មន្ត្រី​​សិទ្ធិ​​មនុស្ស៖ មិន​​ត្រូវ​បាញ់​បោះ​និង​វាយ​តប់ បើឃាត់​​ឡាន​​មិន​​ឈប់​

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានហៅទង្វើរបស់មន្ត្រី នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បន្ទាប់ពីមន្ត្រីសមត្ថកិច្ចទាំងនោះ បានចាប់ខ្លួន និងវាយធ្វើទារុណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ លើយុវជនម្នាក់ ព្រោះតែយុវជន មិនបានឈប់ឡាន (ដឹកស្រូវ) តាមការឃាត់របស់មន្ត្រីទាំងនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២១ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 23, 2015
  • ប្រធានបទ: អំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កំហុសដែលគាត់ មិនឈប់ឲ្យសមត្ថកិច្ចឆែក ជារឿងមួយផ្សេង។ តែសមត្ថកិច្ច ក៏គ្មានសិទ្ធិណា ទៅចាប់ហើយវាយគេ និងបាញ់នោះដែរ។ រឿងនេះ ក៏មិនទាន់ដល់ថ្នាក់ប្រើកាំភ្លើង ព្រោះសមត្ថកិច្ចមានគ្រប់កន្លែង គេអាចទំនាក់ទំនង​សមត្ថ​កិច្ច នៅកន្លែងបន្ទាប់ ស្ទាក់រថយននោះបាន ដោយមិនចាំបាច់ ប្រើហិង្សាយ៉ាងដូច្នេះ។» នេះជាការលើកឡើង របស់​លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឈន៍នៅកម្ពុជា (អាដហុក) ថ្លែង​ប្រតិកម្ម​ទៅនឹងករណី ដែលមន្រ្តីសមត្ថកិច្ច ឬកងរាជអាវុធហត្ថ ប្រើប្រាស់នូវអំពើហិង្សា លើជនស៊ីវិលសមញ្ញ បើគ្រាន់​តែ​ជន​ទាំង​នោះ មិនបានឈប់ឡាន ឲ្យមន្ត្រីសមត្ថកិច្ចទាំងនោះ ធ្វើការឆេកឆេរ។

ការវាយធ្វើទារុណកម្ម លើបុរសបើកឡានដឹកស្រូវ ពីសំណាក់កងរាជអាវុធហត្ថនេះ ត្រូវបានលោក ផែង វណ្ណៈ ដែលគេ​ស្គាល់ថា ជាតារាហ្វេសប៊ូកដ៏ល្បីម្នាក់ ស្និតនឹងគណបក្សកាន់អំណាច បានចុះផ្សាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ ហេតុការណ៍ ដែលគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង បន្ទាប់ពីរថយន្ដដឹកស្រូវ មួយគ្រឿង បានបើកគេច​កន្លែង​«ថ្លឹង»​រថយន្ដ តាមបណ្ដោយ ផ្លូវជាតិលេខ១១ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨៩ ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ វេលាម៉ោង ៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ។ ការបាញ់ប្រហារ ឃាត់រថយន្ដ របស់កងរាជអាវុធហត្ថទាំងនោះ មិនបណ្តាល​ឲ្យមាន​អ្នក​រងរបួសទេ គ្រាន់តែធ្លុះកញ្ចក់ និងជើងក្រោមរថយន្ត។ យុវជនអ្នកបើក និងរថយន្ត ត្រូវបានឃាត់ទុក នៅអធិការ​ដ្ឋាន​នគរបាល ស្រុកស្វាយអន្ទរ។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២១ ខែមីនានេះ លោក ចរិយា បានហៅករណីមិនឈប់​រថយន្ត ដើម្បីឲ្យក្រុមមន្ត្រី ធ្វើការត្រួតពិនិត្យនោះ ថាជាការអស់ជំនឿ របស់ប្រជាពលរដ្ឋ ទៅលើសមត្ថកិច្ចទាំងនោះ។ លោក​បញ្ជាក់ថា៖ «មិនដឹងឃាត់គេ ក្នុងន័យអ្វី ជំរិតគេយកលុយយ៉ាងម៉េចៗ? ចឹងធ្វើឲ្យប្រជាជន មិនសហការទៅ។»

លោក ផែង វណ្ណៈ ដែលជានាយរងការិយាល័យបណ្ដុះបណ្ដាល និងវិក្រឹតការនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានសរសេរចំអកឲ្យថា «មហាជោគជ័យនេះ គឺមន្ត្រីកងរាជអាវុធហត្ថ បានបាញ់រថយន្តដឹកស្រូវ និងចាប់អ្នកបើកបរ ជាន់​ក ដាក់ខ្នោះដៃ ខ្នោះជើង វាយតប់តាមចិត្តខឹង។ ដើម្បីជាការលើកទឹកចិត្ត សូមថ្នាក់លើកងរាជអាវុធហត្ថ មេត្តា​បំពាក់​មេដាយមាស ជូនសមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបង្ក្រាបឡានដឹកស្រូវនេះផង។»

ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ង៉ែត ហួត បានបញ្ជាក់ប្រាប់ទស្សនាវដ្តីថា មិនថាតែកងរាជអាវុធហត្ថទេ ស្ទើរគ្រប់​បុគ្គល​នៃ​សមត្ថកិច្ច កាលពីគ្រប់គ្រងដោយខេត្តកំពង់ចាមទាំងមូល (មិនទាន់កាត់ចេញជាខេត្តត្បូងឃ្មុំ) តែងតែចាំស្ទាក់ឡាន និង​ជំរិតទារលុយ យ៉ាងក្រាស់ក្រែល។ លោក ហួត បាននិយាយថា៖ «មិនថាតែឡាននោះដឹកអ្វីទេ ឲ្យតែជួបត្រូវកាក់ និងទារ​លុយមិនចេះតិច។ ដល់គេមិនឲ្យ ឃាត់ឡានគេទុក រហូតខាត់បង់បន្លែ ឬទំនិញក្នុងឡានស្ទើរអស់។ ហើយបើមិន​ឲ្យ​លុយ​ទេ កុំសង្ឃឹមថា អាចយកឡាននោះចេញបាន។ (...) គេ(សមត្ថកិច្ច)មានហេតុផលច្រើនណាស់ បើចង់ឃាត់ឡាន​ណា​មួយ​នោះ។ (...) តែបើឡានដឹកឈើវិញ មិនដែលឃើញសមត្ថកិច្ចណា ចាប់បាន ឬឃាត់ទុកបានមួយយប់ឡើយ។»

រីឯអ្នកលេងបណ្តាញសង្គមវិញ ក៏បានជួយរិះគន់បន្ថែម យ៉ាងចាស់ដៃដែរ។ អ្នកខ្លះ បានលើកឡើងថា៖ «មានអំណាច​នៅក្នុងដៃ ធ្វើអ្វីត្រូវទាំងអស់ (អគតិ)។ (…) ល្អណាស់បង្ក្រាបបានតែឡានដឹកស្រូវ ឡានដឹកឈើទាំងកុងទីនរ័ បង្ក្រាបមិន​បាន។»។ អ្នកខ្លះទៀត បានលើកជាពាក្យស្លោក ធ្វើការប្រៀបធៀបថា៖ «ឆ្មាលួចត្រីអាំង ម្ចាស់ត្រីវាយសុទ្ធតែអង្កត់អុស។ តែដល់ខ្លាចាប់គោស៊ីវិញ ម្ចាស់គោរត់ពួន យកតែអាយ៉ូស។»។

លោក នី ចរិយា បានលើកឡើងបន្តថា ជនរងគ្រោះមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដាក់ពាក្យបណ្តឹង ប្តឹងពីការធ្វើទុក្ខ ការធ្វើ​ទារុណកម្ម នៃក្រុមកងរាជអាវុធហត្ថនោះ ទៅកាន់តុលាការ។

មិនអាចទាក់ទង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃខេត្តត្បូងឃ្មុំ ដើម្បីសុំការស្រាយបំភ្លឺ ពីករណីខាងលើ បាននៅឡើយ នៅពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...