អាវុធ​ហត្ថ​បង្កើត​គណៈកម្មការ អង្កេត​ករណី​«ជញ្ជីង​ថ្លឺង» និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

បន្ទាប់ពីហេតុការណ៍ «ផ្ទុះអាវុធ» និងការ«ប្រើហិង្សា» មកលើប្រជាពលរដ្ឋដឹកស្រូវ ពីសំណាក់មន្រ្តីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ទើទូទាំងប្រទេសនោះ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក សៅ សុខា បានដាក់ចេញនូវបទបញ្ជា ចុះធ្វើអធិការកិច្ច ចំពោះករណីនេះជាបន្ទាន់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៣ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 23, 2015
  • ប្រធានបទ: អំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក សៅ សុខា បានបង្កើតនូវ «គណៈកម្មការចំពោះកិច្ច» កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៥ម្សិលម៉ិញនេះ ដើម្បីធ្វើ«អធិការកិច្ច» នូវបាតុភាព ដែលបានឡើង ក្នុងពេលបំពេញភារកិច្ច របស់​នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥​នេះ។ នេះបើតាមការបង្ហោះផ្សាយ នៃសេចក្ដីសម្រេចនេះ នៅលើគណនីហ្វេសប៊ុក របស់អ្នកនាំពាក្យ នៃកងរាជអាវុធ​ហត្ថ លើផ្ទៃប្រទេស លោក ខេង ទីតូ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ ។

ការបង្កើតឲ្យមាន«គណៈកម្មការចំពោះកិច្ច» នៃបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនេះ បានធ្វើឡើង បន្ទាប់ពី​មាន​ករណីដោយហិង្សា និងការផ្ទុះអាវុធមួយ មកលើប្រជាពលរដ្ឋដឹកស្រូវ ពីសំណាក់មន្រ្តី កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុច គីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយ ផ្លូវជាតិលេខ១១ ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ វេលាម៉ោង ៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។ ការផ្ទុះអាវុធ និងប្រើហិង្សាយ៉ាងធ្ងន់នេះ ព្រោះតែរថយន្តដឹកស្រូវ បានបើកគេច ជញ្ជីង «ថ្លឹង»រថយន្ដ នៅចំណុចខាងលើ។ ភ្លាមៗនោះ ទាំងរថយន្ត និងមនុស្ស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំនៅក្នុងជម្រកមុសនា អធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ។

តាមការបញ្ជាក់បន្ថែម របស់លោក ខេង ទីតូ អ្នកនាំពាក្យ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយសារព័ត៌មាន​ក្នុង​ស្រុកមួយ លោកបានទទួលស្គាល់ថា «ការដេញបាញ់ប្រហារ ដ៏សាហាវ ទៅលើប្រជាពលរដ្ឋស្លូតត្រង់ និងការធ្វើ​ទារុណកម្ម​យ៉ាងដំណំ» បង្កឡើងដោយការលួចដាក់ទីតាំង ថ្លឹងជញ្ជីង ចល័តខុសច្បាប់ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។ លោក​បន្តថា ហេតុការណ៍នេះ អាចស្ថិតនៅក្រោមការបញ្ជា នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តត្បូងឃ្មុំ របស់លោក វ៉ា សារិទ្ធ ជាមេបញ្ជាការអាវុធហត្ថខេត្ត។

កន្លងមកថ្មីៗនេះ លោក សៅ សុខា ធ្លាប់បានព្រមាន ដល់មន្រ្តីក្រោមឱវាទទាំងអស់ថា ត្រូវមានវិធានការខ្ពស់ ការពារ​សន្តិសុខ ជូនប្រជាពលរដ្ឋតាមគោលនយោបាយ ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំងប្រាំបួនចំណុច។ លោកបានថ្លែង​ឡើង​ថា៖ «កងរាជងាអាវុធហត្ថក្រុង និងខណ្ឌ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចូលរួម ការពារសន្តិសុខជូនប្រជាពលរដ្ឋ។ (…) កង​កម្លាំងទាំងអស់ ត្រូវតែមានសមត្ថភាពគ្រប់ៗគ្នា ក្នុងការចុះបង្ក្រាបបទល្មើស។ ត្រូវគោរពវិន័យរបស់កងកម្លាំង ហើយ​ចៀសវាង កុំឲ្យមានពាក្យចចាមអារ៉ាមថា "កងអាវុធហត្ថមានលុយ ទើបចុះបង្ក្រាបបទល្មើស"។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ បានទេ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តាមប្រភពដែលស្និត នឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំនេះ បាន​លើកឡើងថា កម្លាំងរាជអាវុធហត្ថខេត្តត្បូងឃុំ ពិតជាមានវត្តមាន នៅជាមួយនឹងមន្រ្តី«ថ្លឹងជញ្ជីង» ត្រង់​គីឡូម៉ែត្រ​លេខ​៨៩ ស្រុកអូរាំងឪមែន។ ប្រភពនោះបន្តថា ប្រជាពលរដ្ឋ និងក្រុមអាជីវករទាំងអស់ មិនមាននណាម្នាក់ ពេញចិត្ត​និងក្រុម​ការងា របស់មន្រ្តីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំនេះឡើយ ព្រោះពូកែខាង«គាប»ប្រជាពលរដ្ឋ រកស៊ីតូចតាចតាមដងផ្លូវ​ណាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...