សម រង្ស៊ី បង្ហាញវីដេអូនៃ«ការវាយប្រហារតាមបែប"ហ្វាស៊ីស"»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅអមនឹងវីដេអូ ដែលបង្ហោះនៅយប់ម៉ោង ២០ និង៣២នាទី ថ្ងៃទី២ ខែវិច្ឆិកានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គ្រាន់តែសរសេរ ដោយមិនលំអិតអ្វីច្រើន ថា៖ «វីដេអូ បង្ហាញអំពីការវាយប្រហារ តាមបែបហ្វាស៊ីស កាលពីថ្ងៃ ២៦ តុលា ២០១៥ ដោយក្រុមមនុស្សពាលស៊ីឈ្នួល មកលើអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា ក្នុងរាជធានីភ្នំពេញ ជាប់របងរដ្ឋសភា»។
រីឯលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប បានយកវីដេអូនេះ ទៅចែករំលែកបន្ត នៅលើគណនីរបស់លោក ដោយបានសរសេរបន្តថា បាតុករដែលវាយតំណាងរាស្រ្ត មិនស្គាល់អត្តសញ្ញាណឡើយ តែជាក្រុម ដែលចេញពីហ្វូងបាតុករ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងទៀតថា ក្រុមបាតុករ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានោះ បាននាំគ្នាវាយបំបែកកញ្ចក់ឡាន ដោះ «Lock» រួចទាញតំណាងរាស្រ្ត ចេញពីក្នុងឡាន មកវាយយកៗ។
លោក អ៊ុំ សំអាន បានសរសេរបន្តថា៖ «យោងតាម Video Clip នេះ ជនដៃដល់ចេញពីហ្វូងបាតុកម្ម គាំទ្រគណបក្សប្រជាជន ដែលបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ យង់ឃ្នងវាយទាត់ធាក់ មកលើតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិសភា»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំកិច្ចសម្ភាស ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញបញ្ហានៃអំពើហិង្សា និងការស្វែងរកចាប់ខ្លួន ជនដៃដល់ទាំងនោះ បាននៅឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែតាមការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយចំនួន បានឲ្យដឹងថា សមត្ថកិច្ចមានភាពពិបាក ក្នុងការប្រមូលភស្តុតាង តាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងករណីវាយតំណាងរាស្រ្ត មកពីបក្សប្រឆាំង។
តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី មួ សុខហួរ បានចំអក តាមរយៈវីដេអូឃ្លីបបន្ថែមនេះ ទៅកាន់ក្រុមសមត្ថកិច្ចថា៖ «តើភស្តុតាងប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅ? ភស្តុតាងនេះ វីដេអូនេះ គឺដូចទៅនឹងអ្វីដែលលោក ញ៉យ ចំរើន បាននិយាយប្រាប់ អង្គការសិទ្ធិមនុស្សអន្តរជាតិ។»
ក្នុងអំឡុងពេលនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់ដូចជាស្ងប់ស្ងាត់ មិនបានបញ្ចេញមតិអ្វី ក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងក្រុមជនដៃដល់ ដែលបង្កហិង្សាលើតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិនោះឡើយ។ លោកដូចជាបង្ហាញ តែពីទស្សនៈពាក់ព័ន្ធនឹងការដកតំណែង លោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភាប៉ុណ្ណោះ។
ចំណែកលោក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងដូច្នេះថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថា អ្នកណាជាជនល្មើសបានទេ។ យើងកំពុងស្វែងរក មុខជនបង្កបន្តទៀត។»
មន្រ្តីម្នាក់ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា បានលើកឡើងដោយសុំលាក់ឈ្មោះថា សកម្មភាពទាំងនោះ ត្រូវបានធ្វើឡើង ដោយក្រុមបាតុករមួយចំនួន ដែលមកគាំទ្រគណបក្សប្រជាជនកម្ពុជាមែន។ លោកថា ហើយក្រុមនោះបានសម្តែងជា«កំហឹង និងហិង្សាដោយជ្រុលហួស និងមិនអាចត្រឡប់ក្រោយបាន»៕
» សូមទស្សនាវីដេអូដូចខាងក្រោម៖