ការដ្ឋានសង់ប្រព័ន្ធលូថ្មីនៅផ្ដុំផ្សារដើមគ នឹងចាប់ផ្ដើមពីថ្ងៃ១០វិច្ឆិកា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 06, 2015
- ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការដ្ឋានសាងសង់ប្រព័ន្ធលូទឹកមួយ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងត្រូវបើកធ្វើ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះទៅ សម្រាប់រយៈពេល៣ខែ។ នេះបើតាមការអះអាង របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅក្នុងជំនួបមួយ ដែលធ្វើឡើងរវាងពលរដ្ឋ អភិបាលខណ្ឌទួលគោក និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូន។
ក្នុងអង្គប្រជុំ ដែលប្រព្រឹត្តិទៅ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងសាលាសង្កាត់ផ្សារដើមគ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ ដែលមានបណ្ដោយប្រវែង ១០០៥ម៉ែត្រនេះ ជាថវិកាជំនួយថវិកា របស់សាលារាជធានីភ្នំពេញ។
ប្រធានមន្ទីររូបនេះ បានបញ្ជាក់ឲ្យដឹងផងដែរថា ការដ្ឋានសាងសង់មួយនេះ អាចមានរយៈពេលកំណត់ ប្រមាណជា៣ខែ ទើបអាចរួចរាល់។ តែលោកមិនបានចាំថា នឹងត្រូវចំណាយថវិកា អស់ប៉ុន្មាននោះទេ។ លោកបានសំនូមពរ ឲ្យពលរដ្ឋជួយផ្សព្វផ្សាយបន្ត ទៅដល់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារដើមគ ដើម្បីឲ្យមានការចូលរួមសហការ ក្នុងការសាងសង់បណ្ដាញបណ្ដោះទឹក ដែលពោរពេញដោយការទន្ទឹងរងចាំ។
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ប្រព័ន្ធលូខាងលើ នឹងមានទំហំលូ១ម៉ែត្រកន្លះ (អង្កត់ផ្ចិត) ហើយមានប្រវែងបណ្ដោយ សរុប១០០៥ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ។ បើតាមប្រសាសន៍ របស់លោក សាំ ពិសិដ្ឋ ក៏ដូចជាលោក ឯក ឃុនឌឿន បានបញ្ជាក់ដូចគ្នាថា ការសាងសង់ទាំងអស់នេះ ត្រូវការការសហការធំបំផុត ពីអាជីវករក្នុងផ្សារដើមគ។ ជាពិសេស គឺអាជីវករធ្លាប់តែលក់ដូរ នៅលើផ្លូវ៣៣៦ ឲ្យយោគយល់ជួយគ្នា ក្នុងគម្រោងនេះ ឲ្យបានសម្រេចផងដែរ៕