មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​សាលា​​ឧទ្ធរណ៍​តាម​តំបន់ តែ​ត្រូវ​មាន​ឯករាជ្យ​ភាព និង​គុណភាព

បន្ទាប់ពីក្រសួងយុត្តិធម៌ គ្រោងនឹងបង្កើតសាលាឧទ្ធរណ៍ នៅតាមបណ្តាខេត្តនានា នៃប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការប្តឹងផ្តល់របស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ប្រតិកម្មនិងមតិរបស់មន្ត្រីអង្គការសង្គមស៊ីវិល ក៏បានធ្លាក់ចុះមកជាបន្តបន្ទាប់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 13, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​បញ្ចប់​ជំនួប រវាង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ជា​មួយ​នឹង​គណៈកម្មការ ទី៦​នៃ​រដ្ឋសភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ អ្នក​នំា​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រសួង​យុត្តិធ៌ម​នឹង​បង្កើត ឲ្យ​មាន​សាលា​ឧទ្ធរណ៍ នៅ​តាម​បណ្តា​​ខេត្ត-ក្រុង​ចំនួន​ប្រាំពីរ។ លោក​បន្ត​ថា ជា​ជំហាន​ទី​មួយ ត្រូវ​ធ្វើការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ខេត្ត​ចំនួន​បី ជា​មុន​សិន ដែល​ខេត្ត​ទាំង​នោះ​រួម​មាន ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​បាត់ដំបង ខេត្ត​ព្រះសីហនុ និង​បន្ត​បន្ទាប់ រៀបចំ​ឲ្យ​មាន​ក្នុង​ខេត្ត​ចំនួន​បួន​ផ្សេង​ទៀត។

ការលើកឡើងខាងលើ ពាក់ព័ន្ធនិងការបង្កើត ឲ្យមានសាលាឧទ្ធរណ៍តាមខេត្តនោះ ត្រូវបានលោក នី ចរិយា ប្រធានផ្នែកអង្គេតនៃសមាគការពារសិទ្ធិមនុស្ស អាដហុក ទទួលស្វាគមន៍។ លោកទទួលស្គាល់ថា នេះជា​កិច្ចការមួយផ្នែក ឬលទ្ធភាពក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានការពិបាកឡើង មកកាន់​សាលា​ឧទ្ធរណ៍នៅភ្នំពេញជាដើម។ លោក នី ចរិយា បានលើកឡើងថា អ្វីដែលចាំបាច់ និងចំពោះមុខ សម្រាប់​សង្គម​ស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ និងសម្រាប់បរិបទរបស់ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន គឺ ប្រសិទ្ធិភាពនៃ​ការ​រក​យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ។

អ្នក​នំា​ពាក្យ​ក្រសួង​យុត្តិធម៌ បានបង្ហាញទៀត ពីគម្រោងនៃការបង្កើតឱ្យមានសាលាឧទ្ធរណ៍ ប្រចាំខេត្ត​នីមួយៗ ដូច្នេះថា ដើម្បីភាពងាយ​ស្រួលរបស់ប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្ត ក្នុងការដាក់ពាក្យបណ្តឹង និងសម្រាប់ សវនាការផ្ទាល់នៃ​សាលាឧទ្ធរណ៍ក្នុងតំបន់នោះតែម្តង។ លោកបានអះអាងថា ដោយសារតែ​កម្ពុជាបច្ចុប្បន្ននេះ មានតែសាលា​ឧទ្ធរណ៍តែមួយ ជាមូលហេតុធ្វើឲ្យមានកាដោះស្រាយរឿងក្តី អាចមាន​ការ​កកស្ទះ ប្រើរយៈពេលយូរ និងមាន​ការលំបាកសម្រាប់ប្រជាពលរដ្ឋជាដើម។ លោក ម៉ាលីន បានថ្លែងឲ្យ​ដឹង​ថា៖ «សាលាឧទ្ធរណ៍តាម​គម្រោង​មាន​ប្រាំពីរ តែក្នុងពេលឆាប់ៗខាងមុនបង្កើតចំនួនបួនសិន។ (…) ជាការ​សម្រួល​ដល់ការកកស្ទះសំណុំរឿងក្តី។»

យ៉ាងណាក៏ដោយ ក៏មន្រ្តីសង្គមស៊ីវិល លោក នី ចរិយា បានសម្ដែងនូវការព្រួយបារម្ភថា តុលាការកម្ពុជា​នៅ​មិនទាន់​មាន​ភាពឯករាជ្យ និងតុលាការស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ បើយោងតាមច្បាប់​ទាំង​បីរួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់​ស្តី​ពី​ការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ មន្រ្តីសិទ្ធិមនុស្សរូបនេះ បានស្នើទៀតថា បើ​មាន​ការបង្កើត​សាលាឧទ្ធរណ៍នៅតាមតំបន់ វាជារឿងចាំបាច់ណាស់ ដែលត្រូវពង្រឹងឯករាជ្យភាព របស់​តុលាការ​ជាមុនសិន ជាពិសេសការសើរើ ធ្វើវិសោធនកម្មលើច្បាប់ទាំងបីខាងលើ។

លោក នី ចរិយា បានបន្ថែមថា៖ «សំខាន់ គឺឯករាជ្យភាពរបស់តុលាការ។ បើតុលាការឯករាជ្យហើយ នោះ​សាលា​ដំបូងខេត្តនឹងជួយកាត់បន្ថយរឿងក្តីច្រើនណាស់ មិនចាំបាច់ឡើងដល់សាលាឧទ្ធរណ៍នោះទេ។ ចំណុច​សំខាន់របស់តុលាការ ដែលប្រជាពលរដ្ឋចង់បាននោះ ជាគុណភាព និងឯករាជ្យភាពរបស់​តុលាការ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...