អាមេរិក៖ នគរបាលបាញ់ជនស៊ីវិលគ្មានអាវុធ ៨គ្រាប់ពីក្រោយខ្នង (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 08, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពវីដេអូ ដែលបានថតដោយ អ្នកដំណើរម្នាក់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក យកមកផ្សាយជាបន្តបន្ទាប់ បង្កការក្ដៅក្រហាយ កាន់តែខ្លាំងឡើង ទាក់ទងនឹងរឿងអាស្រូវ នៃភ្នាក់ងារនគរបាលស្បែកស របស់រដ្ឋការ៉ូលីន ខាងត្បូង លោក ម៉ៃឃើល ស្លេជឺ (Michael Slager) ដែលបានធ្វើការបាញ់ប្រហារ ទៅលើជនរងគ្រោះ វលធើរ ស្កុត (Walter Scott) ដែលជាជនជាតិអាមេរិកស្បែកខ្មៅ អាយុ៥០ឆ្នាំ។
បើតាមចៅហ្វាយក្រុង ឆាលេស្ដុន (Charleston) លោក គេត សាមម៉ី (Keith Summey) បានឲ្យដឹងថា វីដេអូនេះ បានដើរតួរយ៉ាងសំខាន់ ក្នុងការចោទប្រកាន់ ទៅលើភ្នាក់ងារនគរបាល រូបនោះ។ លោកចៅហ្វាយក្រុង បានថ្លែងឡើងថា៖ «នៅពេលអ្នកឯងប្រព្រឹត្តិកំហុស អ្នកត្រូវតែខុស»។
នៅពេលហៅកម្លាំងជំនួយមកបន្ថែម លោក ម៉ៃឃើល ស្លេជឺ បានអះអាងថា ជនរងគ្រោះ បានដណ្ដើមកាំភ្លើងឆក់ របស់ខ្លួន។ ប៉ុន្តែនៅក្នុងវីដេអូ បន្ទាប់ពីការប្រតាយប្រតប់គ្នា បានបញ្ចប់ គេឃើញវត្ថុមួយបានជ្រុះនៅនឹងដី ដែលទំនងជាកាំភ្លើងឆក់ ហើយក្នុងពេលនោះ ជនរងគ្រោះ បានរត់ចេញទៅ។ ភ្លាមៗក្រោយមក ភ្នាក់ងារនគរបាលបានដក កាំភ្លើងមែនទែនរបស់ខ្លួន ហើយបាញ់ចំនួន៨គ្រាប់ ទៅលើជនរងគ្រោះ ចំពីក្រោយខ្នង បើសូម្បីតែជនរងគ្រោះ មិនបានតដៃអ្វីសោះ។
បន្ទាប់ពីជនរងគ្រោះ បានដួលនឹងដីរួច លោក ម៉ៃឃើល ស្លេជឺ បានរត់ទៅតាម ដើម្បីដាក់ខ្នោះ។ ប៉ុន្តែភ្នាក់ងារនគរបាល ទំនងជាបានភ្លេចរឿងមួយ គឺជនរងគ្រោះគ្មានកាំភ្លើងឆក់ នៅនឹងខ្លួន ដូចដែលភ្នាក់ងាររូបនេះ បានរាយការណ៍មុនណ្នឹង ថាលោក វ័លធើរ ស្កុត បានដណ្ដើេមវាពីនគរបាល។ ដូច្នេះហើយ ទើបមួយសន្ទុះក្រោយ លោក ម៉ៃឃើល បានត្រឡប់មកវិញ ហើយដូចជាយកអ្វីមួយ មកទម្លាក់នៅក្បែរជនរងគ្រោះវិញ ដែលបើតាមអ្នកជំនាញនិយាយថា ជាកាំភ្លើងឆក់នោះឯង។
នៅក្នុងដីកាឃាត់ខ្លួនភ្នាក់ងារនគរបាល បានសរសរថា លោក ស្លាជឺរ បានសម្លាប់ជនរងគ្រោះ «ដោយខុសច្បាប់ និងប្រកបដោយឈាមត្រជាក់»។
ហេតុការណ៍នេះ អាចនឹងធ្វើឲ្យភាពតានតឹង កើតឡើងជាថ្មីទៀត នៅសហរដ្ឋអាមេរិក បន្ទាប់ពីសំណុំរឿងជាច្រើន បានផ្ទុះជាបន្តបន្ទាប់ រវាងនគរបាលស្បែកស និងជនជាតិអាមេរិកាំងស្បែកខ្មៅ ជាពិសេសហេតុការណ៍ នៅក្រុង ហ្វឺកឺសិន (Ferguson) នៃរដ្ឋ មីស៊ូរី (Missouri) កាលពីខែសីហា ឆ្នាំទៅម៉ិញ៕