី ហ៊ូ គឿន ទទួលមរណៈភាពក៏ដោយ ក៏ការតវ៉ានៅតែមានសម្រាប់សហគមន៍អ្នកស្រី ជាពិសេសសម្រាប់គ្រួសារនៃសពតែម្តង។ អ្នកស្រីបញ្ជាក់ថា ក្រុមគ្រួសារមានរឿងពីរ ដែលពួកគេកំពុងសោកស្តាយ នោះគឺដីរបស់ខ្លួនមិនទាន់មានសំណងសមរម្យ និងពេលនេះ ភរិយានិងត្រូវជាម្ដាយជាទីស្រឡាញ់ បានចាកចោលពួកគេទៀត។ អ្នកស្រីបានលើកឡើងថា អ្នកស្រី និងអ្នកតវ៉ាផ្សេងទៀត នៅក្នុងសហគមន៍ឡពាង ក៏ដូចជាគ្រួសារនៃសព នឹងនៅតែរក្សាជំហរ ធ្វើការតវ៉ាជាបន្តទៀត។
ចំពោះករណីនេះ លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមន៍អាដហុក បានឲ្យដឹងថា តាមផ្លូវច្បាប់ក្រុមគ្រួសារនៅតែមានសិទ្ធ ទោះជាមានម្នាក់ស្លាប់ក៏ដោយ។ លោកបានលើកឡើងថា៖ «តាមច្បាប់ត្រូវតែរកឲ្យឃើញ ហើយប្រគល់ឲ្យ ប្តីឬប្រពន្ធកូនដែលនៅបន្ត»។ លោកថាទោះជាគ្រួសារនោះ មានតែកូនតូចក៏ដោយ ក៏ច្បាប់ត្រូវតែដោះស្រាយឲ្យដែរ មិនអាចគិតថា មនុស្សស្លាប់ទៅហើយ ចប់រឿងនោះទេ។
បិតភ្នែកមិនជិត
គួរំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ អ្នកតវ៉ាដីធ្លីដ៏រ៉ាំរៃ នៅភូមិបឹងកក់ម្នាក់ លោកយាយ សឺន កេ ក៏បានទទួលមរណៈភាពដែរ។ ការស្លាប់របស់ពួកគាត់ ត្រូវបានក្រុមជនរងគ្រោះនឹងបញ្ហាដីធ្លីដូចគ្នាចាត់ទុកថា ជាស្លាប់ទាំងបិតភ្នែកមិនជិត ដោយសាតែវិបត្តិដីធ្លីរបស់ពួកគាត់ នៅមិនទាន់មានដំណោះស្រាយសមរម្យ៕