ពលរដ្ឋរងគ្រោះរឿងដីធ្លីចង្អុលដាក់និស្សិតវាស់ដី និងរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិបត្តិដីធ្លី នៅតែបន្តលងសង្គមកម្ពុជា បើទោះជាកន្លងមក រដ្ឋាភិបាលកម្ពុជា បានអះអាងដោយមោទនភាព ទាក់ទងនឹងការវាស់វែងដីធ្លី ដោយក្រុមនិស្សិត«តេជោ» និងបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា បញ្ហានេះត្រូវបានដោះស្រាយ ព្រមទាំងមានចំនួនថយចុះយ៉ាងច្រើន បើប្រៀបទៅឆ្នាំមុនៗក៏ដោយ។ ប៉ុន្តែសម្រាប់ពលរដ្ឋ ដែលរងគ្រោះនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ នៅតែបន្តឡើងមករាជធានី ជាពិសេសនៅក្នុងសន្និសីទតស៊ូមតិ ថ្នាក់ជាតិលើកទី៩ ដែលបានរៀបចំឡើង ដោយអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិជិត៥០អង្គការ ដើម្បីសម្ដែងពីទុក្ខព្រួយ ដែលបន្តរំខានដល់ការរស់នៅ និងអនាគតរបស់ពួកគេ។
មកពីសហគមព្រៃឈើ ខេត្តពោធិសាត់ ពលរដ្ឋឈ្មោះ លី ភក្តី បានលើកឡើងថា បើទោះរដ្ឋាភិបាលកម្ពុជាបានប្រកាស និងបង្ហាញនូវការតាំងចិត្ត ក្នុងការដោះស្រាយ ជម្លោះដីធ្លី តាមរយៈការដកដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនមួយចំនួន ឬកាត់បន្ថយ នូវការជួលដី ឲ្យក្រុមហ៊ុនទាំងនោះ មកនៅត្រឹមតែ៥០ឆ្នាំក៏ដោយ តែការកាត់បន្ថយទុក្ខលំបាក របស់ប្រជាពលរដ្ឋ ហាក់ដូចជាមិនមានប្រសិទ្ធិភាពឡើយ។ លោកអះអាងថា ជម្លោះទាំងនោះ បានបន្សល់ទុក ក្រោយការវាស់វែង របស់ក្រុមនិស្សិតវាសវែងដីធ្លី ដោយគ្មានភាពសុក្រិត។
លោក លី ភក្ដី បានថ្លែងឡើងថា៖ «មានការលំអៀង ទៅលើអ្នកដែលមានលុយកាក់ច្រើន អ្នកមានអំណាច អ្នកមានបុណ្យស័ក្ត។ ផ្ទុយទៅវិញអ្នកក្រីក្រ ដេលមានដី លើសពីក្បាលខ្សែបន្តិចបន្តួច គាត់មិនព្រមវាស់ឲ្យទេ។ នេះជាបញ្ហាទំនាស់ដីធ្លីនៅកម្ពុជា ដែលបានអូសបន្លាយពេលវេលា។»
សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក ភក្ដី៖
----------------
អ្នកស្រី លន ស៊ីនី មកពីសហគមព្រៃឈើដដែល បានលើកឡើងថា «បញ្ហា» ដីធ្លី និងសិទ្ធិលំនៅដ្ឋានភាគច្រើន កើតឡើងដោយអាជ្ញាធរ ឬរដ្ឋាភិបាលផ្ទាល់តែម្តង។ អ្នកស្រីបន្តថា ដើមឡើយ មានបញ្ហាតែបន្តិចបន្តួចប៉ុណ្ណោះ ដែលស្នើឲ្យអាជ្ញាធរ ឬរដ្ឋាភិបាលអន្តរាគមន៍ និងដោះស្រាយ។ តែបញ្ហាទាំងនោះ ក៏ត្រូវបានកប់ចោល ដោយគ្មានដំណោះស្រាយ រហូតរីកសាយជារឿងធំ។ ទោះយ៉ាងនេះក្តី ប្រជាពលរដ្ឋខំបន្តស្វែងរកដំណោះស្រាយ ក៏តែងតែទទួលការបដិសេធ ពីក្រុមអាជ្ញាធរទាំងនោះថា អ្នកមកប្តឹងមុខតែដដែលៗ និងរឿងដដែលៗ។ ប៉ុន្តែរឿងទាំងនោះ មិនត្រូវបានអាជ្ញាធរទាំងនោះ យកចិត្តទុកដាក់ និងដោះស្រាយម្តងណាឡើយ។
សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់អ្នកស្រី ស៊ីនី៖
-----------------
រីឯលោក យូន ឌី ជនជាតិភាគតិចកួយ មកបីខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងសហគមរបស់លោក មានការកាប់ទន្ទានដីព្រៃ មិនឈប់ឈរ ពីសំណាក់ពលរដ្ឋ មកពីខាងក្រៅតំបន់ និងគ្មានការទប់ស្កាត់ ឬកិច្ចអន្តរាគម ពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកបន្តថា បើទោះសហគមលោក បានប្តឹងឡើងទៅថ្នាក់ស្រុក ឬខេត្តក៏ដោយ ក៏គ្មានកិច្ចអន្តរាគមដែរ។ លោកបន្ថែមថា ក្រោយការកាប់ទន្ទ្រានបាន មានបុគ្គលម្នាក់មានលុយ និងអំណាច បានឲ្យក្រុមនិស្សិត ធ្វើការវាស់វែងដីនោះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង។ លោក ឌី បានរៀបរាប់ថា៖ «ការកាប់នេះ ចេះតែមានតមក...គេកាប់បានចេះតែនាំគ្នាកាប់យក...ឃើញដីល្អ នាំគ្នាកាប់រាប់មើលហិចតា»។
សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក ឌី៖
-------------------
ចំពោះលោក ក្រូស សុខ មកពីសហគមភូមិលាំមេះ ក្រុងប៊ូស្រ្តា ខេត្តមណ្ឌលគីរីវិញ បានស្នើឲ្យក្រុមអ្នកស្រាវជ្រាវ ពីបញ្ហាសហគម និងសិទ្ធិដីធ្លី ធ្វើយ៉ាងណា រកឲ្យឃើញពី«បញ្ហា» ដែលនាំឲ្យមានផលប៉ះពាល់ ដល់សិទ្ធិដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា បើទោះជាមានការបំលាស់ទី របស់ប្រជាពលរដ្ឋ ដោយអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមហ៊ុនក៏ដោយ តែធ្វើយ៉ាងណា ឲ្យមានការដោះស្រាយមួយ ដែលអាចទទួលយកបាន។
សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក សុខ៖
-----------------
ចំណែកលោក អ៊ី ស៊ីមន មកពីសហគមទំនប់ ពីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានថ្លែងថា ក្នុងសហគមរបស់លោក មិនត្រូវបានសាលារាជធានីភ្នំពេញ កាត់ឈ្មោះ ជាប្លង់កម្មសិទ្ធិឡើយ ដោយយកលេសថា មានទំនាស់ជាមួយនឹងក្រុមហ៊ុន ឬស្ថិតលើតំបន់អភិវឌ្ឍន៍ របស់សាលារាជធានីភ្នំពេញជាដើម។ លោកបានអះអាងថា បើទោះជាសហគមលោក ត្រូវមានការចុះឈ្មោះ ជាលក្ខណៈប្រព័ន្ធក៏ដោយ តែសហគមន៍មួយនេះ មិនត្រូវបានជូនដំណឹងដោយអាជ្ញាធរ ឬសាលារាជធានី ឲ្យចូលរួមឡើយ។ លោកថា ពលរដ្ឋក្នុងសហគមនេះ បានបង្ហាញនូវការភ័យព្រួយ នាពេលខាងមុខនេះ ខ្លាចមានការបណ្តេញចេញ ដោយបង្ខំ។
សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់លោក ស៊ីមន៖
-----------------
អ្នកស្រី ច្រាយ នីម តំណាងពីសហគមថ្មគោល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ទាំងពលរដ្ឋដែលកំពុងតែប្រឈម និងពលរដ្ឋដែលបានរងគ្រោះ មិនត្រូវបានទទួលការអើពើ និងដោះស្រាយឲ្យឡើយ។ អ្នកស្រីបន្តថា ជំងឺដ៏រាំរ៉ៃមួយនេះ បើទោះជាមានការតវ៉ា តាមរយៈការតស៊ូមតិ ឬដាក់ញតិ្ត ទៅតាមស្ថានប័នពាក់ព័ន្ធ របស់រដ្ឋទាំងអស់យ៉ាងណាក៏ដោយ ក៏គ្មានការឆ្លើយតបជាវិជ្ជមាន ឬអវិជ្ជមានឡើយ។ ក្នុងនោះតួយ៉ាង ដូចជាលោក នាយករដ្ឋមន្រ្តី ហ៊ុន សែនជាដើម ដែលហាក់ដូចជាព្រងើយកន្តើយ ចំពោះទុក្ខលំបាករបស់ប្រជារាស្រ្ត បើទោះបីមានការស្រែកយំ ស្វែងរកកិច្ចអន្តរាគម ដើម្បី«យុត្តិធម៌សង្គម»ក៏ដោយ។
សូមស្តាប់ការរៀបរាប់ពីទុក្ខលំបាករបស់អ្នកស្រី នីម៖
------------------------
ដោយឡែក នាយកវេទិការអង្គការមិនមែនរដ្ឋាភិបាល លោក តឹក វណ្ណរ៉ា បានទទួលស្គាល់ថា ស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធនឹងដីធ្លីមួយចំនួន មានភាពយឺតយ៉ាវ ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះ លោកស្នើឲ្យមានលំហូរ ផ្នែកថវិការ បានចូលដល់សហគមជនជាតិភាគតិច ហើយត្រូវធ្វើការគ្រប់គ្រង និងចាត់ចែងឡើងវិញ នូវដីសម្បទានសេដ្ខកិច្ច ដែលបានដកពីក្រុមហ៊ុនមួយចំនួន ដោយធ្វើការកំណត់ និងបែងចែកឲ្យបានច្បាស់លាស់។ លោក បានថ្លែងឲ្យដឹងថា៖ «យើងចង់ឃើញមាន គោលនយោបាយសំណង គោលនយោបាយតាំងទីលំនៅ តម្លៃសំណងសមស្រប មានស្តង់ដាត្រឹមត្រូវ និងគោលនយោបាយជាក់លាក់។ យើងអត់ចង់ឃើញទេ ករណីដោះស្រាយ ករណីទៅតាមតំបន់នីមួយៗ ដែលអាស្រ័យ លើគណៈកម្មការអន្តរក្រសួងនោះ។»
សូមស្តាប់ការបកស្រាយ របស់តំណាងសង្គមស៊ីវិលលោក តឹក វណ្ណរ៉ា៖
---------------
លោក សួន ប៊ុន សាក់ អគ្គលេខាធិការនៃអង្គការច្រាក់ បានលើកឡើងថា កម្ពុជាមានច្បាប់ កម្ពុជាមានបញ្ញត្តិជាច្រើន ទាំងអាជ្ញាធរដែនដី ទាំងរដ្ឋាភិបាល បើអនុវត្តទៅតាមគោលការណ៍ និងបញ្ញត្តិច្បាប់ទាំងនោះ នឹងមិនមានបញ្ហា ឬវិវាទដីធ្លី កើតឡើងឡើយ។ លោកបន្តថា កិច្ចការទាំងឡាយ ត្រូវធ្វើឡើងជាសាធារណៈ និងផ្តល់សិទ្ធិយ៉ាងទូលាយ ទៅដល់ប្រជាពលរដ្ឋនូវសិទ្ធិទទួលបានព័ត៌មាន។ លោកស្នើដល់ឲ្យអាជ្ញាធរ និងរដ្ឋាភិបាល តោងរួមគ្នាអនុវត្តតាមច្បាប់ ដែលមាន។ លោក ប៊ុនសាក់ បានពន្យល់ថា៖ «បញ្ហា (ដីធ្លី)ដែលកើតមានកន្លងមក ក្រុមវាស់ដីជូនប្រជាពលរដ្ឋចេះតែធ្វើ...។ ការធ្វើមិនត្រឹមត្រូវតាមច្បាប់អញ្ចឹងហើយបានជា មានមតិថា ការផ្តល់ដីតាមរយៈអង្គការយុវជន មិនជាមានការគាប់ប្រសើប៉ុន្មានទេ។»
សូមស្តាប់ការបកស្រាយ របស់តំណាងសង្គមស៊ីវិល លោក សួន ប៊ុនសាក់៖
-------------------