មន្ត្រីសង្គមស៊ីវិល និងមេធាវី ថាជនជាប់ចោទ២៣នាក់ បាត់បង់យុត្តិធម៌
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីអង្គការសង្គមស៊ីវិល និងក្រុមមេធាវីការពារក្ដីឲ្យជនទាំង២៣នាក់ បានថ្លែងរិះគន់ពីភាពមិនប្រក្រតីជាច្រើន ថាបានកើតឡើង នៅក្នុងសវនាកានៃការសាកសួរ របស់ជនជាប់ចោទទាំង២៣នាក់ ដែលធ្វើឱ្យជនជាប់ចោទទាំងនោះ បាត់បង់នូវភាពយុត្តិធម៌ ពីសំណាក់ការកាត់សេចក្តីរបស់ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធយុត្តិធម៌ - ក្រោយពីបញ្ចប់សវនាកា នៃការសាកសួរជនជាប់ចោទទាំ២៣នាក់ ដែលនឹងប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ មន្រ្តីសង្គមស៊ីវិល ព្រមទាំងក្រុមមេធាវីការពារក្តី ឱ្យជនជាប់ចោទបានកត់សម្គាល់ថា ភាពយុត្តិធម៌ របស់អ្នកទាំង២៣នាក់ ត្រូវបានបាត់បង់ដោយសារតែចៅក្រម មានភាពលំអៀងទៅលើដើមបណ្តឹង ក៏ដូចជាខាងសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាល។
លោក សំ សុគង់ ជាមេធវីការពារជនជាប់ចោទ បានអះអាងពីភាពមិនប្រក្រតីនេះថា ដោយសារពេលវេលា នៃការសួរដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីដាក់បន្ទុកមិនមានពេលគ្រប់គ្រាន់ ម្យ៉ាងសាក្សីទាំងអស់នោះ មិនមានវត្តមាននៅពេលសវនាកា។ លោកបន្តថា បើទោះបីជាក្រុមមេធាវីបានព្យាយាមសុំឱ្យមានការពន្យា ដើម្បីធ្វើយ៉ាងណា ហៅជនទាំងអស់មកសួរដេញក៏ដោយ ប៉ុន្តែចៅក្រមនៅតែមិនអនុញ្ញាត។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលវនាការទាំង៥លើកមកនេះ បានថ្លែងថា អ្វីដែលលោកបានអង្កេត កត់សម្គាល់ឃើញថាមានភាពចន្លោះប្រហោងនៃសិទ្ធខ្លះ ដែលជាភាពយុត្តិធម៌សម្រាប់ជនជាប់ចោទ ដូចជាអវត្តមានរបស់ដើមបណ្តឹង និងសាក្សីដែលមានភាពសំខាន់ ក្នុងការជជែកដេញដោលនៅក្នុងអង្គសវនាកា ដើម្បីផ្តល់យុត្តិធម៌ទៅដល់ជនរងគ្រោះ ក៏ដូចជាជនជាប់ចោទ។
លោកនិយាយថា៖ «នៅក្នុងគោលការណ៍ច្បាប់និងភាពយុត្តិធម៌ កាលណាយើងថ្លោះ ឬចន្លោះប្រហោងនៃអវត្តមាន វាធ្វើឱ្យបាត់នៃភាពយុត្តិធម៌មួយចំនួន សម្រាប់ទាំងជនរងគ្រោះ ទាំងដើមបណ្តឹងក៏ដូចជាជនដែលជាប់ចោទហ្នឹង»។
តើអ្នកទាំង២៣អាចនឹងត្រូវដោះលែងឬយ៉ាងណា?
លោកមេធាវី សំ សុគង់ បានលើកឡើង បើពិនិត្យទៅលើឯកសារភស្តុតាងជារូបភាព និងវីដេអូផ្សេងៗនោះ កូនក្តីរបស់លោកទាំងអស់សុទ្ធតែជាជនរងគ្រោះ។ ដោយលោកសង្កត់ធ្ងន់ថា៖ «ដោយមូលហេតុថាគាត់មិនបានចូលរួមក្នុងការប្រព្រឹត្ត អញ្ចឹងក្រុមមេធាវីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ លើការសម្រេចមួយដោយឯករាជ្យ និងមិនមានការភ័យខ្លាច»។
សម្រាប់លោក អំ សំអាត បានថ្លែងយ៉ាងដូច្នេះដែរថា៖«ទោះជាយ៉ាងណា ក្នុងការជជែកដេញដោលរយៈពេល៥ថ្ងៃកន្លងមក នៅក្នុងអង្គសវនាកាមិនមានភស្តុតាងណា ដែលបញ្ជាក់ថាជនជាប់ទាំងអស់ហ្នឹងបានប្រព្រឹត្តដូចការចោទប្រកាន់ទេ អញ្ចឹងយើងសង្ឃឹមថាអ្នកទាំង២៣នាក់ នឹងរួចផុតពីការចោទប្រកាន់នេះ»។
លោក ឡៅ ម៉ុងហៃអ្នកវិភាគសង្គម និងនយោបាយករាជ្យ កាលពីថ្ងៃទី២០ ខែឧសភា ធ្លាប់លើកឡើងដែរថា កន្លងមកឃើញស្រ្តីបឹងកក់ទាំង១៣នាក់ លោកម៉ម សូណង់ដូ រួមទាំងអ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានជាប់ពន្ធនាគារដោយភាពអយុត្តិធម៌ទីបំផុត គឺត្រូវបានដោះលែងដោយសារការតវ៉ាពីប្រជាពលរដ្ឋ ហើយអ្នកទាំង២៣ នេះក៏នឹងត្រូវដោះលែងដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្ស២២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវ៉េងស្រេង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅពេលកម្មករទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារក្នុងមួយខែ។ ជនទាំង២៣នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបង្កឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស៕