យ៉ោម បុប្ផា៖ នាយករដ្ឋមន្ត្រីថាជារឿងព្រហ្មទណ្ឌ តែអ្នកវិភាគថាជាលេសក្នុងការចាប់ខ្លួន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានចាត់ទុកថាការចាប់ខ្លួន ស្ត្រីបឹងកក់ម្នាក់ ដាក់ពន្ធនាគារជារឿង«ព្រហ្មទណ្ឌ» មិនមែនរឿង«ដីធ្លី»ទេ។ តែសង្គមស៊ីវិល អ្នកវិភាគ ដែលបានដាមដានករណីនេះ ក៏ដូចជាអ្នកបឹងកក់ ផ្ទាល់បានលើកឡើងថា ការចាប់ខ្លួននេះមិនមែនជារឿងព្រហ្មទណ្ឌទេ ជាករណីការពារសិទ្ធិលំនៅដ្ឋានរបស់ពួកគាត់។
បំពង់បូមដីខ្សាច់យកមកចាក់ក្នុងបឹងកក់ តែលប់ទាំងផ្ទះពលរដ្ឋនៅទីនោះ។
នាយករដ្ឋមន្ត្រីលោកហ៊ុន សែន បានបញ្ជាក់ថា «ប៉ិនសំណុំរឿងខ្លះ វាទៅជាសំណុំរឿងអយុត្តិធម៌ មកចំពោះរដ្ឋាភិបាល ស្រីបឹងកក់ម្នាក់នេះ វ៉ៃគេសោះហ្នឹង ត្រូវបានគេដាក់ថា សកម្មជនដីធ្លីនៅបឹងកក់។ (...) វ៉ៃគេជាប់ទោសព្រហ្មទណ្ឌ វាក្លាយទៅជាសកម្មជនដីធ្លី វាទៅជាអញ្ចេះទៅរួច។» នេះជាការថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង ឯវិមានសន្តិភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។
លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ(Licadho) បាននិយាយថា ការចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា ពិតជាកើតចេញពី«ជម្លោះដីធ្លី» មិនមានពាក់ពន្ធ័និងរឿង«ព្រហ្មទណ្ឌ»នោះទេ។ ទាំងសាក្សី ទាំងជនរងគ្រោះ បានឃើញអ្នកស្រី នៅក្រោយពេលកើតហេតុប៉ុណ្ណោះ។ លោកសន្និដ្ឋានថា«កុំតែអ្នកស្រីយ៉ោម បុប្ផា ជាសកម្មជនតំណាងអ្នកបឹងកក់ ការពារដីធ្លី និងផ្ទះសម្បែង កន្លងមកយ៉ាងសកម្មនោះ ប្រហែលជាអ្នកស្រី យ៉ោម បុប្ផា មិនមានវាសនាដូចថ្ងៃនេះទេ(...)។ គេបានភ្ជាប់ព្រឹត្តិការណ៍នេះ ដើម្បីជាលេសក្នុងការចាប់ខ្លួន។»
ឯ លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក៏យល់ដូចគ្នានេះដែរ។ លោកថា តុលាការភាគច្រើន មិនត្រឹមតែមិនជួយដោះស្រាយនោះទេ ហើយថែមទាំងបង្កើតជាបញ្ហាទៀត។ «កាលណាធ្វើអ្វីក៏ដោយ ដោះស្រាយបញ្ហាមួយមិនបានយុត្តិធម៌ ស្រាប់តែបង្កើតអយុត្តិធម៌ ហើយអាចបង្កើតបញ្ហាអ្វីផ្សែងៗទៀត។ (...) មានធាតុពាក់ពន្ធ័នឹងទំនាស់ដីធ្លី នៅតំបន់ហ្នឹង អ្នកហ្នឹងជាអ្នកភូមិ ធ្លាប់បានធ្វើការតវ៉ាអីផ្សេងៗ ភ្ជាប់ធាតុទំនាស់ហ្នឹង ទៅនឹងករណីរឿងដែលគេប្តឹងផ្តល់ ចាប់ខ្លួនគេ ឃុំឃាំងគេ ដាក់ទណ្ឌកម្ម ចាប់ដាក់គុកដើម្បីបង្ក្រាប។»
ក្នុងរឿងនេះអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់បញ្ជាក់ប្រាប់មនោរម្យព័ងអាំងហ្វូ កាលពីកន្លងមកថា រឿងតុលាការជាសិទ្ធិតុលាការ។ «កម្ពុជាជានីតិរដ្ឋ បើភាគីណាមិនសុខចិត្ត អាចប្តឹងទៅតុលាការបាន រាជរដ្ឋាភិបាលមិនមែនជាអ្នកកាត់ក្តីទេ។ ស្រែកទាមទាតាមផ្លូវ មានដំណោះស្រាយពីណាមក ធ្វើតាមតុលាការទៅ។ បើចៅក្រមមិនផ្តល់យុត្តិធម៌ទេ ឡើងទៅឧទ្ធណ៍ ឡើងទៅកំពូល ប្តឹងពីចៅក្រមនេះទៅ។»
អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋាភិបាលបានចេញជា«គោលការណ៍» សំរាប់ការដោះស្រាយ ជូនជនរងគ្រោះរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលមិនមានកាតព្វកិច្ចបន្តទេ។
មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីអ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានទេថ្ងៃនេះ ដោយអ្នកស្រីជាប់បេសកម្មទៅក្រៅប្រទេស។ តែពេលថ្មីៗនេះនៅមុខសាលាឧទ្ធណ៍ ក្រុមអ្នកបឹងកក់ ក៏ដូចជាសអ្នកស្រីផ្ទាល់បានប្រកាសថា ការចាប់ខ្លួននេះ មានការពាក់ពន្ធ័ជាមួយនិងការការពារនូវសិទ្ធិដីធ្លី ជាការសម្រេចដោយអយុត្តិធម៌។ តំណាងរូបនេះបន្តថា «ការតស៊ូដោយអហិង្សា និងការទាមទាររបស់ពួកគាត់ ប្រឆាំងចំពោះការបណ្តេញចេញនេះ នឹងបានឭដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»។
តែទោះជាយ៉ាងនេះក្តី តុលាការបានចាត់ទុកថា ការចាប់ខ្លួននេះមិនមានពាក់ពន្ធ័និងដីធ្លីទេ។ តុលាការធ្វើតាមច្បាប់ ធ្វើការស្រាវជ្រាវ និងអង្កេតតាមពាក្យបណ្តឹងដែលគេប្តឹងចោទប្រកាន់ពីបទព្រហ្មទណ្ឌប៉ុណ្ណោះ។
មជ្ឈដ្ឋានទូទៅបានលើកឡើងថា បញ្ហាដីធ្លី និងការរំលោភសិទ្ធិមនុស្ស កំពុងតែបន្តនៅជា«បញ្ហាប្រឈម» នៅឡើយរហូតមកដល់ឆ្នាំ២០១៣នេះ។ ជាពិសេសបញ្ហាដីធ្លីដ៏រាំរ៉ៃមួយចំនួន ទាំងក្នុងក្រុង និងនៅតាមបណ្តាខេត្តនានា ចេះតែអូសបន្លាយ។ ឯការតវ៉ាពីសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចេះតែកើតមានជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះដំណោះស្រាយវិញមិនសូវមានជាលទ្ធិផលទេ តែអ្វីដែលជាលទ្ធផលគួរកត់សម្គាល់នោះ បែរជាការចាប់ខ្លួន ការឃុំខ្លួន លើប្រជាពលរដ្ឋ ដែលតស៊ូទាមទាសិទ្ធិសេរីភាពរបស់ពួកគេទៅវិញ។
សូមរម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទបង្កហិង្សាដោយចេតនា លើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ កាលចុងឆ្នាំ២០១២។ តុលាករផ្តន្ទាទោសអ្នកស្រីដាក់ពន្ធានាគារបីឆ្នាំ និងពិន័យជាប្រាក់សរុបហិកសិបលានរៀល៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ